លោកស្រី ឆាយ ស៊ីវលីនៈការប្រកាសបើកប្រទេសរបស់កម្ពុជា ជាការស្តារពន្លឺឡើងវិញសម្រាប់វិស័យទេសចរណ៍កម្ពុជា

ដោយ: សុធារី

ភ្នំពេញ: រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ។ សម្តេចតេជោហ៊ុន សែន ធ្លាប់មានប្រសាសន៍ថា វិស័យសេវាកម្មទេសចរណ៍ ជាវិស័យដែលទទួលរងផលប៉ះពាល់ធ្ងន់ជាងគេ ក្នុងចំណោមវិស័យផ្សេងៗនៅកម្ពុជា ក្នុងកំឡុងពេលបិទប្រទេស ក្នុងបរិបទកូវីដ១៩ នេះ។

លោកស្រីឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយគេហទំព័រ Property Area Asia កាលពីថ្ងៃទី៤ វិច្ឆិកាថា ការប្រកាសបើកប្រទេសកម្ពុជា លើគ្រប់វិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្រាប់ទេសចរណ៍វ៉ាក់សាំង គឺជាពន្លឺមួយនៃការស្ដារឡើងវិញ នូវវិស័យទេសចរណ៍កម្ពុជា និងការផ្ដល់ឱកាសការងារជាថ្មី ដល់ប្រជាពលរដ្ឋកម្ពុជា ក្នុងវិស័យសេវាកម្មទេសចរណ៍ ព្រោះថាថាពីររងផលប៉ះពាល់ ការរីករាលដាលនូវជំងឺកូវីដ១៩ ធ្វើឱ្យអាជីវកម្មជាច្រើន ក្នុងវិស័យទេសចរណ៍ទទួលរងផលប៉ះពាល់ បិទទ្វារនិងមានភាពអសកម្ម អស់រយៈពេលជិត២ឆ្នាំមកហើយ។

លោកស្រីយល់ថា “ប្រសិនបើយើងនៅបន្តបិទទៀត នោះនឹងធ្វើឲ្យមានផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបន្ថែមទៀត កាលណាកាន់តែយូរការស្ដារឡើងវិញ កាន់តែលំបាក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កន្លងមកការីទេសចរណ៍បានធ្វើការងារជាច្រើន ដើម្បីទាក់ទាញទេសចរត្រឡប់មកវិញដោយមិនធ្វើការងារដដែលៗឡើយ។

លោកស្រីបានមានប្រសាសន៍ថា រយៈពេលពីរឆ្នាំកន្លងមកនេះ បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ផ្លូវថ្នល់ ក៏ដូចជា រៀបចំរមណីយដ្ឋានទេសចរណ៍ថ្មីៗ រមណីយដ្ឋានធម្មជាតិជាច្រើន ដែលមានតាំងពីយូរលង់មកហើយ តែមិនទាន់មានការរៀបចំជាសេវាកម្ម និងមានការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទៅដល់។

ក្រសួងទេសចរណ៍ បានរៀបចំសហគមន៍ទេសចរណ៍ នៅតាមមូលដ្ឋាននានានៅតំបន់ទេសចរណ៍ ក្នុងខេត្តនានារបស់ប្រទេសកម្ពុជា បង្កើតបានជាតំបន់ទេសចរណ៍ជាច្រើន សម្រាប់ការីទេសចរណ៍របស់យើង ដោយបានដាក់ក្នុងកញ្ចប់វិស័យទស្សនៈកិច្ច ព្រមទាំងច្នៃជាសកម្មភាពសេវាទេស​ចរណ៍ប្លែកៗ ដើម្បីអោយភ្ញៀវទេសចរណ៍ត្រឡប់មកទស្សនាម្តងទៀត។

លោកស្រីបានអះអាងថា “ដៃគូទីភ្នាក់ងារទេសចរណ៍អន្តរជាតិ ដោយបានទទួលដំណឹងពីទីភ្នាក់ងារទេសចរណ៍កម្ពុជា បានបង្ហាញនូវចំណាប់អារម្មណ៍ ចង់ចូលមកទស្សនាប្រទេសកម្ពុជា”។

លោកស្រីបាន និងកំពុងរៀបចំយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវផងដែរ ដោយលោកស្រីបានបញ្ជាក់ថា “មុនរៀបចំយុទ្ធសាស្ត្រ យើងត្រូវគិតគូយ៉ាងលម្អិតថា តើលក្ខ​ខណ្ឌ នៃការចូលមកនៃភ្ញៀវទេសចរបរទេសមានលក្ខខណ្ឌអ្វីខ្លះ? ព្រោះការបើជាជំហានដំបូងរបស់កម្ពុជា មិនទាន់បើកទូទាំងប្រទេសនៅឡើយទេ ដោយបានជាជំនាញជំហានក្នុងខេត្តព្រះសីហនុនិងតំបន់តារាសាគរ។

លោកស្រីបន្ថែមថា “ទោះបីជាខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិក៏ពិតមែន ប៉ុន្តែកន្លងមកយើងមិនទាន់មានយន្តហោះ ចូលមកសំបូរពីប្រទេសនានាអស់ចូលមកព្រលានយន្តហោះនេះទេ ប្រភេទភាគច្រើនមានតារាងហោះហើរ ត្រឹមព្រលានយន្តហោះអន្តរជាតិភ្នំពេញតែប៉ុណ្ណោះ”។

លោកស្រីឆាយ ស៊ីវលីនបានបន្តថា ជំហានដំបូងត្រូវប្រមូលព័ត៌មានលម្អិតសិនទើបអាចគិតយុទ្ធសាស្ត្រ ក្នុងការទាក់ទាញភ្ញៀវទេសចរបាន។

សព្វថ្ងៃនេះ មានជើងហោះហើរពីទីក្រុងបាងកក ដូចជា Bangkok Airway Thai Airway ជាដើម ដែលតែងតែហោះហើរចូលប្រទេសកម្ពុជាច្រើនជាងគេ។ តែមកទល់ពេលនេះ មិនទាន់មានសេចក្តីប្រកាសផ្លូវការនៅឡើយទេ។ តើពីនេះក៏មានជើងមិនហោះជាច្រើន ក្នុងប្រទេសអាស៊ានផ្សេងទៀតផងដែរ ដែលចាប់អារម្មណ៍បើកដំណើរការហោះហើរចូលមកកាន់ប្រទេសកម្ពុជាឡើងវិញ។

លោកស្រីបានបញ្ជាក់ថា សមាគមបាននិងកំពុងធ្វើការ ជាមួយសហព័ន្ធទេស​ចរណ៍អាស៊ាន ក្នុងការបង្ហាញនូវផលិតផលទេសចរណ៍ថ្មីៗ ដូចជា ការផ្សព្វផ្សាយប្រូម៉ូសិន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀត។ ក្រៅពីនេះ ក៏នឹងចូលរួមវេទិការទេសចរណ៍អាស៊ាននៅក្នុងខែមករាឆ្នាំ២០២២ ដោយយកឱកាសនេះ ក្នុងការផ្សព្វផ្សាយដល់ភ្ញៀវទេសចរចាប់ពីពេលនេះតទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here