មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ សន្យាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងវិស័យពាណិជ្ជកម្មតាមអេឡិចត្រូនិក និងជំរុញការនាំចេញ

ដោយ៖ សុផារី

ស្វីស កម្ពុជា ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គណៈប្រតិភូកម្ពុជា ដឹកនាំដោយលោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបប្រជុំពិភាក្សាការងារជាមួយ លោកស្រី Dorothy Tembo នាយកប្រតិបត្តិរងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ (International Trade Centre – ITC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

ជាកិច្ចចាប់ផ្ដើម លោក ពេជ ឫទ្ធី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អង្គការ ITC ដល់កម្ពុជា ដែលកាលពីឆ្នាំ២០១៦ កន្លងមក អង្គការ ITC បានចូលរួមអនុវត្តគម្រោងសម្រាប់លើកកម្ពស់ និងអភិវឌ្ឍន៍ផលិតកម្មសូត្រនៅកម្ពុជា ដែលតាមរយៈគម្រោងនេះ អង្គការ ITC បានធ្វើការជាមួយសហគមន៍ផលិតសូត្រ និងក្រុមហ៊ុនលក់ផលិតផលសូត្រមួយចំនួនចូលរួមក្នុងពិព័រណ៍អន្តរជាតិនានា ព្រមទាំងគាំទ្រដល់ការផ្គូផ្គងធុរកិច្ចផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ពេជ ឫទ្ធី បានបន្តទៀតថា យោងតាមជំនាញរបស់អង្គការ ITC ទាក់ទងនឹងការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងជំរុញការនាំចេញ អង្គការ ITC អាចបន្តគាំទ្រដល់កម្ពុជា ជាពិសេសក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក វិស័យសេវា និងបណ្ដុះបណ្ដាលពីចំណេះដឹងទីផ្សារ និងតម្រូវការបច្ចេកទេស នៃប្រទេសគោលដៅ ដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ជាការឆ្លើយតប លោកស្រីនាយកប្រតិបត្តិរង នៃអង្គការ ITC បានទទួលយកសំណើររបស់គណៈប្រតិភូកម្ពុជា ហើយបានសន្យាថានឹងធ្វើការស្អិតរមួតជាមួយកម្ពុជាបន្តទៀត ដើម្បីសិក្សា និងរៀបចំគម្រោងនានា តាមការស្នើសុំរបស់គណៈប្រតិភូកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here