អ្នកជំនាញថាក្នុងវិបត្តិកូវីដ១៩ មានការទិញប័ណ្ណធានារ៉ាប់រងសុខភាពកើនឡើងខ្ពស់

ដោយ ៖ លក្ខិណា

ភ្នំពេញ៖ វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែមានកំណើនដដែលក្នុងវិបត្តិនៃជំងឺកូវីដ១៩ បើទោះបីជាវិស័យមួយចំនួនបានធ្លាក់ចុះជាអវិជ្ជមានក្ដី ក្នុងនោះគេឃើញថាប្រជាពលរដ្ឋទិញប័ណ្ណ ធានារ៉ាប់រងលើសុខភាពមានការកើនឡើងខ្ពស់ ក្នុងវិបត្តិកូវីដ១៩នេះ។

លោក យក់ ចំរើនឬទ្ធិ ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍នៅព្រឹកថ្ងៃទី១២ វិច្ឆិកា២០២១នេះ ឱ្យដឹងថា ក្នុងវិបត្តិកូវីដ១៩យើងឃើញថាការទិញប័ណ្ណធានារ៉ាប់រងលើសុខភាពរបស់ប្រជាពលក្នុងប្រទេសកម្ពុជាមានកំណើនរហូតដល់៣០ភាគរយ ហើយក្រៅពីនោះមានធានារ៉ាប់រងយានយន្តក៏មានកំណើនដែរ។

លោកបន្តថា កាលពីដើមឡើយអ្នកទិញធានារ៉ាប់រងនៅកម្ពុជាភាគច្រើនឬស្ទើរតែទាំងអស់ ជាជនបរទេស ហើយរហូតមកដល់បច្ចុប្បន្ននេះ អ្នកទិញធានារ៉ាប់ក៏ប្រែក្លាយទៅជាជនជាតិខ្មែរច្រើនទៅវិញដែលសបញ្ជាក់ឱ្យឃើញថាប្រជាពលរដ្ឋកម្ពុជាកាន់តែច្រើនបានយល់ដឹងពីអត្ថប្រយោជន៍នៃការធានារ៉ាប់រង និងបានចូលរួមទិញដើម្បីការពារសុខភាពហិរញ្ញវត្ថុរបស់ពួកគេជាបន្តបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តទៀតថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យធានារ៉ាប់រងកម្ពុជាហាក់ទទួលបានកំណើននិងមានក្រុមហ៊ុនថ្មីៗជាច្រើនទាំងក្នុងស្រុកនិងក្រៅស្រុកចូលមកវិនិយោគលើវិស័យធានារ៉ាប់រងជាពិសេសធានារ៉ាប់រងអាយុជីវិតក៏បានកើនឡើងផងដែរ។

យ៉ាងណាក្ដី វិស័យធានារ៉ាប់រងនៅកម្ពុជា បើធៀបនឹងប្រទេសជិតខាង គឺនៅមានភាពក្មេងខ្ចីនៅឡើយ ដោយសារតែយើងមានសង្គ្រាម ហើយទើបតែចាប់ផ្ដើមដំណើរការឡើងវិញនៅក្រោយសម័យប៉ុលពតប៉ុណ្ណោះ ដូច្នេះយើងត្រូវការពេលវេលាច្រើនដើម្បីអភិវឌ្ឍន៍វិស័យនេះ។

លោកយក់ ចំរើនឬទ្ធិ ដែលជាអ្នកប្រឡូកក្នុងវិស័យធានរ៉ាប់រងតាំងពីការកកើតដំបូងក្រោយសម័យប៉ុលពត បានមានប្រសាសន៍ឱ្យដឹងទៀតថា ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានសន្ទុះងើបឡើងខ្លាំង យើងត្រូវការសហការជាមួយគ្នាលើវិស័យធានារ៉ាប់រង ចូលរួមក្នុងការផ្សព្វផ្សាយដើម្បីឱ្យពលរដ្ឋបានយល់ដឹងពីការធានារ៉ាប់រងជូនពួកគាត់។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា ទោះបីជាវិស័យធានារ៉ាប់រងមានការរីកចម្រើនយ៉ាងនេះក្តី ប្រសិនបើយើង ពិនិត្យមើលអត្រាភាគទានធានារ៉ាប់រង ក្នុងសេដ្ឋកិច្ចកម្ពុជាមានប្រមាណតែ១,០៤ភាគរយ និងដង់ស៊ីតេធានារ៉ាប់រងមានប្រមាណតែ១៧,២៦ដុល្លារក្នុងម្នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២០គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់។
បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងចំនួន៤០ ក្នុងនោះមានក្រុមហ៊ុនធានារ៉ាប់រងទូទៅចំនួន១៨ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤ ក្រុមហ៊ុនធានារ៉ាប់រងបន្តចំនួន១ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៧៕

LEAVE A REPLY

Please enter your comment!
Please enter your name here