កម្ពុជាមានសហគមន៍កសិកម្មចំនួនជាង១២០០ជាមួយទុនវិនិយោគជាង២៥០០លានដុល្លារអាមេរិក

ដោយៈ សុធារី

ភ្នំពេញៈ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន១ ២១៧ ដែលបាននិងកំពុងដើរតួនាទី ផលិតបន្លែសុវត្ថិភាព បន្លែសរីរាង្គ ផ្លែឈើ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក តាមរយ:ការអនុវត្ត តាមបច្ចេកទេសកសិកម្មទំនើប ដោយប្រើប្រាស់ផ្ទះសំណា​ញ់ និង Hydroponic។ នេះបើតាមការលើកឡើងរបស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។


ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងខ្សែច្រវាក់ផលិតកម្មនៅព្រឹកថ្ងៃទី៣០ធ្នូកន្លងមកនេះ លោក វេងសាខុន បានមានប្រសាសន៍ថា គិតត្រឹមខែធ្នូ ឆ្នាំ ២០២១ កម្ពុជាមានសហគមន៍កសិកម្មចំនួន១២១៧ និងសមាជិកសរុបចំនួន១៥៥,៨៥៩នាក់។ ចំណែកដើមទុនវិញ មានសរុបចំនួនជាង២៥០០លានដុល្លារ និងបានបង្កើ​តនិងចុះបញ្ជី សហភាពសហគមន៍កសិកម្មចំនួន១៥ ដែលមានសមាជិកសរុបចំនួន២៧៦។

ការចុះកិច្ចសន្យាផលិតកម្មកសិកម្មរវាងកសិករ សហគមន៍កសិកម្ម និងវិស័យឯកជនមានចំនួនកើនឡើង ដោយគិតត្រឹមខែធ្នូ ឆ្នាំ២០២១ កសិករ ដែលទទួលបានវិញ្ញាបនបត្រ ការអនុវត្តកសិកម្មល្អCamGAP មានចំនួន៣០៩ចម្ការ/កសិដ្ឋាន ដែលបានអនុវត្តតាមបទដ្ឋាន បច្ចេកទេសទទួ​ល​បានទិន្នផលខ្ពស់ប្រកបដោយគុណភាព និងសុវត្ថិភាព។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកសិកម្មបានបង្ហាញថា ផ្ទៃដីផលិតកម្មដំណាំបន្លែ បានកើនឡើងប្រមាណពី៥១,៣៣៨ហ.ត នៅឆ្នាំ២០១៤ ដល់៦៩,៨៥០ហ.ត នៅឆ្នាំ២០២១ និងបរិមាណផលបន្លែសរុបបានកើនជិតទ្វេដងពី៤១៥,២៣៩តោន នៅឆ្នាំ២០១៤ ដល់៨១០ ,០៦៤តោន នៅឆ្នាំ២០២១។

ដោយឡែកទិន្នផលបន្លែ ក៏បានកើនឡើងពីប្រមាណ៨តោន/ហ.ត នៅឆ្នាំ២០១៤ ដល់ប្រមាណជាង១២តោន/ហ.ត នៅឆ្នាំ២០២១ នេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here