ហេតុផលចំនួន៤ ដែលអ្នកមិនគួរខ្ចីលុយធនាគារមករកស៊ីដំបូង

ដោយៈ លក្ខិណា

ភ្នំពេញៈ មានមនុស្សមិនតិចទេ ដែលចង់ចេញរកស៊ីដោយខ្លួនឯង ដោយសារតែគិតថាហត់នឿយ ជាមួយនឹងការធ្វើការងារឱ្យគេ ដើម្បីយកប្រាក់ខែ តែដោយសារតែអត់មានទុនគ្រប់គ្រាន់ ក៏មានសហគ្រិន ឬក៏អាជីវករបើកទៅរកកម្ចីពីធនាគារមករកស៊ី ឬក៏បង្កើតអាជីវកម្ម។

នៅថ្ងៃនេះយើងនឹងលើកយកហេតុផលមួយចំនួន ដែលអ្នកមិនគួរយកលុយពីធនាគារមករកស៊ីដំបូងៗឡើយ។

១.បទពិសោធន៍នៅមានកម្រិត

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រសិនបើអ្នកធ្លាប់មានបទពិសោធន៍រកស៊ីពីមុនៗ ឬមានគ្រួសារជាម្ចាស់អាជីវកម្មស្រាប់ អ្នកអាចជាអ្នកមានបទពិសោធន៍ច្រើន ប៉ុន្តែបើអ្នកជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកជាបុគ្គលដែលមានហានិភ័យខ្ពស់ ដើម្បីធ្វើអាជីវកម្ម។ បទពិសោធន៍គួរហោចណាស់ ក៏មានច្រើនជាងមួយឆ្នាំ ជាពិសេសដើម្បីយល់ដឹងបានច្បាស់ អាជីវកម្មរបស់អ្នកដែលចង់ដំណើ​រការនេះ។

២.ការគ្រប់គ្រងនៅមានកម្រិត

ប្រសិនបើអ្នកជាម្ចាស់អាជីវកម្មថ្មីថ្មោង អ្នកត្រូវការពេលវេលាច្រើន ដើម្បីរៀនពីរបៀបគ្រប់គ្រងបុគ្គលិក លុយកាក់ គ្រប់គ្រប់អាជីវកម្ម ក៏ដូចជាឱកាសទីផ្សារអាជីវកម្មរបស់អ្នក។ វាមិនមែនជារឿងងាយ ដូចដែលអ្នកឃើញបុគ្គលជោគជ័យ គេតែងតែនិយា​យនោះទេ។

៣. ខ្វះទំនុកចិត្តពីអតិថិជន

ដើម្បីកសាងទំនុកចិត្ត បង្កើនអតិថិជន(ម៉ូយ) អ្នកត្រូវការពេលវេលាច្រើន ជាពិសេ​សប្រសិនបើប្រភេទផលិតផលនៃអាជីវកម្មរបស់អ្នក មិនសូវមានគេស្គាល់ ឬដឹងលឺពីមុន។ ដូចនេះ អ្នកត្រូវប្រឈមមុខនឹងហានិភ័យខ្ពស់ ពីការខ្វះអតិថិជន ស្របពេលដែលត្រូវការចរន្តសាច់ប្រាក់ចេញចូលជាប្រចាំ ដើម្បីមានថវិការគ្រប់គ្រាន់ទៅផ្គត់ផ្គង់ ដល់បុគ្គលិក ថ្លៃអគារ ក៏ដូចជាបង់ការប្រាក់ជាប្រចាំខែដល់ធនាគារ។

៤. អត្រាការប្រាក់

តាមពិតទៅ វាអាស្រ័យលើអ្នកដែលចង់យកកម្ចីថា តើអ្នកត្រូវការខ្ចីធនាគារក្នុងរយៈពេលខ្លីឬក្នុងរយៈពេលវែងមួយ។ ប្រសិនបើអាជីវកម្មអ្នក ត្រូវការពេលវេលាច្រើនដើម្បីកសាង ជាមួយដើមទុនច្រើនផងនោះ កម្ចីធនាគាររយៈពេលវែង អាចនឹងធ្វើឱ្យខាតបង់ការប្រាក់ច្រើន ហើយប្រសិនបើអាជីវកម្មរបស់អ្នក មិនមានស្ថេរភាពហិញ្ញវត្ថុនោះ វាអាចប៉ះពាល់ខ្លាំង ដល់អាជីវកម្មរបស់អ្នកទាំងមូល។

យ៉ាងណាមិញ សម្រាប់គ្រឹះស្ថានធនាគារ ក្នុងប្រទេសកម្ពុជាមួយចំនួន កម្ចីសម្រាប់អាជីវកម្មអាចនឹងទាមទារឱ្យអាជីវកម្មនោះ មានដំណើរការយ៉ាងហោចណាស់ក៏១២ខែ សិនដែរ។

យ៉ាងណាការចេញរកស៊ីក៏ជាការប្រថុយប្រថានមួយដែរ ដូច្នេះបើសិនជាអ្នកប្រ​ថុយដោយភាពក្លាយហាន និងមានទំនុកចិត្តជាមួយនឹងប្រុងប្រយ័ត្ន អ្នកនឹងទទួលបានផលចំណេញមកវិញ តែបើអ្នកស្ទាក់ស្ទើរនិងមិនសូវហ៊ានប្រថុយភ្លាមៗ នោះអ្នកនឹងមានហានិភ័យខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here