ដោយ ៖ លក្ខិណា
ភ្នំពេញ ៖ ទោះបីកម្ពុជាជួបប្រទះនឹងវិបត្តិដោយសារតែជំងឺកូវីដ១៩ក្ដី តែវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជានៅតែមានដំណើរការរលូន ក្នុងនោះទាំងឥណទាននិងប្រាក់បញ្ញើរសន្សំ ក៏ឃើញថាមានកំណើនគួរឱ្យកត់សម្គាល់ដែរ ។ នៅដំណាច់ឆ្នាំ២០២១នេះ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជារំពឹងថានឹងទទួលបានកំណើនបន្ថែមទៀតខណៈរយៈពេលកន្លះឆ្នាំដំបូងវិស័យនេះទទួលបានកំណើនប្រសើរ ។
លោកគា បូរាណ ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ នៅក្នុងវេទិកាសន្សំប្រាក់អាស៊ានកាលពីព្រឹកថ្ងៃទី២៧ តុលា២០២១នេះឱ្យដឹងថា គិតត្រឹមដំណាច់ខែមិថុនា២០២១ គ្រាន់តែសមាជិកជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៦បានទទួលប្រាក់បញ្ញើ សរុបចំនួនជាង៣.៨៨៣លានដុល្លារអាមេរិក ពីអតិថិជនជាង២,៨លាននាក់ ។ លោករំពឹងថាចំនួនប្រាក់បញ្ញើនេះ នឹងបន្តកើនឡើងទៅទៀតតាមរយៈសេវាកម្មដែលមានភាពច្នៃប្រឌិត និងងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ ។
លោកបន្តថា កន្លងមកការអនុញ្ញាតរបស់ធនាគារជាតិនៃកម្ពុជា អោយមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ចើ បានជំរុញអោយស្ថាប័នទាំងនោះមានលិទ្ធភាពផ្តល់សេវាសន្សំដល់ប្រជាជន បានកាន់តែច្រើនឡើង។ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ ២០១៦-២០២០ កំណើនចំនួនគណនីសន្សំមានការកើនឡើងជិត២ដង រហូតដល់ជិត៩លានគណនីត្រឹមដំណាច់ឆ្នាំ២០២០ សម្រាប់វិស័យហិរញ្ញវត្ថុទាំងមូល។
លោកបន្ថែម ទោះយ៉ាងនេះក្តី ក៏នៅតែមានប្រជាជនជាច្រើនទៀត ពិសេសតាមតំបន់ជនបទ និងអ្នកមានចំណូលទាប ពុំទានបានប្រើប្រាស់ការសន្សំផ្លូវការជាមួយគ្រឹះស្ថានមានអាជ្ញាប័ណ្ណចេញដោយធនាគារជាតិនៃកម្ពុជា។ ដូចនេះហើយ ពិធីថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងជំរុញការលើកកម្ពស់ និងពង្រឹងបន្ថែម ដើម្បីទទួលបានជោគជ័យនូវយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ២០១៩-២០២៥ ។
លោកបន្ថែមទៀតថា ចំណេះដឹងហិរញ្ញវត្ថុដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យមានទម្លាប់ក្នុងការសន្សំ ។លោកថា៖«ក្នុងនាមជាសមាគម យើងសូមអរគុណដល់ធនាគារជាតិនៃកម្ពុជាដែលដឹកនាំព្រមទាំងផលិតនូវឯកសារ ជាសៀវភៅ និងកំរងវីដេអូអប់រំខ្លី ( តោះនិយាយពីលុយ)ដើម្បីបញ្ជ្រាបចំណេះដឹងហិរញ្ញវត្ថុក៏ដូចពីសារសំខាន់ក្នុងការប្រើប្រាស់លុយផងដែរ ។
បើតាមបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានានៅកម្ពុជាក៏បានបញ្ជាក់ពីកំណើននៃប្រាក់បញ្ញើរបស់ខ្លួនក្នុងវិបត្តិកូវីដ១៩នេះ ដែលខុសពីការប៉ាន់ស្មានថាប្រាក់បញ្ញើរបស់គ្រឹះស្ថានហិរញ្ញវត្ថុអាចនឹងថយចុះ ដោយសារតែពលរដ្ឋជួបវិបត្តិ៕







