ជម្រើសវិនិយោគ៤យ៉ាងដើម្បីធានាទៅដល់សេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួននាថ្ងៃអនាគត

ដោយ៖ សុធារី

ភ្នំពេញ៖ ការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនគឺជារឿងមួយដែលមនុស្សគ្រប់រូបត្រូវតែគិតពិចារណា និងអនុវត្តឲ្យបានល្អដើម្បីធានាទៅដល់សេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួននាថ្ងៃអនាគត។ ជាក់ស្ដែងរបៀបនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់មនុស្សម្នាក់ៗគឺពុំដូចគ្នាទេ ដោយវាអាស្រ័យលើចំណេះដឹង ជំនាញ ចំណង់ចំណូលចិត្ត និងគោលដៅជីវិតរបស់ពួកគេមានភាពខុសៗគ្នា។

ដើម្បីគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនឲ្យបានល្អ វាទាមទារឲ្យពួកយើងស្គាល់នូវធាតុសំខាន់ៗ ៤ដែលរួមមាន៖ ចំណូល ចំណាយ បំណុល និងការសន្សំ ឲ្យបានច្បាស់លាស់ ដើម្បីចាត់ចែងលើវាឲ្យបានល្អ ហើយត្រឹមត្រូវ។ ក្រោយពីធ្វើការកំណត់ និងបែងចែកនូវប្រាក់ចំណូលសរុបរបស់ខ្លួនទៅលើ ការចំណាយចាំបាច់ និងគិតគូរលើការសងបំណុលរួចរាល់ហើយនោះ យើងអាចធ្វើការរៀបចំនូវកញ្ចប់ថវិកាដើម្បីសន្សំទុក និងវិនិយោគសម្រាប់ខ្លួនយើងទៅថ្ងៃមុខ ដើម្បីសម្រេចឲ្យបាននូវសេរីភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចុះថាតើ អ្វីជាការវិនិយោគ?
ការវិនិយោគសំដៅទៅលើដំណើរការនៃការដាក់ទុន រួមមានទ្រព្យសម្បត្តិ ចំណេះដឹង ពេលវេលាទៅលើអ្វីមួយដោយរំពឹងថានឹងទទួលបាននូវផលតបស្នង ត្រឡប់ ឬប្រាក់ចំណេញទៅថ្ងៃអនាគត។

ការវិនិយោគគឺមានច្រើនប្រភេទដែលវិនិយោគិនអាចជ្រើសរើសប្រភេទនៃការវិនិយោគនេះដោយខ្លួនឯង ដោយផ្អែកលើចំណេះ ជំនាញ និងចំណង់ចំណូលចិត្តរបស់ខ្លួនផ្ទាល់។ ខាងក្រោមនេះជាប្រភេទនៃការវិនិយោគខ្លះដែលយើងទាំងអស់គ្នាគប្បីស្គាល់៖

១. ការវិនិយោគលើចំណេះដឹង៖
នេះគឺជាការវិនិយោគដ៏ល្អបំផុតសម្រាប់មនុស្សគ្រប់រូប។ ចំណេះដឹងគឺជារឿងដ៏សំខាន់ខ្លាំងណាស់សម្រាប់យើងក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ ហើយវាក៏ជាកត្តាមួយដែលជះឥទ្ធិពលដល់ហិរញ្ញវត្ថុផងដែរ។ រូបភាពនៃការវិនិយោគនេះគឺសំដៅលើការរៀន ការអានសៀវភៅជាប្រចាំ ការស្រាវជ្រាវឯកសារផ្សេងៗជាដើមដើម្បីទទួលបាននូវចំណេះដឹង និងប្រុងប្រៀបលក្ខណៈរួចជាមុនលើបម្រែបម្រួលផ្សេងៗដែលអាចប៉ះពាល់មកលើយើងនៅក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។

២. ការវិនិយោគលើមូលបត្រកម្មសិទ្ធ (Stock)៖
មូលបត្រកម្មសិទ្ធ ឬយើងហៅម្យ៉ាងទៀតថាភាគហ៊ុន។ វាសំដៅលើដំណើរការនៃការជួញដូរ មានទិញនិងលក់ភាគហ៊ុន។ ពួកយើងអាចធ្វើការជួញដូរនៅលើផ្សារមូលបត្រជាច្រើន ហើយក្នុងនោះ នៅប្រទេសកម្ពុជាយើងក៏មានផ្សារមូលបត្រមួយផងដែរដែលមានឈ្មោះថា ផ្សារមូលបត្រកម្ពុជា (CSX) ដែលរួមមានក្រុមហ៊ុន ស្ថាប័នចំនួន ៨ (បច្ចុប្បន្ន) កំពុងធ្វើការដាក់លក់ភាគហ៊ុននេះទៅកាន់សាធារណៈជន។ ក្រៅពីការវិនិយោគផ្សារហ៊ុនក្នុងស្រុក យើងក៏អាចវិនិយោគជាមួយផ្សារហ៊ុនបរទេសផងដែរ ឧទាហរណ៍ផ្សារមូលបត្រថៃ សិង្ហបុរី…ជាដើម។ ការវិនិយោគប្រភេទនេះ វិនិយោគិនត្រូវមានចំណេះដឹងដើម្បីធ្វើការវិភាគលើកត្តាខាងក្នុង [ របាយការណ៍ហិរញ្ញវត្ថុ (Balance sheet, Income Statement…) អនុបាតផ្សេងៗដូចជា P/E, P/B ជាដើម] និងកត្តាខាងក្រៅ (កត្តានយោបាយ សេដ្ឋកិច្ចសកលជាដើម)។ វិនិយោគអាចទទួលបានប្រាក់ចំណេញតាមរយៈការចែកភាគលាភ និងតម្លៃនៃភាគហ៊ុនកើនឡើង។

៣. ការវិនិយោគលើមូលបត្របំណុល (Bond)៖
ក្រុមហ៊ុន ស្ថាប័ន សហគ្រាសអាជីវកម្មបានចុះកិច្ចសន្យាជាមួយសាធារណៈជនដោយធ្វើការដាក់លក់នូវប័ណ្ណបំណុលរបស់គេឲ្យអតិថិជនទិញក្នុងគោលបំណងដើម្បីគៀងគរប្រមូលប្រាក់សម្រាប់អាជីវកម្មរបស់គេនូវតម្លៃមួយជាក់លាក់នៅលើសន្លឹកប័ណ្ណ ដោយក្រុមហ៊ុនអាជីវកម្មនោះមានកាតព្វកិច្ចត្រូវទូទាត់ត្រឡប់ឲ្យវិនិយោគិនវិញនូវតម្លៃជាក់លាក់មួយដែរ (គូប៉ុង) និងត្រូវបង់ត្រឡប់មកវិញទាំងអស់នៅពេលដែលប័ណ្ណបំណុលហ្នឹងដល់ការកំណត់សងមកវិញ។ វិនិយោគិនអាចទទួលបានប្រាក់ចំណេញតាមរយៈគូប៉ុងដែលក្រុមហ៊ុន សហគ្រាសផ្ដល់ឲ្យ។

៤. ការវិនិយោគលើអចលនទ្រព្យ (Real Estate)៖
សព្វថ្ងៃនេះវិស័យអចលនទ្រព្យគឺមានការរីកចម្រើនជាខ្លាំង។ រូបភាពនៃការវិនិយោគ យើងអាចធ្វើការទិញនូវអចលនទ្រព្យមានដូចជា ផ្ទះ ដី ខុនដូ នូវតម្លៃមួយដោយរំពឹងថាតម្លៃអចលនទ្រព្យនោះនឹងមានការកើនឡើងនៅថ្ងៃខាងមុខ ហើយយើងនឹងទទួលបានប្រាក់ចំណេញខ្លះពីការទិញ លក់អចលនទ្រព្យនោះ។
ប្រភេទនៃការវិនិយោគខាងលើនេះ វាអាចនឹងមានហានិភ័យ បើសិនជាវិនិយោគិនមិនបានសិក្សាឲ្យបានស៊ីជម្រៅមុននឹងធ្វើការវិនិយោគ។ ពិតណាស់ការវិនិយោគច្បាស់ជាប៉ះពាល់ដល់ការចាយវាយប្រចាំថ្ងៃពិតមែន តែវាជាគន្លឹះដ៏សំខាន់សម្រាប់មនុស្សគ្រប់រូបដើម្បីឈានទៅរកសេរីភាពហិរញ្ញវត្ថុនៅថ្ងៃខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here