សមាគមពាណិជ្ជករដឹកជញ្ជូនទំនិញរំពឹងថាវិស័យដឹកជញ្ជូនកម្រើកឡើងវិញខ្លាំង ក្រោយរដ្ឋាភិបាលប្រកាសបើកប្រទេស

ដោយ ៖ លក្ខិណា

ភ្នំពេញ៖ ការសម្រេចបើកប្រទេសឡើងវិញរបស់រាជរដ្ឋាភិបាលកម្ពុជា ទទួលបានការសាទរ ពីគ្រប់មជ្ឈដ្ឋានទាំងអស់ជាពិសេសសម្រាប់វិនិយោគិនអាជីវករធុរកជនក្នុងនិងក្រៅប្រទេស ក្នុងនោះដែរ អ្នកដឹកជញ្ជូនរំពឹងថាការបើកប្រទេសឡើងវិញនឹងធ្វើឱ្យសកម្មភាពអាជីវកម្មរបស់ខ្លួនកម្រើកឡើងវិញខ្លាំង ជំរុញដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចកម្ពុជាផងដែរ ។
លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូនទំនិញបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពីការបើកដំណើរការប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ។ លោកថា” “ការបើកប្រទេសពេញលេញឡើងវិញនេះ នឹងនាំមកនូវវិនិយោគិនបរទេសបន្ថែមទៀត មកកាន់ប្រទេសកម្ពុជា ហើយនឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា រីកចម្រើនឡើងវិញ ដែលនឹងនាំឱ្យមានកំណើន ក្នុងវិស័យដឹកជញ្ជូនផងដែរ”។
លោកបានលើកឡើងថា ការបើកប្រទេសឡើងវិញនេះ គឺល្អខ្លាំងណាស់ ហើយយើងអាចនិយាយបានថា លំហូរសេដ្ឋកិច្ច នៃប្រទេសកម្ពុជាយើង នឹងបកត្រឡប់មកវិញ ។ ការបើកឱ្យមានការហោះហើរនេះ នឹងនាំមកនូវវិនិយោគិនបរទេស ចូលមកកាន់ប្រទេសកម្ពុជា ហើយការបើកជំនួញលើគ្រប់វិស័យនេះ នឹងនាំឱ្យមានកំណើនដល់វិស័យដឹកជញ្ជូនផងដែរ ។

លោក ជា ចាន់ដារ៉ា បានលើកឡើងថាសម្រាប់ឆ្នាំ២០២២ខាងមុខនេះសមាគមបានត្រៀមផែនការរួចហើយដើម្បីស្ដារវិស័យនេះឱ្យមានសកម្មកាន់តែខ្លាំងឡើងវិញ ដោយនឹងរៀបចំវគ្គបណ្តុះបណ្តាលនៃការជួបជុំ ដោយស្របតាមវិធានរបស់ក្រសួងសុខាភិបាល និងមានការជួបជុំកិច្ចការជំនួញផ្សេងៗ ជាពិសេសការប្រឹក្សាយោបល់ ការសហការគ្នារវាងក្រុមហ៊ុននិងក្រុមហ៊ុន ដើម្បីឲ្យពួកគាត់អាចរកស៊ីជាមួយគ្នាបាន ក្រោយប្រទេសបើកពេញលេញឡើងវិញ ។

ប្រមុខរាជឬដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានប្រកាសបើកប្រទេសពេញលេញឡើងវិញ លើគ្រប់វិស័យ និងការរៀនរស់នៅជាមួយមេរោគកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ក្រោយពីផ្អាកសកម្មភាពសេដ្ឋកិច្ច-សង្គមមួយចំនួន នាពេលកន្លងមក ដើម្បីជាវិធានការទប់ស្កាត់ជំងឺឆ្លងមួយនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីមានការប្រកាសបើកប្រទេសឡើងវិញពីសំណាក់ប្រមុខរាជរដ្ឋាភិបាលឃើញថាសកម្មភាពអាជីវកម្មជាច្រើនក៏បានចាប់ផ្ដើមស្ទុះងើបឡើងវិញជាមួយនឹងក្ដីសង្ឃឹមខ្ពស់ ហើយជឿជាក់ថារាជរដ្ឋាភិបានឹងទប់ស្កាត់ការរីករាលដាលនៃកូវីដ១៩បានល្អប្រសើរ ដើម្បីជួយដល់ពលរដ្ឋ អាជីវករ ធុរជននិងវិនិយោគិននានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here