ដោយៈ សុផារី
ភ្នំពេញៈ សាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដែលជាសហគ្រាសសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារ ABA ដែលជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេស បានចុះហត្ថលេខាជាផ្លូវការ លើកិច្ចព្រមព្រៀងធានាឥណទាននៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២១។
ក្រោមកិច្ចព្រមព្រៀងនេះ ធនាគារ ABA នឹងផ្ដល់ប្រាក់កម្ចីដែលធានាដោយ CGCC ដើម្បីគាំទ្រដល់បណ្ដាសហគ្រាសមីក្រូ សហគ្រាសធុនតូច និងមធ្យម និងសាជីវកម្មធំៗក្នុងប្រទេសកម្ពុជាក្នុងការពង្រីកអាជីវកម្ម ការវិនិយោគ និងសម្រាប់ជាទុនបង្វិល។
ភាពជាដៃគូនេះអនុញ្ញាតឱ្យធនាគារABA គាំទ្រនិងជួយដល់អង្គភាពអាជីវកម្មដែលមានលទ្ធភាពហិរញ្ញវត្ថុ ប៉ុន្តែខ្វះវត្ថុបញ្ចាំនៅពេលស្នើសុំប្រាក់កម្ចី ដោយប្រើប្រាស់ការធានាក្រោមគ្រោងការណ៍ ធានាឥណទានរបស់ CGCC (CGS)។ តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ ABA អាចជួយដល់អាជីវកម្មកាន់តែច្រើន ជាពិសេសសហគ្រាសធុនតូច និងមធ្យមដោយផ្តល់ជូនពួកគេ នូវកម្មវិធីដែលអាចចូលដំណើរការបានកាន់តែលឿន និងរហ័ស និងប្រាក់កម្ចីកាន់តែខ្ពស់ដល់វិស័យអាទិភាព។
នាយកប្រតិបត្តិរបស់ ABA លោក Askhat Azhikhanov បានមានប្រសាសន៍ថា “សហគ្រាសធុនតូច និងមធ្យមដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច ហើយជាប្រពៃណីគឺស្ថិតនៅក្នុងការផ្តោតសំខាន់ របស់ស្ថាប័នហិរញ្ញវត្ថុកម្ពុជា។ ដោយសារបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ ធនាគារតម្រូវឱ្យអ្នកខ្ចីដែលមានសក្តានុពល គោរពតាមបញ្ជីលក្ខណៈវិនិច្ឆ័យ រួមទាំងប្រវត្តិឥណទាន លក្ខខណ្ឌហិរញ្ញវត្ថុ និងវត្ថុបញ្ចាំ។
លោកបន្តថា “មិនមែនពួកគេទាំងអស់ សុទ្ធតែបំពេញតាមលក្ខណៈវិនិច្ឆ័យទាំងនោះទេ ខណៈដែលជំងឺរាតត្បាតប៉ះពាល់ដល់អាជីវកម្មកាន់តែច្រើន។” លោកបន្តថា “គ្រោងការណ៍ធានាឥណទាន ដែលផ្តួចផ្តើមដោយរាជរដ្ឋាភិបាល ផ្តល់នូវយន្តការចែករំលែកហានិភ័យ ដ៏មានអត្ថប្រយោជន៍រវាង ABA និង CGCC ដែលអាជីវកម្មមិនមានសិទ្ធិពេញលេញសម្រាប់កម្ចីធនាគារ នៅតែអាចទទួលបានហិរញ្ញប្បទានផ្លូវការពី ABA”។
លោកបានបន្ថែមថា យើងនៅធនាគារ ABA ដែលជាដៃគូជាមួយ CGCC ក្នុងការផ្តល់នូវអាជីវកម្មខ្នាតតូច និងមធ្យមនូវលទ្ធភាពទទួលបានប្រាក់កម្ចីកាន់តែងាយស្រួល និងបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់អត្ថប្រយោជន៍ដល់ប្រទេសកម្ពុជា និងប្រជាជនរបស់ខ្លួន ស្របតាមបេសកកម្ម និងតម្លៃសាជីវកម្មរបស់យើង។
លោក Wong Keet Loong នាយកប្រតិបត្តិសាជីវកម្មធានាឥណទានកម្ពុជា បានមានប្រសាសន៍ថា “CGCC ត្រូវបានបង្កើតឡើង ក្នុងគោលបំណងបង្កើនកំណើនប្រាក់កម្ចីនៅក្នុងវិស័យធនាគារ។ ជាមួយនឹងការធានាឥណទាន គ្រឹះស្ថានហិរញ្ញវត្ថុអាចផ្តល់អត្រាប្រាក់កម្ចីខ្ពស់ជាង”។ លោកបន្តថា “នៅពេលដែលសេដ្ឋកិច្ចកំពុងបើកឡើងវិញ នឹងមានតម្រូវការប្រាក់កម្ចីពីសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើនឡើង ដើម្បីបង្កើនអាជីវកម្មរបស់ពួកគេ”។
លោកបន្តថា ការធានារបស់ CGCC នឹងដើរតួជាផ្នែកនៃវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីរបស់ធនាគារ ដូច្នេះកាត់បន្ថយវត្ថុបញ្ចាំដែលត្រូវការពីអ្នកខ្ចី។ ធនាគារ ABA ដែលជាធនាគារកំពូលមួយមានកំណើនប្រាក់កម្ចីដ៏រឹងមាំ ហើយបណ្តាញសាខាដ៏ធំទូលាយនឹងក្លាយជាយុទ្ធសាស្ត្រសម្រាប់ CGCC ដើម្បីសម្រេចបាននូវគោលបំណងរបស់ខ្លួន។ យើងទន្ទឹងរង់ចាំភាពជាដៃគូនេះ ដើម្បីឈានទៅដល់ SMEs បន្ថែមទៀត៕