តើអាជីវកម្មតូចគួររៀបចំគម្រោងហិរញ្ញវត្ថុយ៉ាងណាដើម្បីសម្រេចបានគោលដៅ?

ដោយ៖ សុធារី

ភ្នំពេញ៖ គម្រោងហិរញ្ញវត្ថុមានន័យថាការព្យាករណ៍ទុកជាមុននូវចំណូល និង ចំណាយនៃអាជីវកម្ម ក្នុងរយៈពេលវែង និងខ្លី។ ការព្យាករណ៍ដែលត្រឹមត្រូវ នឹងអនុញ្ញាតិឱ្យអាជីវកម្មអាចសម្រេចបានគោលដៅប្រកបដោយប្រសិទ្ធភាព និងមិនមានបញ្ហា លើស ឬ ខ្វះ ថវិការឡើយ។ ដូចគ្នានេះដែរ បើគ្មានគម្រោងហិរញ្ញវត្ថុនេះទេ អាជីវកម្មអាចនឹងប្រឈមនឹងអត្រានៃការដួលរលំ ឬ ជាប់គាំងបាន។ គោលបំណងនៃគម្រោងហិរញ្ញវត្ថុ គឺយើងត្រូវធ្វើការប៉ាន់ស្មានទុកនូវគម្រោងលំហូរសាច់ប្រាក់ គម្រោងដើមទុនសម្រាប់ចំណាយ និងការវិនិយោគរបស់ម្ចាស់អាជីវកម្ម។ ប្រសិនបើ អ្នកគឺជាម្ចាស់អាជីវកម្ម ហើយមិនចង់ជួបប្រទះបញ្ហាទៅនឹងហិរញ្ញវត្ថុនេះទេ អ្នកគួរមកស្វែងយល់ពីគម្រោងហិរញ្ញវត្ថុនីមួយៗឲ្យច្បាស់ ដូចតទៅនេះ៖

១. គម្រោងចំណាយមូលធន (Capital Expenditure) ៖ គឺជាគម្រោងដែលត្រូវរៀបចំមុនគេចាប់ផ្តើមអាជីវកម្ម។ គម្រោងនេះ ពិតជាចាំបាច់ខ្លាំងណាស់ ទាំងសម្រាប់ការចាត់ចែងសាច់ប្រាក់ចំណាយលើអាជីវកម្ម និង ការកត់ត្រា។ ចំណាយមូលធន សំដៅលើការចំណាយពាក់ព័ន្ធទៅនឹង ទ្រព្យសកម្មថេរ (Fixed asset) ដែលក្នុងនោះមានដូចជា ដី ផ្ទះ ហាង ថ្លៃសាងសង់ដេគ័រ សម្ភារៈប្រើប្រាស់ទូទៅនានា។ ជាទូទៅ ហាងតូចៗមិនសូវជាចំណាយច្រើនទៅលើវានោះទេ តែជំនួសមកវិញនូវការជួល ឬ បង់រំលស់។ អ្វីដែលម្ចាស់អាជីវកម្មត្រូវគិតគូរពិចារណានោះគឺ ទ្រព្យសកម្មថេរទាំងនេះ វាមានអាយុកាលរបស់វា ដែលអ្នកត្រូវរាប់បញ្ចូលទៅលើចំណាយប្រចាំឆ្នាំដែរ ជាក់ស្តែងដូចជាម៉ាស៊ីនធ្វើនំមួយ អាចប្រើបានត្រឹម ២ ឆ្នាំប៉ុណ្ណោះ ឬ ហាងរបស់យើង ត្រូវការជួសជុលថ្មី រៀងរាល់ពេល ២ ឆ្នាំម្តង។

ឧទាហរណ៍នៃគម្រោងដើមទុនសម្រាប់ការចំណាយ៖
ថ្លៃទិញសម្ភារៈ ៥,០០០,០០០ រៀល
ថ្លៃទិញប្រព័ន្ធបច្ចេកវិទ្យា ៥,០០០,០០០ រៀល
ដើមទុនត្រូវចំណាយសរុប ១០, ០០០, ០០០ រៀល

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. គម្រោងសាច់ប្រាក់៖ នេះជាគម្រោងប្រចាំខែដែលបង្ហាញម្ចាស់អាជីវកម្ម ឲ្យដឹងថានៅសល់ថវិកាប៉ុន្មាននៅចុងខែនីមួយៗ ក៏ដូចជាឲ្យដឹងថាអ្នកខ្វះថវិកាប៉ុន្មាន និងគួរត្រូវខ្ចីថែមប៉ុន្មានដែរ ព្រោះនេះនឹងគណនានូវលុយចូលនិងលុយចេញរាល់ខែ។ ជាទូទៅ គេធ្វើគម្រោងនេះទុកមុនសម្រាប់រយៈពេលមួយឆ្នាំតែម្តង ដោយប៉ាន់ស្មានទុកជាមុនថារាល់ខែ លំហូរសាច់ប្រាក់នឹងដំណើរការបែបណា តែសម្រាប់ម្ចាស់អាជីវកម្មតូចៗ គួររៀបចំទុកជាមុនត្រឹម រយៈពេល៣ ខែគឺអាចគ្រប់គ្រាន់ហើយ។

បើទុនបង្វិលសរុប(ទុនបង្វិលបានមកពីការប្រៀបធៀបទ្រព្យសរុបរបស់អាជីវកម្ម ប្រៀបធៀបជាមួយនឹងបំណុលសរុបរបស់អាជីវកម្ម។ ទុនបង្វិលដែលល្អគឺស្មើនឹង ១ ហេតុនេះបើវាលើសពី ១ មានន័យថាអ្នកមានទុនបង្វិលសល់ច្រើនយកទៅធ្វើអ្វីផ្សេងបាន) របស់អ្នកមានកំណើនសល់ អ្នកអាចយកវាទៅទូទាត់កាត់បន្ថយការចំណាយលើដំណើរការអាជីវកម្ម ដោយសងថ្លៃបំណុលជាដើម។ តែបើវាធ្លាក់ចុះ អ្នកអាចនឹងពិចារណាខ្ចីលុយបន្ថែមពីប្រភពខាងក្រោម ដើម្បីមកបង្រ្គប់វាវិញ។
ក្នុងឧទាហរណ៍នេះ លុយដែលមាន គឺលើសពីលុយត្រូវចាយជាច្រើនដែលអ្នកអាចយកទៅប្រើបាន។

ឧទាហរណ៍នៃគម្រោងលំហូរសាច់ប្រាក់៖
លុយដែលមាន
ចំណូលពីការលក់ ១, ០០០, ០០០ រៀល
លុយដែលអតិថិជននៅជំពាក់ ១, ០០០, ០០០ រៀល
តម្លៃទ្រព្យសកម្ម ៥, ០០០, ០០០ រៀល
សរុប ៧, ០០០, ០០០ រៀល

លុយដែលជាបំណុល (ត្រូវបង់)
វត្ថុធាតុដើម ៥០, ០០០ រៀល
បុគ្គលិក ៥០, ០០០ រៀល
ផ្សេងៗ ៥០, ០០០ រៀល
សរុប ១, ៥០០, ០០០ រៀល

៣. បញ្ជីតុល្យការថវិកា (Budgeted Balance Sheet) ៖ ក្រៅពីរៀបចំ គម្រោងចំណាយមូលធន និង គម្រោងសាច់ប្រាក់រួចហើយ យើងក៏ត្រូវមានរៀបចំ បញ្ចីតុល្យការថវិការនេះផងដែរ។ ។ ត្រង់ចំនុចនេះ អ្នកត្រូវយកព័ត៌មានពីគម្រោងខាងលើ មកសម្រាយ និង ដាក់បញ្ចូលបន្ថែមនៅចំណាយផ្សេងៗទៀត ដើម្បីឱ្យយើងព្យាករណ៍បានកាន់តែលម្អិត អំពីចំណាយ និង ចំណាយលដែលមាន។ នៅក្នុងបញ្ជីតុល្យការថវិការនេះ គឺយើងបំបែកចេញជាធាតុបីគឺ ទ្រព្យ ប្រាក់មូលធន និង បំណុល។ វាមានសារៈសំខាន់ ព្រោះវាអាចធ្វើឲ្យអ្នកមើលឃើញពីសុខភាពហិរញ្ញវត្ថុរបស់អាជីវកម្មច្បាស់ និង អាចប្រើប្រាស់ព័ត៌មាននេះមកវិភាគពីអ្វីដែលត្រូវធ្វើ អ្វីដែលត្រូវពង្រឹងបន្ថែម និង អ្វីដែលត្រូវកាត់ចោលផងដែរ។

វាអាចនឹងច្រើនបន្តិច តែប្រសិនបើម្ចាស់អាជីវកម្មមានភាពយល់ច្បាស់ ស្ទាត់ជំនាញទៅលើជំនាញនេះ នោះម្ចាស់អាជីវកម្មនឹងអាចគ្រប់គ្រងសាច់ប្រាក់ក្នុងអាជីវកម្មប្រកដោយប្រសិទ្ធភាព អាចបញ្ចៀសបាននូវបញ្ហា ខ្វះខាតថវិការ អាចអោយម្ចាស់អាជីវកម្មត្រៀម និង រិះរកវិធីដាក់បញ្ចូលសាច់ប្រាក់បន្ថែមបាន ក្នុងលក្ខខណ្ឌដែលខាត។ អ្នកក៏អាចសិក្សាជំនាញនេះបន្ថែមបានផងដែរ នៅតាមកម្មវិធីបណ្ដុះបណ្តាលនានា ទាំងនៅលើអនឡាញ ឬ នៅតាមស្ថាប័នរដ្ឋ អង្គការ ឬ ឯកជនជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here