ប្រេងពិភពលោកធ្លាក់ថ្លៃហើយ ប៉ុន្តែបែរជាប្រេងកម្ពុជាកើនឡើង

ដោយៈសុខុម

ប្រទេសចិន: ប្រេងបានធ្លាក់ថ្លៃហើយនៅថ្ងៃច័ន្ទ ទី១ វិច្ឆិកា បន្ទាប់ពីប្រទេសចិន ប្រកាសថា ខ្លួនបានបញ្ចេញស្តុកប្រេងសាំង និងប្រេងម៉ាស៊ូតដើម្បីជំរុញការផ្គត់ផ្គង់ដល់ទីផ្សារ ខណៈពេលបណ្ដាវិនិយោគិន កំពុងរង់ចាំអ៊ុតមើលលទ្ធផលនៃកិច្ចប្រជុំ OPEC+ នៅថ្ងៃទី៤ វិច្ឆិកា ដ៏ខ្លីខាងមុខនេះ។

ទីភ្នាក់ងារជាតិគ្រប់គ្រងស្តុកស្បៀងអាហារ និងស្តុកទំនិញជាយុទ្ធសាស្ត្រ (National Food and Strategic Reserves Administration) របស់មហាយក្សចិន បាននិយាយកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅថា ប្រទេសចិន បានបញ្ចេញស្តុកប្រេងឥន្ធនៈទាំង២នេះ ដើម្បីបង្កើនការផ្គត់ផ្គង់ដល់ទីផ្សារ និងដើម្បីរក្សាស្ថិរភាពតម្លៃក្នុងតំបន់មួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រេងឆៅក្នុងទីផ្សារអង់គ្លេស បានធ្លាក់ថ្លៃ២០សេន ឬស្មើនឹង០,២%មកនៅត្រឹម៨៣,៥២ដុល្លារអាមេរិក ក្នុងមួយបារ៉ែល បន្ទាប់ពីឡើងថ្លៃ៦សេនកាលពីថ្ងៃសុក្រ សប្ដាហ៍មុន។

ទន្ទឹមនេះប្រេងឆៅក្នុងទីផ្សារអាមេរិក បានធ្លាក់ថ្លៃ៣៧សេន ឬស្មើនឹង០,៤%មកនៅត្រឹម៨៣,២០ដល្លារអាមេរិក ក្នុងមួយបារ៉ែល ក្រោយឡើងថ្លៃ៧៦សេននៅក្នុងថ្ងៃដដែល។

ប្រេងនៅក្នុងទីផ្សារទាំង២នេះ បានធ្លាក់ថ្លៃកាលពីសប្តាហ៍មុន ដែលជាការធ្លាក់ថ្លៃប្រចាំសប្តាហ៍ជាលើកដំបូង ក្នុងរយៈពេល៨សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអង់គ្លេស និងជាការធ្លាក់ថ្លៃលើកដំបូង ក្នុងរយៈពេល១០សប្តាហ៍ជាប់គ្នា សម្រាប់ទីផ្សារប្រេងអាមេរិក។

យ៉ាងណាតម្លៃប្រេងឥន្ធនៈលក់រាយនៅលើទីផ្សារប្រទេសកម្ពុជា បានបន្តហក់ឡើងមួយកម្រិតទៀត ខណៈរដ្ឋាភិបាលក៏បានប្រកាស បើកប្រទេសបើកសេដ្ឋកិច្ចឡើងវិញដែរនៅថ្ងៃទី១វិច្ឆិកា២០២១នេះ ។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញពីតម្លៃប្រេងឥន្ធនៈ ដែលបន្តហក់ឡើង ក្នុងនោះតម្លៃប្រេងសាំងធម្មតាបានហក់ឡើងពី៤៣០០រៀលក្នុងមួយលីត្រ កាលពីចុងខែតុលាមុនឡើងមកដល់៤៥៥០រៀល ក្នុងមួយលីត្រសម្រាប់លក់ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥វិច្ឆិកា២០២១ ដោយហក់ឡើង២៥០រៀលក្នុងមួយលីត្រ។ ចំណែកប្រេងម៉ាស៊ូតវិញ ក៏បានហក់ឡើងពី៤០០០រៀល ក្នុងមួយលីត្រកាលពីចុងខែតុលាដល់៤១០០រៀល ក្នុងមួយលីត្រសម្រាប់លក់ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៥វិច្ឆិកា២០២១។

ប្រជាពលរដ្ឋដែលប្រើប្រាស់ប្រេងឥន្ធនៈប្រចាំថ្ងៃ បានរអ៊ូរទាំពីបញ្ហាប្រេងឡើងថ្លៃនេះ ដោយពួកគាត់បានលើកឡើងថា ប្រេងឡើងថ្លៃអ្វីៗក៏ត្រូវបានឡើងថ្លៃដូចគ្នា។

អ្នកស្រីស៊ែម សុផារី អាជីវករលក់ផ្លែឈើក្នុងផ្សារអង្គតាសោមបានលើកឡើងថា ចាប់តាំងពីតម្លៃប្រេងសាំង បានហក់ឡើងជាបន្តបន្ទាប់ឈ្មួញ នាំចូលផ្លែឈើក៏ដូចជាឈ្មួញបោះដុំផ្លែឈើ ក៏បានដំឡើងថ្លៃទំនិញដូចគ្នា ដែលធ្វើឱ្យក្រុមអាជីវករជាច្រើនពិបាកក្នុងការលក់ដូរ ពីព្រោះតែអតិថិជនអ្នកទិញ ក៏រអ៊ូរឿងទំនិញឡើងថ្លៃដូចគ្នា ដោយគិតថាក្រុមអាជីវករលក់រាយជាអ្នកដំឡើងថ្លៃទៅវិញ។

អ្នកស្រីបន្តថា ទំនិញចាប់ផ្ដើមឡើង ចាប់តាំងពីសាំងបានឡើងថ្លៃជាបន្តបន្ទាប់ ពោលគឺតាំងពីមុនពិធីបុណ្យភ្ជុំបិណ្ឌមកម្ល៉េះ ដែលជាអំឡុងនៃការឡើងថ្លៃប្រេងសាំងផងដែរ”។អ្នកស្រីបន្តថា “រហូតមកដល់ពេលនេះតម្លៃសាំង នៅតែបន្តឡើងថ្លៃទំនិញផ្សេងក៏នៅតែបន្តឡើងថ្លៃជាបន្តបន្ទាប់ដូចគ្នា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here