ដោយៈ លក្ខិណា
ភ្នំពេញៈ បន្ទាប់ពីកម្ពុជាទទួលរងនូវផលប៉ះពាល់ ពីវិបត្តិនៃជំងឺកូវីដ១៩ សេវាកម្មធានារ៉ាប់រងនៅកម្ពុជា ក៏ដូចជា ពិភពលោកក៏ទទួលផលប៉ះពាល់ដូចគ្នាដែរ ប៉ុន្តែក្រុមហ៊ុនធានារ៉ាប់រងមួយចំនួន ក៏បានបង្កើតកញ្ចប់សេវាកម្ម សម្រាប់ធានាការពារលើជំងឺកូវី១៩ដែលធ្វើឱ្យសេវាកម្មនេះ ចាប់ផ្ដើមមានការរីកដុះដាលបន្តបន្ទាប់ផងដែរ។
លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានលើកឡើងនាព្រឹកថ្ងៃទី២ វិច្ឆិកានេះថា ដោយមើលឃើញពីហានិភ័យដូចនៃជំងឺកូវីដ១៩ទៅលើប្រជាពលរដ្ឋ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានផ្តល់ជូនបន្ថែមនូវការការពារជំងឺកូវីដ១៩ដោយឥតគិតថ្លៃ ។
ការផ្តល់ជូនការការពារបន្ថែម ឬអត្ថប្រយោជន៍ផ្សេងៗទៀត គឺជាអ្វីដែលហ្វតតេ ឡាយហ្វ៍ តែងតែបង្កើតឡើងជារឿយៗ ព្រោះវាស្របទៅនឹងចក្ខុវិស័យរបស់យើង គឺក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ឈានមុខគេនៅប្រទេសកម្ពុជា ដែលផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុ ការការពារ និងការវិនិយោគតាមរយៈផលិតផល ធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួល និងមានភាពច្នៃប្រឌិត ដែលសាកសម្យនឹងតម្រូវការក្នុងស្រុកព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះ ដល់អតិថិជនរបស់យើង។
លោកបន្តថា រដូវកាលកូវីដ១៩ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំង ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសប្រទេសកំពុងអភិវឌ្ឍដូចប្រទេសកម្ពុជាយើង។ មានក្រុមហ៊ុនជាច្រើនត្រូវបានបិទទ្វារ ជាពិសេសក្រុមហ៊ុនទេសចរណ៍ ជាលទ្ធផលធ្វើឱ្យប្រជាជនមួយចំនួនអត់ការងារធ្វើ និងបាត់បង់ ឬធ្លាក់ចុះនូវប្រាក់ចំណូល ដែលជាកត្តាធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ក្រុមគ្រួសារគាត់ ។
លោកបន្តថា ការបង្កើតកម្មវិធីផ្តល់ជូនពិសេសនេះឡើង ក្នុងគោលបំណងដើម្បីជួយប្រជាជនខ្មែររបស់យើង ជាពិសេសអ្នកដែលបានឆ្លងជំងឺកូវីដ១៩ ពីព្រោះនៅពេលដែលក្រុមគ្រួសារមួយបាត់បង់ប្រាក់ចំណូល ឬប្រាក់ចំណូលរបស់ក្រុមគ្រួសារនោះមានការធ្នាក់ចុះ ហើយគាត់បានឆ្លង ឬទទួលមរណភាពដោយសារជំងឺកូវីដ១៩ទៀត ដូចនេះវាជាបន្ទុកយ៉ាងធ្ងន់ធ្ងរមួយ បន្ថែមទៀតដល់គ្រួសារគាត់។ ដូចនេះ ការការពារបន្ថែមលើជំងឺកូវីដ១៩ នឹងជួយសម្រាលបន្ទុក ក្នុងការចំណាយរបស់គ្រួសារគាត់មួយចំនួនធំ ។
ដោយឡែកលោកប៊ូ ច័ន្ធភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានឱ្យដឹងផងដែរថា ទោះបិជាវិបត្តិកូវីដ១៩ នៅបន្តរាត្បាតក្នុងសកលោក ដែលធ្វើឱ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកល និងសេដ្ឋកិច្ចប្រទេសកម្ពុជាក៏ដោយ ក៏វិស័យធានារ៉ាប់រងកម្ពុជានៅបន្តរីកចម្រើន ដោយរក្សាកំណើនវិជ្ជមានប្រមាណ៨ភាគរយក្នុងឆ្នាំ២០២០ និងព្យាករថានឹងកើនឡើង១០ភាគរយនៅក្នុងឆ្នាំ២០២១នេះ ។
លោកបន្តថា “ទោះបីជាមានការរីកចម្រើនបែបនេះក្ដី តែប្រសិនជាពិនិត្យមើលអត្រាវិភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ចកម្ពុជា មានប្រមាណតែ១,០៤ភាគរយប៉ុណ្ណោះ និងដង់ស៊ីតេធានារ៉ាប់រង មានប្រមាណ១៧,២៦លានដុល្លារក្នុងម្នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ គឺមានកម្រិតទាបនៅឡើយបើធៀបនឹងតំបន់”៕







