ដោយ៖ សុផារី
ភ្នំពេញ៖ មនុស្សគ្រប់រូបតែងរំពឹងទុកថានឹងទទួលបានជីវិតដែលប្រកបទៅដោយក្ដីសុខ មានប្រាក់គ្រប់គ្រាន់សម្រាប់ការរស់នៅប្រចាំថ្ងៃ ហើយស្របជាមួយគ្នានេះផងដែរ ដើម្បីសម្រេចបានគោលដៅនេះ បុគ្គលមួយចំនួនគិតថាការសន្សំគឺជាអ្វីចម្បងដែលត្រូវធ្វើ។ ប៉ុន្តែជាក់ស្តែងទៅ ការសន្សំប្រាក់មួយមុខគឺមិនគ្រប់គ្រាន់ទេ ព្រោះយើងមិនអាចទាយដឹងមុនឡើយថា នឹងមានហេតុការណ៏អ្វីកើតឡើងជាយថាហេតុឬអត់។ ហេតុនេះបានជាការទិញធានារ៉ាប់រង ដើរតួយ៉ាងសំខាន់ ទោះបីជាអ្នកមានប្រាក់សន្សំហើយក៏ដោយ។
ធានារ៉ាប់រងចែកចេញជាច្រើនប្រភេទ ច្រើនសណ្ឋាន ដោយមានគោលបំណងសំខាន់មួយគឺ បង្ការហានិភ័យពេលអនាគត។ ធានារ៉ាបរងដែលសាកសមសម្រាប់អ្នក អាស្រ័យលើការផ្ដោតសំខាន់នៃតម្រូវការចាំបាច់របស់អ្នក។ ប្រសិនបើអ្នកព្រួយបារម្ភអំពីការចំណាយលើសុខភាព នៅពេលដែលអ្នកធ្លាក់ខ្លួនឈឺឬជាអកុសលនៅពេលដែលអ្នកបាត់បង់ជីវិតដោយប្រការណាមួយ ធានារ៉ាប់រ៉ងអាយុជីវិត(Life insurance) ជាជម្រើសល្អសម្រាប់អ្នកនិងមនុស្សជាទីស្រឡាញ់របស់អ្នកដែលនៅរស់។
ធានារ៉ាបរងមានច្រើនប្រភេទណាស់ ប៉ុន្ដែយើងនឹងណែនាំអ្នកពីធានារ៉ាប់រង៤ប្រភេទ ដែលភាគច្រើនមនុស្សចាំចាច់ត្រូវមាន៖
១. ធានារ៉ាប់រងអាយុជីវិត៖
ធានារ៉ាប់រងនេះអាចជួយសម្រាលបន្ទុកគ្រួសារបានច្រើនប្រសិនបើអ្នកជាអ្នករកចំណូលឲ្យគ្រួសារ ព្រោះជាទូទៅប្រាក់ដែលទទួលបានពីធានារ៉ាប់រងនេះគឺច្រើនជាងចំណូលរបស់អ្នក។
២. ធានារ៉ាប់រងសុខភាព៖
អាយុកាលប្រែប្រួល សុខភាពក៏ប្រែតាមវ័យរបស់អ្នកដែរ។ អ្នកមិនអាចមានសុខភាពរឹងមាំរហូតបាននោះទេ នៅក្នុងវេលាណាមួយ បើដល់ពេលយើងនឹងធ្លាក់ខ្លួនឈឺ តែជំងឺមួយចំនួនត្រូវការការចំណាយច្រើន។ ដូចនេះការមានធានារ៉ាប់រងសុខភាពគឺជាជម្រើសដ៏ល្អក្នុងការសម្រាលបន្ទុកចំណាយ ណាមួយគឺអាចចៀសពីបំណុលបានទៀតផង។
៣. ធានារ៉ាប់រងពិការភាព៖
ក្រៅពីធានារ៉ាប់រងសុខភាព កញ្ចប់ធនារ៉ាប់រងពិការភាពក៏អាចចាត់ទុកថាចាំបាច់ដែរ។ ធានារ៉ាប់រងពិការភាពអាចជួយឲ្យអ្នកមានលទ្ធភាពចំណាយលើចំណាយផ្សេងៗប្រចាំថ្ងៃ ក្នុងករណីអ្នកជួបឧបទ្ទវហេតុស្មានមិនដល់ ហើយមិនអាចធ្វើការបានក្នុងរយៈពេលខ្លី ឬវែង។
៤. ធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍៖ គ្រោះថ្នាក់ចរាចរណ៍នៅតែបន្តចោទជាបញ្ហា និងជាគ្រោះថ្នាក់ដល់បុគ្គលគ្រប់រូបដោយសារការបើកបរមិនយកចិត្តទុកដាក់ ឬល្មើសច្បាប់ជាដើម។ដូចនេះហើយការទិញធានារ៉ាប់រងគ្រោះថ្នាក់ចរាចរណ៍អាចជួយឲ្យអ្នកមានទំនុកចិត្តពេលធ្វើដំណើរតាមផ្លូវ។
សរុបមកវិញ ធានារ៉ាប់រងជាកត្តាចាំបាច់ដែលអ្នកមិនគួរមើលរំលង ព្រោះយើងមិនដឹងទេថាហេតុការអ្វីនឹងកើតឡើង។ ការទិញធានារ៉ាប់រងគឺជាការការពារមួយដ៏ល្អ ប៉ុន្ដែមុនសម្រេចចិត្តទិញ អ្នកគួរពិចារណាឲ្យបានល្អិតល្អន់ជាមុនសិនថា កញ្ចប់ធានារ៉ាប់រងប្រភេទណាដែលចាំបាច់សម្រាប់អ្នក៕