គ្រឹះស្ថានហិរញ្ញវត្ថុពីរនៅកម្ពុជារួមគ្នាជំរុញការលក់ប័ណ្ណសន្យាធានារ៉ាប់រងដល់ពលរដ្ឋ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ ធនាគារ ហត្ថា ដែលជាធនាគារឈានមុខមួយនៅកម្ពុជា និងក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ដែលជាស្ថាប័នដែលមានភាពលេចធ្លោក្នុងវិស័យធានារ៉ាប់រង បានសហការនិងចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងការផ្តល់ជូននូវសេវាធានារ៉ាប់រងលើគ្រោះថ្នាក់យានយន្ត គ្រោះថ្នាក់អគ្គីភ័យ និងការធានារ៉ាប់រងមួយចំនួនទៀត ដើម្បីផ្តល់ជូននូវទំនុកចិត្ត និងភាពកក់ក្តៅកាន់តែខ្ពស់សម្រាប់អតិថិជនក្នុងការប្រើប្រាស់សេវាជាមួយលក្ខខណ្ឌកាន់តែងាយស្រួល និងល្អប្រសើរ។

តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធនេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថានឹងក្លាយជាការឆ្លើយតបយ៉ាងចាំបាច់មួយទៅនឹងការចង់បានរបស់អតិថិជន នោះគឺជាភាពរីកចម្រើនដែលប្រកបដោយសុខុមាលភាពទាំងផ្នែកហិរញ្ញវត្ថុ និងការការពារពីបញ្ហាប្រឈមនានាដែលអាចកើតមាន។

លោក ជឺន បូរាណច័ន្ទបូរ៉ាត់ អគ្គនាយកនីតិកម្ម របស់ធនាគារហត្ថា បានមានប្រសាសន៍ឱ្យដឹងថា “ក្នុងនាមជាធនាគារមានបទពិសោធន៍ចាស់ទុំ ដែលផ្តល់ជូននូវសេវាហិរញ្ញវត្ថុដ៏ទាន់សម័យប្រកបដោយទំនុកចិត្ត ធនាគារហត្ថាមានបទពិសោធន៍ជិត៣០ឆ្នាំមកហើយ ជាមួយសមិទ្ធផលសម្រេចបានគួរជាទីមោទនៈជាបន្តបន្ទាប់។” លោកបន្តថា “ ហើយយើងជឿជាក់ថា កិច្ចសហការផ្តល់ជូនសេវាធានារ៉ាប់រងនេះគឺជាកិច្ចការមួយផ្សេងទៀតដែលយើងចាំបាច់ត្រូវធ្វើដែលវានឹងជួយជំរុញបន្ថែមដល់ភាពរីកចម្រើនរបស់អតិថិជនក្នុងការប្រើប្រាស់សេវាកម្មរបស់យើងឱ្យទទួលបាននូវការការពារយ៉ាងកក់ក្តៅ និងជោគជ័យគ្រប់កាលៈទេសៈ។”

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្ថែមថា “យើងបានសម្រេចជ្រើសរើសក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ ជាដៃគូផ្តល់សេវាធានារ៉ាប់រងលើយានយន្ត អគ្គីភ័យ និងធានារ៉ាប់រងមួយចំនួនទៀតជូនអតិថិជនរបស់យើងព្រោះក្រុមហ៊ុនមានគុណវឌ្ឍន៍គ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាលក្ខខណ្ឌនានាដែលគាំទ្រខ្ពស់ដល់ផលប្រយោជន៍របស់អតិថិជន។”

អ្នកស្រី Zhao Haiming ( ចៅ ហៃមីង ) អនុប្រធានអគ្គនាយកប្រតិបត្តិ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានលើកឡើងថា យើងដឹងហើយថា សេដ្ឋកិច្ចប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ រថយន្តទំនើបៗ និងអគារប្រណិតៗជាច្រើនមាននៅប្រទេសកម្ពុជា ជាពិសេសទីក្រុងធំៗ ដូចនេះការទិញធានារ៉ាប់រងលើអគ្គិភ័យ និងយានយន្ត គឺជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អគារ និងយានយន្តទាំងនោះ ព្រោះយើងមិនអាចប៉ាន់ស្មានដឹងថានៅថ្ងៃអនាគតនឹងមានអ្វីកើតឡើងទេ។”

លោក ចំរើន ឫទ្ធិ អគ្គនាយកក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានប្រាប់ឱ្យដឹងថា “តាមរយៈកិច្ចព្រមព្រៀងនេះ វានឹងធ្វើឱ្យវិស័យធានារ៉ាប់រងនៅប្រទេសកម្ពុជាមានការអភិវឌ្ឍមួយកម្រិតទៀត។ ខ្ញុំសង្កេតឃើញថា ការយល់ដឹងរបស់ប្រជាជនខ្មែរយើងលើវិស័យធានារ៉ាប់រងមានការឡើងគួឱ្យកត់សម្គាល់នៅពេលបច្ចុប្បន្ន ដូចនេះវាជាសញ្ញាណល្អសម្រាប់សេច្ចកិច្ចជាតិរបស់យើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here