អតិថិជនក្រុមហ៊ុន GFX International ៥១ រូបបានទទួលការដោះស្រាយរួចរាល់ហើយ ខណៈក្រុមហ៊ុន ត្រូវបាន សង្ស័យអនុវត្តខុសអាជ្ញាបណ្ណ

ដោយ៖ សុធារី

ភ្នំពេញ៖ អតិថិជន ៥១ រូប ដែលបានបើកគណនី និងធ្វើប្រតិបត្តិការជួញដូរស្របតាមលក្ខខណ្ឌច្បាប់ និង អាជ្ញាបណ្ណដែលផ្តល់ឱ្យក្រុមហ៊ុន ហ្គោលអេហ្វអ៊ិកស៍ អ៊ិនវេសម៉ិន (GoldFX Investment Co., Ltd.-GoldFX Investment) ធ្វើជាឈ្មួញជើងសាឧបករណ៍និស្សន្ទ បានទទួលការដោះស្រាយទូទាត់ប្រាក់វិនិយោគរបស់ខ្លួនគ្រប់ចំនួនរួចរាល់ និងបានធ្វើការបិទគណនីជួញដូរអស់ហើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់និយ័តករមូលបត្រកម្ពុជា កាលពីថ្ងៃ០៤ ខែវិច្ឆិកានេះ។

ខណៈ និយ័តករមូលបត្រកម្ពុជាបាននិងកំពុងអនុវត្តនីតិវិធីជាមន្ត្រីនគរបាលយុត្តិធម៌ រៀបចំសំណុំរឿងក្រោមការដឹកនាំ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លើប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយអតិថិជនផ្សេងទៀត ដែលប្រតិបត្តិការទាំងនេះស្ថិតក្រោមការសង្ស័យនូវការអនុវត្តខុសអាជ្ញាបណ្ណ និងការអនុវត្តពុំមានអាជ្ញាបណ្ណស្របច្បាប់ ដើម្បីកសាងសំណុំរឿងទៅស្ថាប័នអយ្យការស្របតាមនីតិវិធីច្បាប់ ដោយមន្ត្រីនគរបាលយុត្តិធម៌របស់និយ័តករមូលបត្រកម្ពុជានឹងស្នើសុំការអនុវត្តតាមច្បាប់ដ៍តឹងរ៉ឹងចំពោះជនដែលពាក់ព័ន្ធទាំងអស់។

កន្លងមក មន្ត្រីនគរបាល យុត្តិធម៌របស់ ន.ម.ក បានកោះហៅតំណាងម្ចាស់បណ្តឹង២ ក្រុម(ម្ចាស់បណ្តឹងសរុបចំនួន ២៨៤ រូប) និង ម្ចាស់បណ្ដឹងផ្សេងទៀតបានចំនួន១១៣ រូប រួចហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្ដីប្រកាសព័ត៌មានដដែលនេះបានឱ្យដឹងថា មន្ត្រីនគរបាលយុត្តិធម៌របស់ ន.ម.ក បាន និងកំពុងស៊ើបអង្កេតបន្ថែមលើប្រតិបត្តិការរបស់ ក្រុមហ៊ុន GFX International ដែលសង្ស័យថាបានធ្វើប្រតិបត្តិការដោយគ្មានអាជ្ញាបណ្ណ និងដែលមានការ ជាប់ពាក់ពន្ធ័នឹងបណ្តឹងរបស់អតិថិជនមួយចំនួនតាមនីតិវិធីច្បាប់ ដើម្បីរៀបចំជាសំណុំរឿងបញ្ជូនទៅអយ្យការ ចាត់ការតាមនីតិវិធីបន្ត។

គួរបញ្ជាក់ថា ការប្រព្រឹត្តល្មើសទៅនឹងលក្ខខណ្ឌអាជ្ញាបណ្ណ និងប្រតិបត្តិការគ្មានអាជ្ញាបណ្ណ នឹងត្រូវផ្តន្ទាទោស ស្របតាមច្បាប់ស្តីពីការបោះផ្សាយ និងការជួញដូរមូលបត្រមហាជន ដូចខាងក្រោម៖

លើកលែងតែពាណិជ្ជករមូលបត្រអញ្ញត្រកម្ម ឬ ពាណិជ្ជករពាក់ព័ន្ធនឹងប្រតិបត្តិការមូលបត្រអញ្ញត្រកម្ម បុគ្គលណាដែលធ្វើអាជីវកម្មមូលបត្រ ឬ តាំងខ្លួនជាអ្នកធ្វើអាជីវកម្មមូលបត្រក្នុងទម្រង់ជាក្រុមហ៊ុនមូលបត ឬ ជនណាដែលធ្វើជា ឬ តាំងខ្លួនជាភ្នាក់ងារក្រុមហ៊ុនមូលបត្រ ដើម្បីធ្វើអាជីវកម្មមូលបត្រ ដោយគ្មានអាជ្ញា បណ្ណពីអគ្គនាយកន ន. ម.ក. ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ (មួយ) ឆ្នាំ ដល់៥ (ប្រាំ) ឆ្នាំ និងផ្តន្ទាទោស ពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ដល់ ១០.០០០.០០០(ដប់លាន) រៀល។

នីតិបុគ្គលដែលប្រព្រឹត្តបទល្មើសដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី២០.០០០.០០០ (ម្ភៃលាន) រៀល ដល់ច៥០០.០០០.០០០(ប្រាំរយលាន) រៀល។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអតិថិជនទាំងអស់របស់ក្រុមហ៊ុន ព្រមទាំង បុគ្គលពាក់ព័ន្ធ មេត្តាជ្រាប និងចូលរួមសហការតាមនីតិវិធីជាធរមាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here