ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គ “បណ្តុះបណ្តាលតម្រង់ទិសជាស៊េរី” ជូនសិក្ខាកាមជាមន្ត្រីរាជការក្របខណ្ឌថ្មីថ្នាក់កណ្តាល របស់ក្រសួងឆ្នាំ២០១៨-២០២០ ចំនួន៥៦៣នាក់។
ពិធីបើកវគ្គបណ្តុះបណ្តាលនាព្រឹកថ្ងៃទី៧ ធ្នូនេះបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញត្ថុ និងមានការចូលរួមពីអនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងគ្រូឧទ្ទេស និងសិក្ខាកាម។
ថ្លែងក្នុងពិធីនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសជាស៊េរីនេះ ពិតជាមានសារសំខាន់ សម្រាប់មន្ត្រីរាជការថ្មី ក្នុងការស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយ អំពីរចនាសម្ព័ន្ធដឹកនាំ គ្រប់គ្រង និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទាំងលើទិដ្ឋភាពច្បាប់ បទប្បញ្ញត្តិ អភិបាលកិច្ច និង ការងាររដ្ឋបាលក្នុងវិស័យសាធារណៈ។
ជាពិសេសចំណុចគន្លឹះសំខាន់ៗ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលរបស់ព្រះរាជា-ណាចក្រកម្ពុជា ដែលជាមូលដ្ឋានតម្រង់ទិសក្នុងការបំពេញមុខងារ តួនាទី ភារកិច្ច និងការរៀបចំខ្លួនសមត្ថភាពជំនាញសម្រាប់ការបន្តវេនប្រកបដោយចីរភាព និង ប្រសិទ្ធភាព ក្នុងការរួមចំណែកលើការដឹកនាំ និងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់កម្ពុជា នៅក្នុងពេលអនាគត។
លោកបានបន្ថែមថា ក្នុងបរិការណ៍សាកលូបនីយកម្មសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ ការគំរាមពីការរាតត្បាតនៃជំងឺឆ្លងកាចសាហាវជាសកល រួមនឹងការរីកចម្រើននៃបច្ចេកវិទ្យាព័ត៌មាន កម្ពុជាត្រូវបន្តរៀបចំខ្លួនថែមទៀត ខាងសមត្ថភាពធនធានមនុស្ស ពិសេសសម្រាប់មន្ត្រីវ័យក្មេង ដើម្បីចូលរួមលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច បង្កើនសមត្ថភាពប្រកួតប្រជែង និងរក្សាចីរភាពនៃសមិទ្ធផលសម្រេចបានកន្លងមក ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីឈានទៅស្តារសេដ្ឋកិច្ចឡើងវិញ នៅក្រោយវិបត្តិនៃការរាតត្បាតជាសកលនៃជំងឺកូវិដ-១៩៕