អាស៊ាន៖ ដៃគូពាណិជ្ជកម្មធំទីមួយរបស់ចិន ក្នុងទំហំនាំចេញនាំចូលកើនឡើង២១.១% នៅ៣ត្រីមាសដើមឆ្នាំ២០២១

ដោយ៖ សុធារី

ពិព័រណ៍នាំចូលចិនអន្តរជាតិដែលប្រារព្ធធ្វើមួយឆ្នាំម្តងនៅដើមខែវិច្ឆិកា ជាវេទិកាដ៏សំខាន់មួយដែលផ្តួចផ្តើមនិងជំរុញផ្ទាល់ដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិន គឺជាការសម្រេចចិត្តដ៏សំខាន់មួយរបស់រដ្ឋាភិបាលចិនសម្រាប់ជំរុញការបើកទូលាយជុំថ្មី របស់ប្រទេសចិន និងជាវិធានការដ៏សំខាន់ដែលប្រទេសចិន បើកទូលាយទីផ្សារដោយម្ចាស់ការចំពោះពិភពលោក ដោយបានគួបផ្សំយ៉ាងស៊ីចង្វាក់គ្នាជាមួយគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ដែលជាការចែករំលែកធនធានទីផ្សារ និងកាលានុវត្តភាពនៃការអភិវឌ្ឍរបស់ប្រទេសចិនជាមួយពិភពលោកទាំងមូល។

៣ឆ្នាំកន្លងមក ពិព័រណ៍នាំចូលចិនអន្តរជាតិទទួលបានសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ ពិសេសបើទោះបីជាស្ថិតក្នុងបរិបទជំងឺកូវីដ១៩ ក្តី តែពិព័រណ៍នេះនៅតែបាន ដំណើរការយ៉ាងរលូន។ តាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មចិន នៅ៣ត្រីមាសដើមឆ្នាំ២០២១នេះ ទំហំនាំចេញនាំចូលរវាងប្រទេសចិនជាមួយអាស៊ានត្រូវជា ៤.០៨ ទ្រីលានយាន់ កើនឡើង ២១.១% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២០ ពោលគឺអាស៊ាននៅតែស្ថិតក្នុងឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ចិន ដែលមានអនុបាត ១៤.៤% ក្នុងទីផ្សារចិន។

ជាពិសេសនៅក្នុងឆ្នាំ២០២០ កន្លងទៅ បើទោះបីជារងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ ១៩ ក្តី ប៉ុន្តែទំហំពាណិជ្ជកម្មរវាងកម្ពុជានិងចិននៅតែបន្តកើនឡើង ១.៤% ដដែល ពោលគឺសម្រេចបាន ៩,៥៦០ លានដុល្លារអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក សុខ សុភ័ក្ដ្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា ឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងចិនសម្រេចបានជិត៥,០០០ លានដុល្លារអាមេរិក កើនឡើង ៣១% ក្នុងរយៈពេលខែ ៦ ដើមឆ្នាំ២០២១នេះ។

បច្ចុប្បន្ន កសិផលជាច្រើនរបស់ប្រទេសកម្ពុជាបានបង្ហាញវត្តមាន ក្នុងទីផ្សារចិន និងទទួលបានការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ចិន។ ផលិតផលកសិកម្មកម្ពុជា បានក្លាយជាអាហារដ៏មានឱជារសនៅលើតុអាហារ របស់ជនជាតិចិនទូទៅ ពោលគឺផលិតផលសម្គាល់ភូមិសាស្ត្រទំនិញរបស់ កម្ពុជាទាំងនេះបានរួមចំណែកដល់ ការផ្សព្វផ្សាយកេរ្តិ៍ឈ្មោះរបស់កម្ពុជា នៅក្នុងប្រទេសចិន។ ជាការពិតណាស់ យើងអាចប្រមើលឃើញថាបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន ចូលជាធរមាន នឹងមានផលិតផលរបស់កម្ពុជាកាន់តែច្រើនឡើងៗ ចូលទៅទីផ្សារចិន ដែលនឹងញ៉ាំងឱ្យប្រជាជនចិនកាន់តែច្រើនឡើងៗ បានស្គាល់ពីផលិតផលខ្មែរ ដែលមិនត្រឹមតែជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងរឹតបន្តឹងចំណងមិត្តភាពរវាងប្រជាជននៃ ប្រទេសទាំងពីរកម្ពុជានិងចិនទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here