បញ្ហាប្រឈមជាច្រើនកំពុងកើតមានលើឧស្សាហកម្មទេសចរណ៍ ខណៈរដ្ឋាភិបាលត្រៀមបើកប្រទេសឡើងវិញ

ដោយៈសិរី ម៉ាលីនណា

ភ្នំពេញៈ ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា (PATA) លោកធួន ស៊ីណានបានលើកឡើងបញ្ហាប្រឈមសំខាន់ៗចំនួន៥ ទាក់ទងនឹងការបើកប្រទេសឡើងវិញរបស់រដ្ឋាភិបាលក្នុងការទទួលទេសចរណ៍វ៉ាក់សាំង។

លោកបានសរសេរលើបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន កាលពីល្ងាចថ្ងៃទី១១ វិច្ឆិកាកន្លងមកថា “ខ្ញុំប្រឹងស្ដាប់ដោយយកចិត្តទុកដាក់នូវគោលនយោបាយ បើកទទួលភ្ញៀវទេសចរណ៍ ដែលបានចាក់វ៉ាក់សាំងហើយ ( Vaccineted tourist ) មានបងប្អូនរួមវិស័យទេសចរណ៍ជាច្រើនមិនសប្បាយចិត្ត និងខ្លះក៏សប្បាយចិត្ត”។លោកបន្តថា “ដោយហេតុរដ្ឋាភិបាលបើកតាមដំណាក់កាលៗ ខ្ញុំយល់ពីអារម្មណ៍របស់បងប្អូន ហើយរឹតតែយល់ពីរបំណងរបស់រដ្ឋាភិបាលដែរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ជាក់ស្តែងយើងមានផលវិបាកមួយចំនួនក្នុងការផ្សព្វផ្សាយដូចជា ១- ការតភ្ជាប់ជើងហោះហើរ ២- គោលដៅ និងផលិតផល ៣- គោលនយោបាយបឋមរបស់រដ្ឋ ៤- មធ្យោបាយក្នុងការផ្សព្វផ្សាយទីផ្សារ ៥-ពេលវេលាខ្លីពេកក្នុងការ ផ្សព្វផ្សាយនែការបើក ល។ល។

លោកធួន ស៊ីណានបានបន្តថា ទាំងអស់នោះជាដើមចោតនែបញ្ហាចំបង់ៗ ក្រុមហ៊ុនអាកាសចរណ៍ មានតួនាទីសំខាន់ណាស់ក្នុងការចាប់ផ្ដើម បើមិនមានការចូលរួមយ៉ាងសកម្មពីពូកគេទេ ការបើកសាកល្បងនិងមិនជោគជ័យឡើយ។

ជាមួយគ្នានេះកាលពីដើមសប្តាហ៍នេះ ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីនបានត្អូញត្អែរអំពីការឡើងថ្លៃសំបុត្រយន្តហោះ ដោយលោកស្រីបានមានប្រសាសន៍ថា វាអាចជាកត្តាមួយ ដែលធ្វើឱ្យភ្ញៀវទេសចរពីប្រទេសចិន រារែកក្នុងមកទស្សនានៅកម្ពុជា ពីព្រោះតែតម្លៃសំបុត្រយន្តហោះ បានហក់ឡើងខ្ពស់កបពពក។ លោកស្រីបន្តថា បើយើងវិភាគមែនទែនទៅ កម្រមានភ្ញៀវដែលចំណាយលុយខ្ពស់បែបនេះ គ្រាន់តែជិះយន្តហោះមកលេងកម្ពុជា ហើយត្រូវទៅវិញនោះទេ។

លោកស្រីបន្ថែមថា “អ្នកដំណើរដែលចូលមកកម្ពុជា អាចជាអ្នកដែលមានធុរចាំបាច់ ដែលខានមិនបានទើបគេហ៊ាន ចំណាយលុយទិញសំបុត្រយន្តហោះជិះមក”។ លោកស្រីបន្តថា “បើប្រៀបនឹងការជិះយន្តហោះពីអាមេរិក រហូតដល់២០ម៉ោងក៏មិនមា​ន​តម្លៃខ្ពស់ដូចជិះទៅប្រទេសចិន ដែលចំណាយពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះនោះទេ”។ ត្រង់ចំណុចនេះ យើងនឹងជជែកជាមួយខាងក្រុមហ៊ុន ឬខាងព្រលានយន្តហោះបន្តទៀតដើម្បីសម្រួលទាំងអស់គ្នា”។

លោកស្រីបន្ថែមថា តាមពិតទៅការឡើងថ្លៃសំបុត្រនេះ វាបានឡើងយូរហើយ ពោល គឺចាប់តាំងពីមានផ្ទុះកូវីដ១៩ចុងក្រោយនេះ ដែលមានការរីករាលដាលខ្លាំង ពីព្រោះយន្តហោះមួយ ត្រូវបន្តសកម្មភាពហោះហើរ ជាមួយនឹងអ្នកដំណើរ២០ឬ៣០នាក់ឬក៏អាចបានត្រឹម៥០នាក់។ ដូច្នេះការចំណាយរបស់គេខ្ពស់ ដូច្នេះគេឡើងថ្លៃសំបុត្រដើម្បីកឱ្យខាតច្រើនពេក៕

LEAVE A REPLY

Please enter your comment!
Please enter your name here