លោកង៉ែត ជូ៖ ចំណេះដឹងនិងជំនាញចម្បងៗ៤យ៉ាងដើម្បីក្លាយជាបុគ្គលជោគជ័យក្នុងយុគសម័យថ្មី

ដោយ៖ លក្ខិណា

ភ្នំពេញ៖ អ្នកជំនាញហិរញ្ញវត្ថុមួយរូបដែលតែងតែចែករំលែកនូវចំណេះដឹងហិរញ្ញវត្ថុនៅតាមប្រព័ន្ធផ្សព្វផ្សាយនានាដល់បងប្អូនប្រជាពលរដ្ឋបានលើកឡើងពីចំណេះដឹងនិងជំនាញចម្បងៗចំនួន៤ ដើម្បីក្លាយជាបុគ្គលិកជោគជ័យដេលគួរឱ្យគោរពក្នុងយុគ្គសម័យថ្មី។

លោកង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុកម្ពុជាមួយរូបបានលើកឡើងថា តាមការសង្កេត និងការសិក្សាស្រាវជ្រាវ លោកយល់ឃើញថាក្នុងយុគសម័យបច្ចេកវិទ្យា យុគសម័យជោគជ័យនិយម និងយុគសម័យសេដ្ឋកិច្ចចាយលុយនេះ ដើម្បីអោយក្លាយជាបុគ្គលជោគជ័យ និងមានគុណតម្លៃ យុវជនគួរមានចំណេះ និងជំនាញដូចជា៖

១. ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថល (Digital Literacy)៖ ចេះស្រូបយក វិភាគ និងសាបព្រួសតែព័ត៌មានដែលមានផលវិជ្ជមានដល់ខ្លួនឯង និងមានប្រយោជន៍ដល់សង្គម។ ចៀសវាងការផ្តោតការយកចិត្តទុកដាក់លើព័ត៌មានបំពុលសង្គមដែលឥតប្រយោជន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. ចំណេះដឹងហិរញ្ញវត្ថុ (Financial Literacy)៖ ចេះប្រើប្រាក់ខែ ឬចំណូលពីប្រភពនានាដើម្បីបង្កើតជាទ្រព្យសម្បត្តិដែលមានតម្លៃសំរាប់អនាគត។

៣. ជំនាញក្នុងការវិភាគគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅ (Critical Thinking Skills)៖ចេះគិតវែងឆ្ងាយ យល់ពីហេតុ និងផលនៃទង្វើរដែលខ្លួនធ្វើ ក្រុមខ្លួនធ្វើ និងអ្នកដទៃធ្វើ។

៤. ចំណេះដឹងសីលធម៌ និងក្រមសីលធម៌ល្អ (Moral Literary and Ethics)៖ឈរលើគោលការណ៍នៃក្រមសីលធម៌ដោយគោរពសិទ្ធិអ្នកដទៃ មិនបៀតបៀន និងតំកល់ផលប្រយោជន៍រួមជាធំ ។

បើតាមរបាយការណ៍របស់ធនាគារពិភពលោកកន្លងមកបានឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនមិនទាន់មានចំណេះដឹងទៅលើហិរញ្ញវត្ថុគ្រប់គ្រាន់នៅឡើយទេ និងទាមទារឱ្យមានការសិក្សានិងរៀនសូត្របន្ថែមពីចំណេះដឹងហិរញ្ញវត្ថុ ។ ការសិក្សារៀនសូត្រមិនចាំបាច់ទាល់តែចូលសាលានោះទេ គឺអាចសិក្សាបានពីគ្រប់មជ្ឈដ្ឋានដូចជាស្ដាប់អ្នកជំនាញ និយាយ ចូលវគ្គខ្លីៗរៀបចំដោយអង្គការស្ថាប័ននានាជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here