ដោយៈសុខុម
ហ្សឺណែវៈ កាលពីថ្ងៃព្រហស្បតិ៍ ទី២ ធ្នូ ប្រទេសចំនួន៦៧ដែលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមព្រៀងគ្នាកាត់បន្ថយបទប្បញ្ញត្តិនានា ដូចជាលក្ខខណ្ឌតម្រូវឱ្យក្រុមហ៊ុនផ្តល់សេវាកម្ម ដែលកំពុងប្រតិបត្តិការនៅបរទេស ត្រូវមានអាជ្ញាប័ណ្ណដាក់ជាដើម។

យោងតាមសារព័ត៌មាន CNA ដែលចុះផ្សាយនៅថ្ងៃសុក្រ ទី៣ ធ្នូ នេះឱ្យដឹងថា ចំណាត់ការនេះ អាចកាត់បន្ថយចំណាយពាណិជ្ជកម្ម រហូតដល់ទៅ១៥០ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
ប្រទេសទាំងនេះ ដែលខ្លះជាប្រទេសអភិវឌ្ឍន៍ និងខ្លះទៀតជាប្រទេសកំពុងអភិវឌ្ឍន៍ដែលរាប់ចាប់ពីប៉េរូ រហូតដល់ហ្វីលីពីន បានប្តេជ្ញាធ្វើយ៉ាងណាឱ្យមានតម្លាភាពជាងមុន មានភាពប្រាកដប្រជាផ្នែកគតិយុត្តិជាងមុន និងដំណើរការនិយ័តកម្មងាយស្រួលជាងមុន ជាមួយនឹងការដាក់ពាក្យស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក និងថ្លៃសេវាច្បាស់លាស់ និងសមរម្យជាងមុន។
ប្រទេសជាម្ចាស់ហត្ថលេខីទាំងនេះ រួមមាន ទាំងសហរដ្ឋអាមេរិក មហាយក្សចិន និងប្រទេសជាសមាជិកសហភាពអឺរ៉ុប គឺជាសំឡេងភាគតិចនៃសមាជិកទាំង១៦៤ប្រទេសរបស់អង្គការ WTO ប៉ុន្តែវាតំណាងឱ្យ៩០%នៃពាណិជ្ជកម្មសេវាកម្មទាំងអស់។

អង្គការសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) បានប៉ាន់ប្រមាណថា ការអនុវត្តបទប្បញ្ញត្តិដែលមានភាពធូររលុងជាង នៅក្នុងក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 អាចកាត់បន្ថយចំណាយពាណិជ្ជកម្ម បានរហូតដល់៦% ដែលធ្វើឱ្យការសន្សំសំចាំប្រចាំឆ្នាំកើនឡើងដល់១៥០ពាន់លានដុល្លារអាមេរិក។
វិស័យធនាគារ បច្ចេកវិទ្យាព័ត៌មាន (IT) ទូរគមនាគមន៍ ស្ថាបត្យកម្ម និងវិស្វកម្មនឹងស្ថិតក្នុងចំណោមវិស័យសេវាកម្ម ដែលទទួលអត្ថប្រយោជន៍ច្រើនបំផុត ពីកិច្ចព្រមព្រៀងថ្មីនេះ៕ Reuters៕







