ព័រណ៍ការងារនិងផលិតភាពជាតិឆ្នាំ២០២១ នៅតែបន្តរៀបចំតាមប្រព័ន្ធអនឡាញ

         ដោយៈ ម៉ាលីនណា

         ភ្នំពេញៈ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៤-៥ ខែវិច្ឆិកាខាងមុខនេះ គ្រោងបើកពិព័រណ៍ការងារនិងផលិតភាពជាតិ ឆ្នាំ២០២១ ដែលនឹងរៀបចំឡើងតាមប្រព័ន្ធអនឡាញ ដូចទៅនឹងឆ្នាំ២០២០ដដែល ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩។

លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១កន្លងទៅ បានមានប្រសាសន៍ថា ពិព័រណ៍នេះបន្តរៀបចំតាមអនឡាញដូចឆ្នាំមុនដែរ ដោយសារយោងលើកត្តាកូវីដ ហើយនិងទិដ្ឋភាពនៃការរក្សាគម្លាត ដោយមានគេហទំព័រ www.careerfair.nea.gov.kh សម្រាប់ផ្ដល់នូវជម្រើសដែលមានភាពបត់ បែនកាន់តែងាយស្រួល ព្រមទាំងបង្ការនូវសុវត្ថិភាព សុខភាព និងអនាម័យពីជំងឺកូវីដ១៩ ស្របពេលដែលទីផ្សារការងារកម្ពុជា កំពុងមានសន្ទុះតម្រូវការកម្លាំងពលកម្មឡើងវិញ នៅតាមវិស័យមួយចំនួន ជាពិសេសជួយគាំទ្រដល់យុវជន និងអ្នកស្វែងរកការងារអាចដាក់ពាក្យ និងសម្ភាសជាមួយក្រុមហ៊ុនតាមអនឡាញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកលើកឡើងថា មកទល់ពេលនេះមានក្រុមហ៊ុន សហគ្រាស ក្រសួង ស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលចំនួនប្រមាណ៩០ បានចុះឈ្មោះចូលរួមក្នុងពិព័រណ៌អនឡាញ។ លោកបន្តទៀតថា ដោយសារឆ្នាំនេះចំនួនក្រុមហ៊ុនចូលរួមកើន បានន័យថាឆ្នាំមុនមានចំនួនតែ៣០ ហើយពេលនេះច្រើនរហូតដល់មួយភាគបី បើគិតជាចំនួនបើកឱកាសការងារក៏មានលក្ខណៈចម្រុះជាងមុនដែរ។

ដូច្នេះសុំឲ្យទាំងនិយោជក អ្នកស្វែងរកការងារធ្វើយ៉ាងណាគាំទ្រ ទៅលើការរៀបចំក៏ដូចជាឱកាសទៅក្នុងការស្រូបយកការងារ ឬស្រូបយកកម្លាំងពលកម្មពីការជួយជ្រោ​មជ្រែងរបស់ក្រសួងការងារ ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការជំរុញឲ្យទីផ្សារការងារមានដំណើរការ និងទិដ្ឋភាព ទោះបីជានៅក្នុងអំឡុងពេលកូវីដ១៩ក៏ដោយ។

លោកហៃ ហ៊ុនឡេងបានបន្ថែមថា នេះជាក្តីសង្ឃឹមមួយសម្រាប់ទីផ្សារការងារដែរ យើងឃើញថា ទោះបីក្នុងលក្ខខណ្ឌដែលប្រទេសជាតិ កំពុងរងសម្ពាធដោយសារកូវីដ ប៉ុន្តែតម្រូវការការងារ ក៏ដូចជាតម្រូវជ្រើសរើសកម្លាំងពលកម្ម បុគ្គលិក គឺនៅតែមានបន្តហើយនិរន្តភាពតាមរយៈការជួយរបស់ក្រសួងការងារ និងរបស់រាជរដ្ឋាភិបាល។

ពិព័រណ៍ការងារ និងផលិតភាពជាតិអនឡាញ ឆ្នាំ២០២១ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលត្រូវបានរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) រាជធានីភ្នំពេញ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងមានការចូលរួមគ្រាំទ្រពីក្រសួង ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល និងអង្គការជាតិ-អន្ដរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here