រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុថាការជំរុញចលនាទេសចរណ៍ផ្ទៃក្នុងជាការលើកស្ទួយកំណើនសេដ្ឋកិច្ចពីវិបត្តិជំងឺកូវីដ១៩

ដោយ ៖លក្ខិណា

ភ្នំពេញ៖ កម្ពុជាបានប្រកាសដាក់ដំណើរការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃសំដៅជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ ក្នុងការស្តារនិងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា អាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ១៩។ នេះបើតាមលោកប្រសាសន៍លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញវត្ថុ ក្នុងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យអនុវត្តគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង កាលពីរសៀលថ្ងៃទី២៨តុលា២០២១កន្លងទៅនេះ។

លោកបានមានប្រសាសន៍ថា គោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ ២០២១-២០២៣ ជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ពិសេសអាចចាប់យកកាលានុវត្តភាពពីវិបត្តិកូវីដ១៩ សំដៅប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព សុវត្ថិភាព និងចីរភាព ព្រមទាំងផ្តល់ផ្លែផ្កាចូលរួមទ្រទ្រង់ការងើបឡើងវិញនៃកំណើនសេដ្ឋកិច្ចផងដែរ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឆ្នាំ២០២១-២០២៣ រៀបចំឡើងដោយឈរលើគោលការណ៍រក្សាបាននូវតុល្យភាព រវាងសកម្មភាពសង្គម-សេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង នឹងផ្តោតសំខាន់ទៅលើការបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋ អាចធ្វើដំណើរបានទូទាំងប្រទេសប្រកបដោយសុវត្ថិភាព សំដៅពង្រឹងបន្ថែមទៀតនូវស្មារតីស្នេហាជាតិ ស្របតាមទិសស្លោក «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី។

លោកបន្ថែមថា គិតមកដល់បច្ចុប្បន្ននេះ ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ស្ថិតនៅក្រោមការគ្រប់គ្រងបានល្អប្រសើរ ដោយអត្រានៃការឆ្លង និងអត្រាស្លាប់ស្ថិតនៅកម្រិតទាប។ លទ្ធផលនេះជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុត សម្រាប់ការឈានការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកដ៏សំខាន់មួយនៃការបើកឱ្យដំណើរការពេញលេញឡើងវិញជាបណ្តើរៗនូវរាល់សកម្មភាពសង្គម សេដ្ឋកិច្ច ស្របតាមគន្លងប្រក្រតីភាពថ្មី។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលនិងឯកជន ដើម្បីស្តារនិងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានបញ្ជាក់ថា ជារួមវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ មានចំណុចសំខាន់ៗដូចជា ទី១៖ ការអនុវត្តសម្រេចឱ្យបាននូវវិធានការគោលនយោបាយ ជំរុញចលនាទេស ចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣នេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់ អាស្រ័យលើការប្តេជ្ញាចិត្ត និងការចូល រួមពីសំណាក់ក្រសួង-ស្ថាប័នពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងប្រជាពល រដ្ឋក្នុងការអនុវត្តស្របតាមតួនាទី ភារកិច្ច និងការទទួល ខុសត្រូវរៀងៗខ្លួន។ ទី២៖ ដើម្បីសម្រេចបានកំណើនភ្ញៀវទេសចរផ្ទៃក្នុងឡើងវិញប្រកបដោយជោគជ័យ ចាំ បាច់ត្រូវពឹងផ្អែកលើកត្តាកំណត់សំខាន់ៗ ដូចជា ល្បឿននៃការចាក់វ៉ាក់សាំងកូវីដ១៩ ស្ថានភាពនៃការគ្រប់គ្រងកូវីដ១៩ ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី និងកត្តាចិត្តសាស្ត្រ។ ទី៣៖ ដើម្បីធានាថាសកម្មភាពទេសចរណ៍ក្នុងស្រុកអាចមានដំណើរការឡើងវិញ ប្រការសំខាន់បំផុតគឺការបង្កើនទំនុកចិត្តរបស់សាធារណជនក្នុងការសម្រេចចិត្ត ធ្វើដំណើរកម្សាន្ត។

បន្ថែមលើនេះ ភាពងាយស្រួលក្នុងការធ្វើដំណើរ ឬរៀបចំសកម្មភាពកម្សាន្តផ្សេងទៀត ក៏ជាកត្តាចាំបាច់ដើម្បីជំរុញសកម្មភាពទេសចរណ៍ក្នុងស្រុក និងការត្រៀមខ្លួនរួចជាស្រេចនៃអាជីវករ-ប្រតិបត្តិករទេសចរណ៍នានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here