ដោយៈសុផល
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារមេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានប្រកាសអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ក្នុងការជួយគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា។
ការសហការគ្នានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីជួយឲ្យពួកគាត់អាច បន្តទទួលបាននូវគុណប្រយោជន៍យូរអង្វែង តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យម។
ពិធីចុះហត្ថលេខា និងការប្រកាសពីកិច្ចសហការនេះ ត្រូវបានធ្វើឡើងបន្ថែមទៅលើកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ដ លើគម្រោងធានាឥណទាន ដើម្បីស្តារអាជីវកម្ម (BRGS) នៅឯវេទិកាធុរកិច្ចស្ដីអំពី “ការលើកស្ទួយការរីកចម្រើន របស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសកម្ពុជា” កាលពីរសៀលថ្ងៃទី២៦ខែវិច្ឆិកាឆ្នាំ២០២១។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មានកិច្ចសហប្រតិបត្តិការនេះ ត្រូវបានចូលរួមជាគណៈអធិបតីពី លោក ណី សាកល អគ្គនាយករង នៃនិយ័តករបរធនបាលកិច្ច ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា និងសម្របសម្រួលដោយលោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
លោកដាតុ ហានីវ ស៊ូហាឌី នាយកប្រតិបត្ដិធនាគារ មេយប៊ែង (ខេមបូឌា) ភីអិលស៊ីបានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការទាំងនេះ គឺជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរបស់ធនាគារ ដើម្បីធានាថាសហគ្រាសធុនតូច និងមធ្យមអាចទទួលបានឱកាសកាន់តែច្រើនជាងមុន ស្របពេលនឹងការផ្លាស់ប្តូរយ៉ាងលឿន នៃបរិបទអាជីវកម្ម ជាមួយនឹងការផ្ដល់ជូន ដែលជួយឲ្យសហគ្រាសធុនតូច និងមធ្យមទាំងអស់ទទួលបានការរីកចម្រើននៅក្នុង “គន្លងថ្មី”។
លោកបានគូសបញ្ជាក់ថា “ការដាក់ដំណើរការអាជីវកម្ម គឺកាន់តែលំបាក និងប្រកបដោយការប្រកួតប្រជែងយ៉ាងខ្លាំង ក្នុងកំឡុងពេលដ៏លំបាកនេះ”។ លោកបន្តថា “យើង បានយល់ច្បាស់អំពីផលលំបាក សម្រាប់សហគ្រាសធុនតូច និងមធ្យមហើយវាពិតជាមានសារៈសំខាន់ ក្នុងពេលនេះដែលយើងកំពុង តែផ្ដល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុ សម្រាប់គាំទ្រសហគ្រាសធុនតូច និងមធ្យម ដើម្បីជួយដល់ម្ចាស់អាជីវកម្មអាចបន្តរីកចម្រើនដែលជាផ្នែកមួយ នៃការរួមចំណែកដើម្បីពង្រឹងសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា។
គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) របស់សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គឺជាគម្រោងធានា ដើម្បីជួយឲ្យសហគ្រាសធុនតូច និងមធ្យមទទួលបានសេវាកម្មហិរញ្ញវត្ថុ ជាមួយនឹងការធានាឥណទាន ដែលត្រូវបានប្រើជាទ្រព្យបញ្ចំា ដើម្បីកាត់បន្ថយតម្រូវការទ្រព្យសកម្ម សម្រាប់ជាជំនួយជូនដល់អតិថិជន ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម។
លោក Wong Keet Loong អគ្គនាយកសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានមានប្រសាសន៍ថា គម្រោងធានាឥណទានដើម្បីស្តារអាជីវកម្ម (BRGS) នឹងជួយដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានពីគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម សម្រាប់ការកៀរគរទុនបង្វិល ការវិនិយោគ និងការពង្រីកអាជីវកម្ម ដើម្បីរៀបចំការស្ដារឡើងវិញ នៃសេដ្ឋកិច្ចកំឡុងពេលការរាតត្បាតនៃវីរុសកូវីដ-១៩។
បន្ថែមពីនេះដែរ ធនាគារ មេយប៊ែង និងសាជីវកម្មធានាឥណទានកម្ពុជា (CGCC) មានបំណងធ្វើការអភិវឌ្ឍទីផ្សារ ជូនដល់សហគ្រាសខា្នតតូច និងមធ្យម តាមរយៈការកសាងសមត្ថភាព និងការផ្សព្វផ្សាយដល់សហគមន៍ តាមរយៈកម្មវិធី “កសាងសមត្ថភាព” សម្រាប់សហគ្រាសខា្នតតូច និងមធ្យមទាំងអស់៕