កម្ពុជាដាក់ចេញគោលនយោបាយឆ្លើយតបបន្ទាន់ លើកស្ទួយវិស័យកសិកម្មពីផលប៉ះពាល់នៃជំងឺកូវីដ១៩

ដោយ៖ សុផារី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដោយឧត្តមមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ តាមរយៈប្រព័ន្ធអនឡាញ ដែលកិច្ចប្រជុំដឹកនាំដោយ ឯកឧត្តមបណ្ឌិត Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី។

បន្ទាប់ពីលោក Syahrul Yasin Limpo រដ្ឋមន្ត្រីក្រសួងកសិកម្ម សាធារណរដ្ឋឥណ្ឌូនេស៊ី និងជាប្រធានកិច្ចប្រជុំបានថ្លែងមតិស្វាគមន៍ និងចំណាប់អារម្មណ៍លើវឌ្ឍនភាព និងបញ្ហាប្រឈមលើវិស័យស្បៀង កសិកម្ម និងព្រៃឈើជារួមរួចមក លោក វេង សាខុន បានវាយតម្លៃខ្ពស់ចំពោះប្រទេសជាសមាជិកអាស៊ានទាំងអស់ ជាពិសេសលេខាធិការដ្ឋានអាស៊ាន ដោយបានរួមគ្នាចេញសេចក្តីថ្លែងការណ៍ឆ្នាំ២០២០ក្នុងការឆ្លើយតមទៅនឹងការរាតត្បាតជំងឺកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀង សុវត្ថិភាពចំណីអាហារ និងអាហារូបត្ថម្ភក្នុងអាស៊ាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានបន្ថែមថា យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ទៅលើវិស័យកសិកម្ម ធានាបានសន្តិសុខស្បៀង ការងារនិងប្រាក់ជំណូលនៅជនបទ និងធានាបានម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញនូវគោលនយោបាយឆ្លើយតបបន្ទាន់ រយៈពេលខ្លីនិងវែង ដោយផ្តោតជាសំខាន់លើការជំរុញនិងបង្កើនផលិតកម្មក្នុងស្រុក ធានាសន្តិសុខស្បៀងសម្រាប់ប្រជាជនខ្លួន បង្កើនខ្សែច្រវាក់តម្លៃបន្ថែម ការកែច្នៃ វេចខ្ចប់ប្រកបដោយគុណភាព សុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញតាមរយៈការអនុវត្តអភិក្រម “រដ្ឋ-ដៃគូអភិវឌ្ឍន៍-ឯកជន-សហគមន៍”។

កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣ ផ្តោតសំខាន់លើប្រធានបទ មានជាអាទិ៍៖
១. ផលប៉ះពាល់នៃការរាតត្បាតជំងឺកូវីដ១៩ ដល់វិស័យស្បៀង កសិកម្ម និងព្រៃឈើ និងកិច្ចខិតខំស្តារឡើងវិញ
២. វឌ្ឍនភាពក្នុងការអនុវត្ត ក្របខ័ណ្ឌគោលនយោបាយទាក់ទងនឹងកិច្ចសហប្រតិបត្តិការអាស៊ីក្នុងវិស័យស្បៀង កសិកម្ម និងព្រៃឈើ
៣. បញ្ជីទំនិញស្បៀង និងកសិកម្មក្នុងក្របខ័ណ្ឌនៃការស្តារឡើងវិញគ្រប់ជ្រុងជ្រោយអាស៊ានពីការរាតត្បាតជំងឺកូវីដ១៩
៤. ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក ៣ លើកទី២១
៥. បញ្ហាផ្សេងៗ ដូចជាការដាក់ឲ្យអនុវត្តគម្រោងវៃឆ្លាតអាស៊ាន
៦. កិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចរវាងសហរដ្ឋអាមេរិក និង អាស៊ាន
៧. កិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងក្រុមប្រឹក្សាស្រាវជ្រាវកសិកម្មអន្តរជាតិតែមួយ (ONE CGIAR)
៨. សេចក្តីថ្លែងការរួមនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៤៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here