កម្ពុជា​ជម្រុញផលិតកម្ម​និង​​ការនាំ​ចេញ​កសិផលសក្ដានុពល១០មុខ ពេលមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី

ដោយ៖ សុធារី

(ភ្នំពេញ)៖ ដោយផ្អែកលើការសិក្សាស្រាវជ្រាវ របស់ក្រុមការងារនៃក្រសួងពាណិជ្ជកម្ម កម្ពុជាបានកំណត់មុខទំនិញសក្ដានុពលចំនួន១០មុខ ដែលត្រូវជំរុញផលិតកម្ម និងជំរុញការនាំចេញ ក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

មុខទំនិញសក្ដានុពលទាំង១០មុខនេះ មានដូចជា៖ ស្រូវ-អង្ករ, ដំឡូងមី, ចេក, មៀនប៉ៃលិន, ស្វាយ, ស្វាយចន្ទី, សាច់សត្វ, ជ័រកៅស៊ូ, ម្នាស់ និងម្រេច។ នេះបើតាមលទ្ធផល នៃកិច្ចពិភាក្សាជាមួយវិស័យឯកជន លើឯកសារយុទ្ធសាស្ត្រទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលដឹកនាំដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ជាមួយនឹងការខិតខំនាពេលកន្លងមក កម្ពុជាបានសម្រេចដោយជោគជ័យក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដំបូងបំផុតមួយ គឺកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ និងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ យើងបានចុះហត្ថលេខាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ។
កម្ពុជាមានទិសដៅបន្តចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសមួយចំនួនទៀត ដូចជា ៖ សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី, សហព័ន្ធរុស្សី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, ជប៉ុន, ម៉ុងហ្គោលី និងឥណ្ឌា បន្ថែមទៀតផងដែរ។

ចំពោះការដាក់កំណត់មុខទំនិញទាំង១០មុខនេះ ត្រូវបានវិស័យឯកជន ដែលកំពុងតែរកស៊ីនាំចេញនៅក្នុងវិស័យកសិកម្ម បានសម្ដែងការសារទរ និងគាំទ្រ ដើម្បីទាញប្រយោជន៍ ឲ្យបានកាន់តែច្រើន ជំរុញការនាំចេញ ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងប្រធានក្រុមហ៊ុន Amru Rice បាន​មាន​ប្រសាសន៍កាលពីថ្ងៃ​ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ថាវាជាការត្រឹមត្រូវណាស់ ដែលកម្ពុជាបានកំណត់មុខទំនិញទាំង១០មុខនេះ។ តែយ៉ាងណាឧកញ៉ា សុង សារ៉ន ក៏សុំឲ្យមានការពិនិត្យពិចារណា ក្នុងការបន្ថែមមុខទំនិញ ក៏ដូចជាផ្លែឈើបន្ទាប់បន្សំទៀត ដូចជា ទុរេ​ន និងស្រកានាគ ជាដើម ដែលជាផ្លែឈើមានសក្ដានុពលសម្រាប់កម្ពុជាផងដែរ។

លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ចាក់ទុកថា ការកំណត់ទំនិញសក្តានុពលចំនួន១០មុខ សម្រាប់ត្រៀមការមកដល់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ ជារឿងល្អ ហើយថាប្រសិនបើកម្ពុជាអាចនាំចេញទំនិញទាំង១០មុខនេះជោគជ័យ នោះទំនិញផ្សេងៗទៀត ដូចជាត្រី សាច់មាន់ សុទ្ធតែជាទំនិញយុទ្ធសាស្ត្រដែលកម្ពុជាអាចនាំចេញបាន។

លោកថា “ទំនិញកម្ពុជាយើងមានហើយ ប៉ុន្តែដែលត្រូវគិតនោះ គឺទំនិញដែលមាននិរន្តភាព ទើបប្រទេសទាំងនោះទិញយើង ហើយយើងអាចផ្គត់ផ្គង់ឲ្យគេយូរអង្វែងបាន”។

LEAVE A REPLY

Please enter your comment!
Please enter your name here