ដោយៈ ចំណាន
ភ្នំពេញៈ យោងតាមរបាយការណ៍ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ ២០២៤ នៅកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន៣០ ដែលកំពុងដំណើរការ។
ចំនួនតំបន់សេកិច្ចពិសេសដែលមានប្រតិបត្តិការ គឺកើនឡើងពីចំនួន២១ ក្នុងឆ្នាំ២០២០ ដល់ចំនួន២៣ ក្នុងឆ្នាំ២០២១ កើនឡើងដល់២៥ ក្នុងឆ្នាំ២០២២។ កើនដល់២៦ ក្នុងឆ្នាំ ២០២៣ និងក្នុងឆ្នាំ ២០២៤ មានតំបន់សេដ្ឋកិច្ចពិសេស(SEZ) ថ្មីចំនួន៤ បានបើកដំណើរការ។
តំបន់សេដ្ឋកិច្ចពិសេសទាំង៣០ គឺមានទីតាំងនៅ១២ រាជធានី-ខេត្ត ដោយ៩ ស្ថិតក្នុងខេត្តស្វាយរៀង។ ចំនួន៥ ក្នុងខេត្តព្រះសីហននុ។ ៣ ក្នុងខេត្តបន្ទាយមានជ័យ កោះកុង និងកណ្តាល និងចំនួន១ នៅក្នុងរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ ក្រចេះ កំពត កំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តកំពង់ចាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បានមានប្រសាសន៍ថា តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគ ចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។
ក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវថ្នល់ ថាមពល និងការិយាល័យឯកសារ(ច្រកចេញចូលតែមួយ)ដែលបង្កភាពងាយស្រួល និងស្របតាមតម្រូវការរបស់ម្ចាស់រោងចក្រ/សហគ្រាស។
លោកបានបន្ថែមថា គ្រប់សកម្មភាពអាជីវកម្មរបស់រោងចក្រ/សហគ្រាស នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការស្នើសុំនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃ រហូតដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ទាក់ទងនឹងប្រភេទទំនិញនាំចេញដែលផលិត/កែច្នៃនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងពេលនេះ លោក សុខនឿនបានមានប្រសាសន៍ឲ្យដឹងផងដែរថា មានភាគច្រើនជាផលិតផលវាយនភណ្ឌ ប៉ុន្តែនៅពេលខាងមុខ វាអាចនឹងមានការប្រប្រួលខ្លះ ព្រោះបច្ចុប្បន្នកម្ពុជាកំពុងទាក់ទាញ បានប្រភេទក្រុមហ៊ុនឧស្សហកម្មធំៗ ផលិតគ្រឿងបង្គុំអេឡិចត្រូនិក ម៉ាស៊ីន និងឧបករណ៍បច្ចេកវិទ្យាទំនើបៗ៕