សម្ដេចតេជោៈបើគ្មានកូវីដ១៩ទេ កម្ពុជានឹងមានប្រាក់សន្សំកើនឡើងដល់៥ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ ជំងឺកូវីដ១៩បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សេដ្ឋកិច្ច ការធ្វើពាណិជ្ជកម្ម និងធ្វើឱ្យរដ្ឋាភិបាលគ្រប់ប្រទេស ត្រូវបង្កើនការចំណាយរបស់ខ្លួន ដើម្បីទប់ស្កាត់នឹងធ្លាក់ចុះនៃសេដ្ឋកិច្ចផង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ផងដែរ ។ ដោយឡែកកម្ពុជា ក៏ត្រូវបានដកប្រាក់សន្សំរបស់ខ្លួន មកចាយវាយកាន់តែច្រើននៅក្នុងវិបត្តិកូវីដ១៩។

ថ្លែងនៅក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុកាលពីព្រឹកថ្ងៃទី២ ធ្នូ២០២១ សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឱ្យដឹងថា ក្នុងវិបត្តិកូវីដ១៩ កម្ពុជាបានចំណាយប្រាក់សន្សំ​ប្រមាណ២៥០០លានដុល្លារអាមេរិក ដើម្បីយកទៅសង្គ្រោះប្រជាពលរដ្ឋក្នុងដំណា​ក់កូវីដ១៩ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបន្តថា “បើសិនជាគ្មានកូវីដ១៩ទេ យើងអាចប៉ាន់ស្មានបានថាប្រាក់សន្សំរបស់យើងមិនតិចជាង៥ពាន់លានដុល្លារអាមេរិកទេ ប៉ុន្តែកូវីដ១៩កាត់បន្ថយបរិមាណប្រាក់សន្សំរបស់យើង”។សម្តេចបន្តថា “វាមិនត្រឹមតែមិនធ្វើឱ្យប្រាក់សន្សំរបស់យើងកើនឡើងប៉ុណ្ណោះទេ តែវាបានធ្វើឱ្យប្រាក់សន្សំរបស់យើងមានការធ្លាក់ចុះទៅវិញ”។

សម្ដេចតេជោហ៊ុន សែនបានបន្តទៀតថា បន្ទាប់ពីបានបើកប្រទេសឡើងវិញចំណូ​លជាតិឃើញមានការកើនឡើងយ៉ាងជាក់ច្បាស់ ទាំងនៅក្នុងកំពង់ផែ ផ្នែកគយ ពីព្រោះតម្រូវការក្នុងស្រុកមានច្រើន តម្រូវការនាំចូលក៏កើនឡើង ។

សម្ដេចមានប្រសាសន៍ថា “លទ្ធភាពនៃការបើកប្រទេសឡើងវិញទាំងអស់នេះ គឺដោយសារតែយើងមានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋបានច្រើន ដែលធ្វើឱ្យយើងអាចបើកអាជីវកម្មជាច្រើនឡើងវិញ ជាក់ស្ដែងនៅភ្នំពេញ ខារ៉ាអូខេជាង៧០បានបើកឡើងវិញហើយ ខណៈបណ្ដាខេត្តផ្សេងទៀតក៏កំពុងសិក្សាពីការបើកឡើងវិញផងដែរ”។

ទោះបីជារាជរដ្ឋាភិបាលបានបង្កើនការចំណាយ ទៅលើការប្រឆាំងនឹងកូវីដ១៩ក្ដី តែកម្ពុជានៅតែសន្សំបានថវិកាមួយ។ ចំណែកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនផងដែរ ជាពិសេសផ្លូវជាច្រើនខ្សែនៅខេត្តព្រះសីហនុ នៅខេត្តសៀមរា និងផ្លូវតភ្ជាប់ពីខេត្តមួយទៅខេត្តមួយក៏ដូចជាស្ពានឆ្លងទន្លេជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here