កម្ពុជា-សាធារណរដ្ឋកូរ៉េ ឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិការដើម្បីទាក់ទាញភ្ញៀវទេសចរ និងពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ កម្ពុជា និងសាធារណរដ្ឋកូរ៉េ បានឯកភាពគ្នាពង្រីកកិច្ចសហប្រតិបត្តិជាច្រើនថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរ ពីប្រទេសកូរ៉េឱ្យមកទស្សនាកម្ពុជា ខណៈកម្ពុជា ក៏ត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ក្នុងក្របខណ្ឌយុទ្ធសាស្ត្របើកទទួលទេសចរចាក់វ៉ាក់សាំង និងដើម្បីពង្រីកការអភិវឌ្ឍវិស័យទេសចរណ៍ នៃប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការបញ្ជាក់បែបនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងលោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយលោក ផាក ឃឿងយ៉ុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

លោកថោង ខុន បានលើកឡើងថា ក្រោមការដឹកនាំ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានសម្រេចការចាក់វ៉ាក់សាំងប្រមាណជាង ៨០% ដល់ប្រជាពលរដ្ឋទូទាំងប្រទេស។ លទ្ធផលនៃការចាក់វ៉ាក់សាំង ការអប់រំប្រជាពលរដ្ឋ ព្រមទាំងភាពស៊ាំក្នុងសហគមន៍ គឺជាមូលដ្ឋានប្រកបដោយកក់ក្តៅក្នុងការបើកសេដ្ឋកិច្ច-សង្គមជាជំហានៗ ដោយការទទួលខុសត្រូវខ្ពស់។

ទន្ទឹមនឹងនោះ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកទេសចរណ៍ផ្ទៃក្នុង ដោយមានការអនុវត្តនូវនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្មនានាក្នុងវិស័យទេសចរណ៍ ដែលដាក់ចុះដោយក្រសួងទេសចរណ៍ បន្ថែមលើផែនទីចង្អុលផ្លូវស្ដីពីការលើកកម្ពស់ និងការស្ដារវិស័យទេសចរណ៍កម្ពុជាក្នុងអំឡុង និងក្រោយវិបត្តិកូវីដ-១៩ និងផែនការយុទ្ធសាស្ត្រដទៃទៀតដែលមានស្រាប់ ដើម្បីឈានទៅការបើកប្រទេសទាំងមូលប្រកបដោយសុវត្ថិភាព។
លទ្ធផលនៃការបើកទេសចរណ៍ផ្ទៃក្នុង គឺជាការដកបទពិសោធន៍ក្នុងការបើកទទួលទេសចរអន្តរជាតិពេញលេញនាពេលខាងមុខ។

លោកថោង ខុនបានបន្តថា កម្ពុជាគ្រោងនឹងបើកទទួលទេសចរអន្តរជាតិនៅតំបន់ក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរនៃខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ ហើយសៀមរាបអង្គរនឹងបើកឡើងវិញនៅខែមករា ឆ្នាំ២០២២ រួចនឹងបន្តពិនិត្យបើករាជធានីភ្នំពេញ និងទូទាំងប្រទេសជាបន្តបន្ទាប់។

ការកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូត ផាក ឃឿងយ៉ុង បានគាំទ្រនូវគំនិតផ្តួចផ្តើមលើការបើកទេសចរណ៍អន្តរជាតិ ចាក់វ៉ាក់សាំងពេញលេញ និងចូលរួមជំរុញកិច្ចសហប្រតិបត្តិការជំរុញទេសចរកូរ៉េ មកទស្សនាកម្ពុជាបន្ថែមទៀត ដោយប្រជាពលរដ្ឋនៃប្រទេ​សទាំងពីរមានអត្រាខ្ពស់ ក្នុងការទទួលបានការចាក់វ៉ាក់សាំងពេញលេញ ក្រោមយុទ្ធសាស្ត្របើកទេសចរណ៍វ៉ាក់សាំង ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចុះ តាមគោលដៅសុវត្ថិភាព ជាពិសេសនៅតាមតំបន់ទេសចរណ៍បែបធម្មជាតិ និងខេត្តសៀមរាបដែលប្រជា​ជនកូរ៉េចូលចិត្តមកទស្សនា៕

LEAVE A REPLY

Please enter your comment!
Please enter your name here