លោកស្រី ប៉ែន មុនីមករា៖​ ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ

ដោយ៖ សុធារី

សៀមរាប៖ ការសម្រេចជ្រើសរើសក្រុងសៀមរាបជា “ទីក្រុងវប្បធម៌អាស៊ាន” ពុំមែនជាការចៃដន្យឡើយ ត្បិតខេត្តសៀមរាប គឺជាអតីតរាជធានី នៃចក្រភពខ្មែរ យ៉ាងហោចណាស់ចាប់ពីសតវត្សទី៩ដល់សតវត្សទី១៥ ដែលមានប្រាង្គប្រាសាទអង្គរវត្តដ៏ស្កឹមស្កៃចំពោះមុខយើងជាសក្ខីភាព និងជាខេត្តសម្បូរទៅដោយមត៌កវប្បធម៌ទាំងរូបី និង អរូបី ដែលជាគោលដៅទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញនៅអាស៊ីអាគ្នេយ៍យើងនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នេះ​បើតាម​ប្រសាសន៍របស់ លោកស្រី ប៉ែន មុនីមករា នៅ​ក្នុង​ការ​បើកព្រឹត្ដិការណ៍វប្បធម៌អបអរសាទរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ។ ព្រឹត្ដិការណ៍នេះ ធ្វើឡើងនៅខាងមុខប្រាសាទអង្គរវត្ដ ដែលមានរយ:ពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែធ្នូឆ្នាំ២០២១នេះ ដោយមានការចូលរួមពីអាជ្ញាធរខេត្ដសៀមរាបផងដែរ។

លោកស្រី ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ថា ការរៀបចំប្រារព្ធព្រឹត្តិការណ៍វប្បធម៌នេះ បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងនាមជាសមាជិកអាស៊ាន និងជាប្រធានប្តូរវេននៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទទួលបន្ទុកវប្បធម៌ និងសិល្ប:អាស៊ាន សម្រាប់ឆ្នាំ២០២០ដល់ឆ្នាំ២០២២។ ក្នុងកាល:ទេស:ដែលព្រះរាជាណាចក្រកម្ពុជាកំពុងធ្វើដំណើរក្រោមម្លប់សន្តិភាពនៅលើមាគ៌ាអភិវឌ្ឍន៍ដ៏ជាក់លាក់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ការរៀបចំព្រឹត្តិការណ៍វប្បធម៌នាពេលនេះ មិនត្រឹមតែជាការអបអរ នៃការដាក់បញ្ចូលក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានប៉ុណ្ណោះទេ តែក៏ជាផ្នែកមួយ នៃការស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទ នៃជំងឺកូវីដ-១៩ ដើម្បីបើកដំណើរការស្ដារសេដ្ឋកិច្ចជាតិឡើងវិញផងដែរ។

បើតាមលោកស្រី ប៉ែន មុនីមករា បានលើកឡើងថា ចាប់ពីឆ្នាំ២០០៨មក នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួល បន្ទុកវប្បធម៌ និងសិល្ប: បានឯកភាពគ្នាឲ្យប្រទេសនីមួយៗ ដែលជាប្រធានប្តូរវេនដឹកនាំកិច្ចប្រជុំជ្រើសរើស ទីក្រុងមួយរបស់ខ្លួន ដើម្បីស្នើដាក់ជាទីក្រុងវប្បធម៌អាស៊ាន។ ទីក្រុងវប្បធម៌អាស៊ាន ដែលបានជ្រើសរើស កន្លងមករួមមាន ទីក្រុង Cebu នៃប្រទេសហ្វីលីពីន ចាប់ពីឆ្នាំ២០១០ – ២០១១។ ទីក្រុង Singapore នៃប្រទេស សឹង្ហបុរី ចាប់ពីឆ្នាំ២០១២-២០១៣។ ទីក្រុង Hue នៃប្រទេសវៀតណាម ចាប់ពីឆ្នាំ២០១៤-២០១៥។ ទីក្រុង Bandar Seri Begawan នៃប្រទេសប៊្រុយណេ ចាប់ឆ្នាំ២០១៦-២០១៧។ ៥. ទីក្រុង Yogyakarta នៃប្រទេសឥណ្ឌូនេស៊ី ចាប់ពីឆ្នាំ២០១៨-២០២០ ហើយសម្រាប់ខេត្ដសៀមរាបប្រទេសកម្ពុជា ជាទីក្រុងទី៦ ដែលបានដាក់ជាទីក្រុងវប្បធម៌អាស៊ានសម្រាប់ឆ្នាំ២០២០-២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here