អង្គការនិងដៃគូពាក់ព័ន្ធសង្ឃឹមថាច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់នឹងធ្វើឲ្យការធ្វើពាណិជ្ជកម្មនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព

ដោយៈម៉ាលីនណា

ភ្នំពេញៈ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានរៀបចំសន្និសីទថ្នាក់ជាតិស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ក្រោមប្រធានបទការជំរុញបរិយា​កាសអ្នកប្រើប្រាស់ជាគោលនៅកម្ពុជា វឌ្ឍនភាពនិងសមិទ្ធផល។

សន្និសីទនេះ មានគោលបំណងលើកកម្ពស់ការយល់ដឹងអំពីច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ដែលបានសម្រេចនិងផ្សព្វផ្សាយជាសារធារណៈ កាលពីខែវិច្ឆិកា ឆ្នាំ២០១៩ ព្រមទាំងចែករំលែកនូវបទពិសោធន៍ល្អៗទៅវិញទៅមក និងពិភាក្សាបញ្ហាថ្មីៗដែលបាន និងកំពុងកើតមានឡើងពាក់ព័ន្ធ នឹងវិស័យកិច្ចការពារអ្នកប្រើប្រាស់ ទាំងនៅក្នុងតំបន់ និងអន្តរជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Thomas Heskethនាយកប្រតិបត្តិរង នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា ការការពារអ្នកប្រើប្រាស់នៅក្នុងសហគមន៍អឺរ៉ុប គឺជាផ្នែកមួយនៃវិស័យឯកជនរបស់យើង វាអាចធ្វើឲ្យក្រុមហ៊ុនមួយចំនួន ធ្វើការប្រកួតប្រជែងគ្នា ដើម្បីមានគុណភាពល្អប្រសើរ។ លោកបន្តថា លោកធានាថាបរិយាកាសដូចគ្នានេះ គឺមានដូចនៅក្នុងប្រទេសកម្ពុជា នៅក្នុងលក្ខណៈជាក់ស្តែងមួយចំនួននៅកម្ពុជា ការកិច្ចសន្ទនាលើកទី១នៅឆ្នាំ២០២០គឺជាការណែនាំ ឬបង្ហាញអំពីគុណប្រយោជន៍ នៃការប្រើប្រាស់របស់អតិថិជន។

លោកបន្តថា “វាជាការអនុវត្តជាក់ស្តែង ទៅនឹងអ្នកជំនាញមួយចំនួនផ្សេងទៀត ស្តីអំពីនីតិវិធី ក៏ដូចជាគោលការស្តីពីការប្រើប្រាស់របស់អតិថិជន ហើយមានភារកិច្ចជាច្រើនដើម្បីរៀបចំ ក៏ដូចជាថា តើយើងការពារអ្នកប្រើប្រាស់របស់យើង ដោយរបៀបណា ជាពិសេសការប្រតិបត្តិការនៅកម្ពុជា យើងមានករណីសិក្សាមួយចំនួនទាក់ទងយន្តការការពារអ្នកប្រើប្រាស់របស់យើង”។

ជាមួយគ្នានេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប បានមានប្រសាសន៍ថា ក្នុងនាមជាស្ថាប័នមានសមត្ថកិច្ច ដែលត្រូវបានផ្តល់អាណត្តិដោយច្បាប់ ពាក់ព័ន្ធនឹងកិច្ចការពារអ្នកប្រើប្រាស់ យើងបានយកចិត្តទុកដាក់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ ក្នុងបរិបទនៃការកសាងនូវមូលដ្ឋានគាំទ្របណ្តើរ និងអនុវត្តវិធានការច្បាប់បណ្តើរ ដោយកន្លងមកក៏បានទទួល និងដោះស្រាយបណ្តឹងរបស់អ្នកប្រើប្រាស់មួយចំនួន ដែលក្នុងនោះមានសំណុំរឿងខ្លះត្រូវបានបញ្ជូនៅតុលាការផងដែរ។

លោកសង្ឃឹមថា តាមរយៈសន្និសីទជាតិនេះដែរ នឹងទទួលបានធាតុចូលសំខាន់ៗ ឈានទៅរៀបចំសេចក្តីព្រាសកម្មវិធីជាតិស្តីពី កិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា និងសេចក្តីព្រាងឯកសារគតិយុត្តផ្សេងៗទៀត ព្រមទាំងលើកទឹកចិត្តឲ្យមានការបង្កើតឡើងនូវសមាគមអ្នកប្រើប្រាស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការតម្រង់ទិស ឆ្ពោះទៅរកការងារធ្វើសមារណកម្មសេដ្ឋកិច្ចអាស៊ាន និងសាកលលោក ស្របតាមផែនការសកម្មភាពជាយុទ្ធសាស្រ្តអាស៊ានស្តីពី ការពារអ្នកប្រើប្រាស់សម្រាប់ឆ្នាំ២០១៦-២០២៥ ASEN Strategie Action Plan for Consumer Protection(ASAPCP) ដែលអាចនិយាយបានថា ជាសូចនាករមួយសម្រាប់បណ្តាប្រទេសក្នុងតំបន់អាស៊ាន យកមកអនុវត្តក្នុងគ្រប់បរិបទនៃបរិស្ថានកិច្ចការពារអ្នកប្រើប្រាស់របស់ខ្លួន។

លោកផាន អូន បានបន្តថា ទោះបីកម្ពុជាត្រូវបានចាត់ទុកថា មានវ័យក្មេងខ្ចីក្នុងវិស័យកិច្ចការពារអ្នកប្រើប្រាស់ក៏ដោយ ក៏កម្ពុជាប្តេជ្ញាខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការពង្រឹងការយកចិត្តទុកដាក់ ការធានាសិទ្ធិ ការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ តាមរយៈការរៀបចំកសាងលិខិតបទដ្ឋានគតិយុត្ត និងការអនុវត្តច្បាប់ប្រកបដោយយុត្តិធម៌ ប្រសិទ្ធភាព តម្លាភាព និងសុចរិតភាព។

ចំណែកលោកFrank Jattke) ប្រធានក្រុមសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នៃទីភ្នាក់ងារសហប្រតិបត្តិការអាឡឺម៉ង់ (GIZ) បាននិយាយថា ការការពារ គឺជាយន្តការមួយក្នុងការជំនួយផ្នែកបច្ចេកទេសផ្នែកផ្សេងៗទៀត ក្នុងចំណោមសមាជិកភាពទាំងអស់នោះ ក៏ជាការគាំទ្រ ទៅលើការផ្តល់គោលនយោបាយមួយចំនួន និងសកម្មភាពមួយចំនួនផ្សេងទៀតពាក់ព័ន្ធវិស័យឯកជន ក៏ដូចជាផ្នែកផ្សេងៗទៀតនៅក្នុងសង្គមផងដែរ៕

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here