ធនាគារពិភពលោកផ្តល់ជំនួយចំនួន១៨៦លានដុល្លារលើគម្រោងអភិវឌ្ឍន៍វិស័យកសិកម្មចំនួន៣

ដោយៈ សុធារី

ភ្នំពេញៈ ធនាគារពិភពលោកបានជួយអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយ:គម្រោងធំៗចំនួន៣។នេះបើតាមការឲ្យដឹងពីលោកវេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

គំរោងធំៗចំនួនបីនោះរួមមាន ១- ការបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហានទី១ ២ និងទី៣ (Land Allocation for Social and Economic Development LASED I II and III) និងគម្រោងពិពិធកម្មកសិកម្មកម្ពុជា ក្នុងទំហំទឹកប្រាក់សរុបជាង ១៨៦លានដុល្លាអាមរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបជាមួយលោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកភាគខាងកើត រួមទាំងប្រចាំនៅកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ផងដែរ និងសហការី ដើម្បីពិភាក្សា និងវាយតម្លៃជារួមលើវឌ្ឍនភាព នៃការអនុវត្តគម្រោងនានាក្នុងវិស័យកសិកម្ម ដែលគាំទ្រដោយធនាគារពិភពលោក (World Bank, WB) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី៣០ ខែវិច្ឆិកានេះ លោកវេង សាខុនបានឲ្យដឹងថា គំរោងសំខាន់ៗនោះមានដូចជា

ទី១- គម្រោង LASED II

គំរោងនេះមានរយពេល៥ឆ្នាំ (២០១៦-២០២១) ថវិកា ១.០៨២.៧៧៦ដុល្លារ។ ប្រជាពលរដ្ឋក្រីក្រចំនួន ៥.០៩១គ្រួសារនឹងទទួលបានដីសម្រាប់រស់នៅ និងប្រករបរកសិកម្ម (ដាំដុះដំណាំ និងការចិញ្ចឹមសត្វ) ក្នុងខេត្តគោលដៅលើខេត្ត  កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ក្រចេះ និងត្បូងឃ្មុំ លើផ្ទៃដីសរុប ១៧.០០០ហ.ត។

ទី២- គម្រោង LASED III

រយៈពេល (២០២០-២០២៦) – ថវិកា ១០៧លានដុល្លារ (៩៣លានដុល្លារ កម្ចីពី WB និង ១៤លាន ថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជា)។ ខេត្តគោលដៅលើខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង កំពង់ស្ពឺ មណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តស្ទឹងត្រែង។ ដែលផ្តោតការវិនិយោគ លើប្រព័ន្ធធារាសាស្ត្រខ្នាតតូច ផ្តល់សេវាគាំទ្របច្ចេកទេស សម្រាប់ការប្រកបរបរចិញ្ចឹមជីវិត ផ្អែកលើកសិកម្មជាមូលដ្ឋាន កសិ​ករទទួលផលសរុប១៥ ០០០គ្រួសារ។

ទី៣- គម្រោងពិពិធកម្មកសិកម្ម

ថវិកា១០១,៦៧ លានដុល្លារ (WB ចំនួន ៩១,៦៧លានដុល្លារ និងរាជរដ្ឋាភិបាល ១០ លានដុល្លារ) រយៈពេល ២០១៩ -២០២៤។ ខេត្តគោលដៅនៅខេត្ត កំពង់ឆ្នាំង បាត់ដំបង សៀមរាប ព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ។

លោកវេង សាខុន បានស្នើឱ្យធនាគារពិភពលោក ពិនិត្យពិចារណាលើកម្មវត្ថុនៃកម្មវិធីដែលបាននិងកំពុងអនុវត្ត និងកម្មវិធីផ្សេងៗ ដែលគ្រោងនឹងជួយដល់កម្ពុជានាពេលអនាគត ធ្វើយ៉ាងណាឲ្យស្របទៅនឹងបរិបទនាពេលបច្ចុប្បន្ន គឺការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ការប្រកួតប្រជែងទីផ្សារក្នុងស្រុក និងនាំចេញបរិយាប័ន្ន  ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនឹងនាំមកនូវការបង្កើនប្រាក់ ចំណូ​ល វិបុលភាព និងសុខុមាលភាពយូរអង្វែងសម្រាប់ប្រជាជនកម្ពុជា និងសេដ្ឋកិច្ចជាតិ។

លោកក៏បានស្នើធនាគារពិភពលោក ពិចារណាផងដែរលើអនុវិស័យផលិតកម្មសត្វ ការកែច្នៃសាច់ សត្តឃាតដ្ឋានសត្វ វារីវប្បកម្ម ប្រពលវប្បកម្មកសិកម្ម ដើម្បីលើកកម្ពស់ប្រាក់ចំណូល សម្រាប់កសិករងាយរងគ្រោះ ដែលរស់នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងដោយឡែក គឺធ្វើឲ្យប្រសើរឡើងនូវគុណភាព និងសុវត្ថិភាពសាច់ ផលិត​ផលសាច់ ធានាសុខភាពដល់អ្នកបរិភោគ។

លោកស្រី Mariam J. Sherman បានវាយតម្លៃខ្ពស់លើវឌ្ឍនភាពនៃការ ការអនុវត្តកម្មវិធីផ្សេងៗ សំដៅដល់ការកែប្រែកម្រិតជីវភាព កំណើនប្រាក់ចំណូល និងជំរុញកំណើនកសិកម្មប្រកបដោយភាពប្រកួតប្រជែង និងបរិយាប័ន្ន ដែលផ្តល់នូវផលិតផលមានគុណភាព សុវត្ថិភាព និងអាហារូបត្ថម្ភ ដោយត្រូវគិតគូរខ្ពស់ដល់ការគ្រប់គ្រងដីធ្លី ទឹក ធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here