ដោយៈ សុផារី
កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងក្នុងកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២២-២០២៤ នៅមន្ទីរផែនការខេត្ត នាថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១នេះ ថា គម្រោងអភិវឌ្ឍន៍មូលដ្ឋាន ធ្វើឱ្យប្រជាជនរួចផុតពី បន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា គម្រោងវិនិយោគកំពុងដំណើរការរបស់រដ្ឋបាលខេត្ត មានចំនួន៤៤គម្រោង ដែលត្រូវចំណាយថវិកាចំនួនជាង៣៦លានរៀល និងគម្រោងដែលមានថវិកា គាំទ្រមានចំនួន៣៥៩គម្រោង ដែលត្រូវចំណាយថវិកាចំនួនជិត ១ពាន់លានរៀល ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២២។
លោកបន្តថា គម្រោងទាំងនេះ ពិតជាស្ដែងឡើងនូវការរីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាពលរដ្ឋមានកំណើន សេដ្ឋកិច្ចគ្រួសារ កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក ហើយជំរុញកំណើនសេដ្ឋកិច្ចក្នុងខេត្ត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យប្រជាជនរួចផុតពីបន្ទាត់ក្រីក្រ និងកាន់តែសម្បូរសប្បាយជាបន្តបន្ទាប់ឥតឈប់ឈរ។
ទោះបីកម្ពុជា រងផលប៉ះពាល់ពីជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អត្រានៃភាពក្រីក្រនៅកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២០ មានកម្រិត១៧,៨% ក្នុងនោះ អត្រាភាពក្រីក្រនៅរាជធានីភ្នំពេញ៤,២% តំបន់ទីប្រជុំជនផ្សេងទៀត១២,៦% និងតំបន់ជនបទ ២២,៨ភាគរយ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងផែនការ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ៕