ដោយ: ម៉ាលីស
ភ្នំពេញ៖ នៅក្នុងសម័យទីផ្សារសេរី អាជីវកម្មតែងមានការប្រណាំងប្រជែងគ្នាយ៉ាងគគ្រឹកគគ្រេង ដូចជាការធ្វើសង្គ្រាមដណ្ដើមអាណាចក្រមួយ យកមកធ្វើជាកម្មសិទ្ធិផ្ដាច់មុខរបស់ខ្លួនចឹងដែរ។ ដូចនេះដើម្បីយកឈ្នះនៅក្នុងការប្រណាំងប្រជែងអាជីវកម្ម យើងត្រូវអនុវត្តតាមចំណុចដូចខាងក្រោម៖
១ ត្រូវស្គាល់សត្រូវឲ្យបានច្បាស់លាស់
ការស្គាល់សត្រូវសំដៅទៅលើការដឹងយ៉ាងច្បាស់អំពី ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង របស់សត្រូវដែលយើងហៅកាត់ជាភាសាអង់គ្លេសថា (SWOT)នៃសត្រូវ។ អ្នកត្រូវសិក្សាឲ្យដឹងថា មានសត្រូវប៉ុន្មានដែលជាដៃគូប្រជែងរបស់អ្នកស្វត (SWOT) របស់ពួកគេមានអ្វីខ្លះ? បើរកឃើញថាមានចំណុចអវិជ្ជមានច្រើន អ្នកត្រូវបើកយុទ្ធនាការវាយលុកឲ្យចំចំណុចអវិជ្ជមានទាំងនោះ។កាលបើអ្នកស្គាល់ចំនុច SWOT របស់សត្រូវច្បាស់ នោះច្បាំង១០០ ដងឈ្នះទាំង១០០ដង។
២ ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់
ដូចគ្នាដែរការស្គាល់ខ្លួនឯងឲ្យច្បាស់លាស់ គឺមានន័យថាត្រូវស្គាល់ចំណុចស្វត (SWOT) ទាំង៤គឺ ចំណុចខ្លាំង ចំណុចខ្សោយ ឱកាស និងការគំរាមកំហែង ឲ្យបានច្បាស់លាស់ ការបើនៅក្នុងស្វត មានចំណុចអវិជ្ជមានច្រើនជាងចំណុចវិជ្ជាមាន អ្នកត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាកាត់បន្ថយចំណុចអវិជ្ជមាននិងបង្កើនគំនិតវិជ្ជមានអោយបានច្រើន បើកាលណាអ្នកស្គាល់ខ្លួនឯងបានច្បាស់លាស់នោះច្បាំង១០០ ដងគឺឈ្នះទាំង ១០០ដង ដើម្បីឈ្នះអ្នកដទៃត្រូវយកឈ្នះលើខ្លួនឯងឲបានជាមុនសិន អ្នកមិនអាចហាមឃាត់អ្នកដទៃមិនអោយរីកចម្រើនបាននោះទេ តែអ្នកក៏អាចធ្វើឲ្យខ្លួនឯងរីកចម្រើនជាអ្នកដទៃដែរកុំបារម្ភចំពោះដៃគូប្រកួតប្រជែងតែត្រូវធ្វើឲ្យខ្លួនឯងខ្លាំងក្លាជាងពួកគេ។
៣ ប្រើយុទ្ធសាស្ត្រឈ្នះដាច់
យុទ្ធសាស្ត្រឈ្នះដាច់សំដៅ ដល់ន័យថាយកឈ្នះនូវការប្រកួតឲ្យខានតែបានតែម្ដង ចូរឃ្លាំមើលថាបើមានឱកាសល្អកាលណាត្រូវផ្តួលដៃគូប្រជែងនោះអោយដាច់ពូជទៅ។ នៅក្នុងអាជីវកម្មមិនត្រូវមានមនោសញ្ចេតនាឡើយគេត្រូវរកឲ្យឃើញចំណុចអវិជ្ជមាននៃ ស្វត SWOTហើយវាយឱ្យចំចំណុចអវិជ្ជមាននោះព្រោះថាការប្រកួតប្រជែងដែលនាំឲ្យមានការឈ្នះដាច់មុខពិតប្រាកដ អ្នកត្រូវប្រកាន់ភាពត្រឹមត្រូវយុត្តិធម៌ សីលធម៌និងគុណធម៌ មិនត្រូវធ្វើអំពើអាក្រក់ ទុច្ចរិត ឃោរឃៅ កេងប្រវ័ញ្ចបោកប្រាស់ទៅលើដៃគូប្រកួតប្រជែងឡើយ ត្រូវប្រកាន់គោលធម៌ មួយថាបើឈ្នះដោយអំពើថោកទាបសុខចិត្តចាញ់ប្រសើរជាង។
៤ ប្រើយុទ្ធសាស្រ្តឈ្នះ-ឈ្នះ
បើមើលទៅដូចជាផ្តួលរំលំ ឬបើផ្តូលរំលំហើយនៅតែមិនឈ្នះដៃគូរប្រជែង គេរឹងខ្លាំង ឬមិនដួលរលំនោះទេ អ្នកត្រូវងាកមកប្រើយុទ្ធសាស្ត្រឈ្នះ-ឈ្នះ វិញម្ដងគឺចូលរួមសហការគ្នាឲ្យបានច្រើនឬធំដើម្បីការពារតម្លៃរឺ០ភាពចំណេញទាំងអស់គ្នា យុទ្ធសាស្ត្រឈ្នះឈ្នះមានន័យថាអ្នកកក៏ចំណេញ ដៃគូប្រជែងក៏ចំណេញអតិថិជនក៏ចំណេញគឺចំណេញទាំងអស់គ្នា៕







