បញ្ហាផលិតកម្មជ្រូកត្រូវបានលើកយកមកវិភាគសម្រាប់ទីផ្សារពាណិជ្ជកម្ម

ដោយៈគង់ ម៉ាលីនណា

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម និងក្រសូងពាក់ព័ន្ឋ បានបើកកិច្ចប្រជុំពិភាក្សាលើការវិភាគថ្លៃដើម នៃផលិតកម្មជ្រូកនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ស៊ីជម្រៅអំពីផលិតកម្ម និងថ្លៃជ្រូកនៅកម្ពុជា ជាពិសេសកត្តាសំខាន់ៗ ដែលជះឥទ្ធិពលដល់ថ្លៃដើម និងបញ្ហាប្រឈម សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងវិស័យផលិតកម្មជ្រូក កម្រិតជីវភាពប្រជាកសិករ និងឧត្តមភាពសេដ្ឋកិច្ច។

លោកសុខ​សុភ័ក្ររដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពទូទៅពាក់ព័ន្ធ នឹងវិស័យផលិតកម្មជ្រូកនៅកម្ពុជា ប្រៀបធៀបនឹងផលិតកម្មជ្រូកនៅប្រទេសជិតខាង និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីលើកស្នើជាវិធានការ បង្កើនភាពប្រកួតប្រជែងនៃផលិតកម្មជ្រូកនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អង្គប្រជុំក៏បានពិភាក្សា លើការសិក្សាបឋមរបស់ជំនាញការ ដោយសង្កត់ធ្ងន់លើកត្តា សំខាន់ៗដូចជា ការវិភាគថ្លៃដើមផលិតកម្ម ថ្លៃដើមនៃការចិញ្ចឹមជ្រូក ថ្លៃកូនជ្រូក ថ្លៃចំណី ថ្លៃដឹកជញ្ជូន ព្រមទាំងអនុសាសន៍ និងគោលនយោបាយនានា ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីលើកកម្ពស់ផលិតភាពក្នុងវិស័យផលិតកម្មជ្រូក។

លោកសុខ​សុភ័ក្របានបន្តថា ជាលទ្ធផលអង្គប្រជុំបានឯកភាព ជូនជំនាញការកែសម្រួលរបាយការណ៍សិក្សានេះបន្ត ដោយពិនិត្យលទ្ធភាពបញ្ចូលព័ត៌មានបន្ថែម ក៏ដូចជាអនុសាសន៍ និងគោលនយោបាយជាក់លាក់ និងសមស្របសម្រាប់អនុវត្ត មុននឹងបញ្ជូនទៅគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងសម្រេចនៅពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here