យុទ្ធសាស្រ្ដ ៥ Ps យុទ្ធសាស្រ្ដក្នុងការបង្កើនការលក់ដ៏ពេញនិយមមួយ

ដោយ៖ សុធារី

យុទ្ធសាស្រ្ដទីផ្សារសមាស (marketing mix) ជាយុទ្ធសាស្រ្ដទីផ្សារមួយ ដែលអ្នកលក់ភាគច្រើនប្រើប្រាស់តិចនិកបូកផ្សំគ្នាមួយចំនួន ដើម្បីទាក់ទាញអតិថិជន ហើយធ្វើឲ្យពួកគេមានភាពរីករាយក្នុងការទិញផលិតផល (happy customer)។ វាមិនត្រឹមតែអាចបង្កើតនូវអតិថិជនថ្មីនោះទេ តែថែមទាំងជួយរក្សានូវអតិថិជនចាស់ថែមទៀត។ យុទ្ធសាស្ត្រនេះត្រូវបានប្រើប្រាស់ទាំងការលក់ដោយផ្ទាល់ (physical sale) និងតាមអនឡាញ (Online sale)។

ក្នុងអំឡុងពេលកូវីដ១៩ កំពុងរីករាលដាលនេះ ជាពេលមួយដែលអាជីវករ គួរតែបង្កើននូវភាពច្នៃប្រតិដ្ឋនៃការលក់របស់ខ្លួន ដើម្បីបង្កើតប្រាក់ចំណូល។
ខាងក្រោមនេះ ជាយុទ្ធសាស្រ្ដ ៥ Ps ដែលជាយុទ្ធសាស្រ្ដពេញនិយមមួយ ក្នុងការបង្កើនការលក់៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១ ផលិតផល (product)
ផលិតផលសំដៅលើអ្វីដែលអ្នកកំពុងលក់ ធ្វើយ៉ាងណាឲ្យមានភាពទាក់ទាញ និងធ្វើឲ្យអ្នកទិញមានអារម្មណ៍ថាពួកគេនឹងទទួលបានផលប្រយោជន៍បន្ទាប់ពីបានចំណាយលុយលើផលិតផលរបស់អ្នក។ តិចនិក ដែលធ្វើឲ្យផលិតផលមានភាពទាក់ទាញត្រូវតែមានលក្ខណៈពិសេសជាងអ្នកដទៃ ទោះបីជាផលិតផលប្រភេទដូចគ្នាក៏ដោយ ដែលវារួមបញ្ចូលទាំង គុណភាព ការរចនាម៉ូតផលិតផល ការរៀបចំ និងការវេចខ្ចប់។

២ តម្លៃ (price)
តម្លៃជាចំណុចរសើបមួយដែលអ្នកលក់ភាគច្រើនបានធ្វើការលក់ប្រកួតប្រជែងគ្នាយ៉ាងខ្លាំង ព្រោះក្នុងទីផ្សារសេរី អ្នកលក់អាចដាក់តម្លៃទំនិញបាន អាស្រ័យថាតើពួកគេអាចចំណេញបានប៉ុនណា ពីការដាក់តម្លៃនោះ។ ក៏ប៉ុន្តែ ការលក់ក្នុងតម្លៃទាប ក៏អាចប៉ះពាល់ដល់គុណតម្លៃរបស់អ្នកដែរ ប្រសិនបើអ្នកលក់ លក់តម្លៃក្រោមទីផ្សារទូទៅ ដែលមានន័យថាថោកជាងគេពេក អ្នកទិញនឹងគិតថាវាជារបស់មិនសូវមានគុណភាពជាដើម។ ដូច្នេះ អ្នកគួរដាក់តម្លៃដែលសមាមាត្រនឹងទីផ្សារទូទៅ តែអាចប្រើយុទ្ធសាស្រ្ដតម្លៃមានលេខ ៩៩ នៅខាងស្ដាំ ឬបង្ហាញពីតម្លៃលើផលិតផលតែម្ដង សម្រាប់ការលក់អនឡាញ។

៣ បុគ្គលិក ឬម្ចាស់អាជីវកម្មផ្ទាល់ (people)
ក្រៅពីផលិតផលមានគុណភាពហើយ អ្នកក៏ត្រូវមានការយកចិត្តទុកដាក់ចំពោះមនុស្សនៅក្នុងហាងរបស់អ្នក រួមមានអាកប្បកិរិយា សម្ដីសម្ដៅ ទាំងរបស់បុគ្គលិក និងម្ចាស់អាជីវកម្មផ្ទាល់ ដើម្បីចៀសវាងការប៉ះពាល់អារម្មណ៍អតិថិជន ព្រោះពេលខ្លះទោះផលិតផលអ្នកល្អ តម្លៃធូរយ៉ាងណាក៏ដោយ បើសម្ដី និងអាកប្បកិរិយាអ្នកមិនល្អ អ្នកទិញដឹងតែមិនចូលចិត្តហាងអ្នកទេ ហើយស្រួលមិនស្រួលគេប្រាប់អ្នកផ្សេងមិនឲ្យចូលហាងរបស់អ្នកទៀតផង។

៤ វិធីសាស្រ្តជំរុញការលក់ (promotion)
វិធីសាស្រ្តជំុរុញការលក់ រឺ ការធ្វើប្រូម៉ូសិននេះ ជាយុទ្ធសាស្រ្ដមួយនៃការផ្សព្វផ្សាយទំនិញរបស់អ្នកឲ្យមានភាពទាក់ទាញដល់អតិថិជន។ វាមានតិចនិកច្រើនសម្រាប់ការធ្វើប្រូម៉ូសិននេះ ដូចជាការលក់បញ្ចុះតម្លៃគិតជាភាគរយ ការបញ្ចុះតម្លៃដោយដាក់បរិមាណលុយផ្ទាល់ ការលក់មួយថែមមួយជាដើម។ ចំពោះវិធីសាស្រ្តនេះក៏ត្រូវមើលទៅលើប្រភេទផលិតផលផងដែរ ថាតើគួរប្រើប្រាស់នូវមធ្យោបាយណាដែលសមស្រប។ ការប្រូម៉ូសិននេះ ក៏ត្រូវមានពេលវេលាកំណត់ និងកុំសូវធ្វើវាញឹកពេក ដើម្បីឲ្យអតិថិជន មានអារម្មណ៍ពិសេសពេលឃើញប្រូម៉ូសិន។

៥ ដំណើរការ (Process)
វាជាដំណើរការនៃការលក់ដូររបស់អ្នកទាំងការផ្ដល់ព័ត៌មាន ការទាក់ទងជាមួយភ្ញៀវ និងការដឹកជញ្ជួនទំនិញទៅឲ្យភ្ញៀវ ដែលគួរធ្វើយ៉ាងណា ដើម្បីបង្កភាពងាយស្រួលសម្រាប់អ្នកទិញ។ ជាពិសេស ការដឹកជញ្ជូនគួរមានការគោរពភ្ញៀវ និងគោរពពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here