បារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល

ដោយ៖ សុធារី

ភ្នំពេញ៖ កាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល។

តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបង្កើនភាពទាក់ទាញ អ្នកទេសចរតាមផ្លូវអាកាសមកព្រះរាជាណាចក្រកម្ពុជា តាមរយៈការជួយទៅដល់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល អនុវត្តបទប្បញ្ញត្តិសុវត្ថិភាពអាកាសចរ និងពង្រឹងនូវលក្ខខណ្ឌសុវត្ថិភាព និងបរិស្ថាននៅក្នុងអាកាសយានដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះផ្តោតលើការងារអាទិភាពចំនួន ៤ ដូចខាងក្រោម៖
១. ពង្រឹងការគ្រប់គ្រងបរិស្ថានអាកាសយានដ្ឋាន
២. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើការថែទាំបច្ចេកទេសអាកាសយាន
៣. ផ្តល់ការបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពពេទ្យអាកាសចរ និង
៤. ពង្រឹងសុវត្ថិភាពអាកាសយានដ្ឋាន

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងឱកាសនេះ លោក ម៉ៅ ហាវណ្ណាល់ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណៈរដ្ឋបារាំង ដែលបានផ្តល់ជំនួយឥតសំណងដ៏មានតម្លៃនេះ ដែលឆ្លើយតប នឹងសេចក្តីត្រូវការ និងការងារជាអាទិភាពនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ លោកបានសង្កត់ធ្ងន់ថា ពិធីចុះហត្ថលេខានៅថ្ងៃនេះជាសក្ខីភាពមួយបង្ហាញពីទំនាក់ទំនងដ៏យូរអង្វែង និងជាផ្លែផ្ការវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អរវាង អាជ្ញាធរអាកាសចរស៊ីវិល នៃប្រទេសទាំងពីរ។ ជាងនេះទៀត វាបានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការវាយតម្លៃខ្ពស់របស់រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង មកលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ឆ្លៀតក្នុង ឱកាសនេះដែរ លោក ម៉ៅ ហាវណ្ណាល់ បានរំលឹកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៩ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា និងអាជ្ញាធរអាកាសចរស៊ីវិលបារាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសជាច្រើន ដើម្បីអនុវត្តគម្រោងផ្សេងៗ ដូចជា គម្រោងកសាងសមត្ថភាពតាមរយៈការផ្តល់ការបណ្តុះបណ្តាលរយៈពេលខ្លី និងរយៈពេលវែង ដល់មន្រ្តីបច្ចេកទេស របស់ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កម្ពុជា ការផ្តល់ជំនាញការរយៈពេលខ្លី-វែង ជួយរៀបចំបទប្បញ្ញត្តិបច្ចេកទេស និងឯកសារណែនាំអាកាសចរស៊ីវិល ក៏ដូចជាការជួយសិក្សា និងវិភាគលើផលប៉ះពាល់សេដ្ឋកិច្ចលើវិស័យដឹកជញ្ជូនតាមផ្លូវអាកាសនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ដែលកិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាបន្តពង្រឹងភាពជាដៃគូដ៏រឹងមាំ របស់រាជរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here