គួរចេញរកស៊ីភ្លាម ឬធ្វើការឲ្យគេសិនហើយចាំចេញរកស៊ី?

ដោយ៖ សុធារី

ភ្នំពេញ៖ ជាការពិតបច្ចុប្បន្នគ្មានអ្នកណាមិនចង់ធ្វើជាថៅកែខ្លួនឯងនោះទេ។ មនុស្សមួយចំនួនដែលមានធនធានច្រើន មានសមត្ថភាព ចេះគ្រប់គ្រងអាជីវកម្ម និងមានជំនាញច្បាស់លាស់អាចចេញរកស៊ី។ ហើយនេះជាជម្រើសនិងការយល់ឃើញរបស់បុគ្គលម្នាក់ៗ ។ រីឯមនុស្សមួយចំនួនទៀតគិតថាទោះបីជាមានធនធានក្តីឬក៏អត់ក្តី យើងគួរតែធ្វើការឲ្យគេសិនដើម្បីយកបទពិសោធន៍ ដើម្បីអាចយកប្រើការបាននៅថ្ងៃអនាគត។

ប៉ុន្តែក្រៅពីបទពិសោធន៍ តើយើងនឹងទទួលបានអ្វីបន្ថែមទៀត ចំពោះការធ្វើការឲ្យគេមុនចេញរកស៊ី?

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

• កសាងជំនាញ៖ ការកសាងជំនាញខ្លួនឯងមិនមានអ្វីក្រៅពីការអាន ការអនុវត្ត ការរៀនពីការងារផ្ទាល់ រៀនពីវគ្គបណ្តុះបណ្តាលលើអ៊ីនធឺណេត និងរៀនពីអ្នកអនុវត្តផ្ទាល់នោះទេ។ ហើយកំហុសនិងដំណោះស្រាយដែលយើងបង្កើតបាន ឬស្តាប់ការណែនាំពីគេសុទ្ធតែជាជំនាញសន្សំទុក។

• ទម្លាប់ធ្វើការច្រើន៖ គ្មានម្ចាស់អាជីវកម្មណាដែលខ្ជិល ហើយមិនសូវធ្វើការនោះទេ។ នៅពេលដែលយើងធ្វើជាបុគ្គលិកគេ យើងគួរទម្លាប់ធ្វើការឲ្យបានច្រើន និងមិនងាយបោះបង់ ពីព្រោះអាជីវកម្មថ្មីត្រូវការយកចិត្តទុកដាក់ និងពេលទម្រាំដល់កន្លែងចំណេញ។ ការធ្វើការងារច្រើនទាំងការងារលំបាក ឬស្រួលក្តីសុទ្ធតែបានបង្រៀនយើងទាំងអស់។

• ប្រាក់សន្សំ៖ សន្សំប្រាក់ កំណត់ការចាយវាយដើម្បីគោលដៅអាជីវកម្មថ្មីនៅខាងមុខ។ ប្រាក់ជាឧបករណ៍សំខាន់នៅពេលឈានជើងរកស៊ី។

• កសាងឈ្មោះ៖ បង្កើតឈ្មោះល្អឲ្យខ្លួនឯងអំឡុងពេលធ្វើការឲ្យស្ថាប័នណាមួយ។ ការធ្វើការល្អ ការធ្វើឲ្យគេមានទំនុកចិត្ត និងស្រលាញ់រាប់អានសុទ្ធជាមូលដ្ឋានដែលយើងអាចទទួលទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ថាមិនត្រូវដែរ ទោះបីជាអ្នកចេញពីស្ថាប័ននោះ កេរ្តិ៍ឈ្មោះយើងនៅតែមាននៅទីនោះ ហើយថ្ងៃអនាគតស្ថាប័ននោះអាចរួមចំណែកជួយអាជីវកម្មយើងរីកចម្រើននៅថ្ងៃខាងមុខដែរ។

• ការស្គាល់ខ្លួនឯងច្បាស់៖ ស្គាល់ពីចំណុចខ្លាំងនិងចំណុចខ្សោយ ស្គាល់ពីចំណង់ចំណូលចិត្ត ស្គាល់ពីជំនាញ និងទេពកោសល្យខ្លួនឯង។ ទាំងអស់នោះក៏ជារឿងសំខាន់។ បើមិនធ្លាប់អនុវត្ត យើងមិចនឹងដឹងថាយើងមានសមត្ថភាព និងចូលចិត្តអាជីវកម្មបែបនោះប៉ុណ្ណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here