ដោយ៖ សូរិយា
ភ្នំពេញ៖ ទោះបីជាកម្ពុជាកំពុងជួបបញ្ហាប្រឈមនិងគ្រោះជំនន់ទឹកភ្លៀង បន្ទាប់ពីមានគ្រោះជំនន់ទឹកភ្លៀងបានកើតឡើងនៅតាមបណ្តោយស្ទឹងព្រែកត្នោត ចាប់ពីខេត្តកំពង់ស្ពឺដល់ភាគខាងត្បូងនៃរាជធានីភ្នំពេញក៏ដោយ មិនមានការរាយការណ៍ណាមួយទេថា រោងចក្រ សហគ្រាសស្នើសុំផ្អាកដំណើរការអាជីវកម្មឡើយ។ នេះតាមការបញ្ជាក់របស់លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ។
លោក ហេង សួរ បានមានប្រសាសន៍ថា “បញ្ហាគ្រោះទឹកជំនន់ ក្រសួងអត់ទទួលព័ត៌មានថារោងចក្រត្រូវបានបិទដោយសាររងគ្រោះទឹកជំនន់ទេ គឺរោងចក្រនិងសហគ្រាសនៅបើកដំណើរការធម្មតា”។ លោកបានបន្តថា “ធម្មតារោងចក្របិទគាត់ជូនដំណឹងមកក្រសួង ប៉ុន្តែមកដល់ពេលនេះ មិនមានទេ ហើយក្រសួងចុះមើលតាមខណ្ឌ អត់មានរបាយការណ៍នេះដែរ”។
ស្របគ្នានេះ លោក វី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា “គិតមកទល់ពេលនេះសម្រាប់ខេត្តកំពង់ស្ពឺ ក៏មិនមានការរាយការណ៍ណាមួយដែរអំពីរោងចក្រ សហគ្រាស រងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយកម្មករនិយោជិតនៅតែបន្តធ្វើការធម្មតា”។ លោកបន្តថា “រោងចក្រ សហគ្រាសទាំងអស់ អាចនិយាយបានថា ទាំងឆ្នាំ២០២០និង២០២១ អត់មានប៉ះពាល់ទេពីគ្រោះទឹកជំនន់”។
លោកបានបញ្ជាក់ទៀតថា ពាក់ព័ន្ធបញ្ហានេះ យើងប្រើប្រាស់យន្តការតាមរយៈមន្ទីរការងារឲ្យគាត់ផ្សព្វផ្សាយទៅដល់រោងចក្រ សហគ្រាសឲ្យមានការប្រុងប្រយ័ត្នទៅលើស្ថានភាពនៃព្យុះ ប៉ុន្តែមកទល់ថ្ងៃនេះ មិនមានរោងចក្រសហគ្រាសណាទទួលរងដោយគ្រោះទឹកជំនន់ទេ។
កាលពីឆ្នាំ២០២០កន្លងទៅ គ្រោះទឹកជំនន់បានធ្វើឱ្យប៉ះពាល់ដល់ចង្វាក់ផលិតកម្មតាមបណ្តារោងចក្រសហគ្រាសជាង៧០កន្លែង ដែលមានទីតាំងនៅភាគខាងត្បូង នៃរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល និងផ្លូវមួយចំនួនឆ្លងកាត់តំបន់នេះ ត្រូវបានផ្អាកចរាចរណ៍ដែលប៉ះពាល់ដល់ការធ្វើដំណើររបស់កម្មករនិយោជិត និងនិយោជក៕







