អាមេរិកសន្យានឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា គាំទ្រក្នុងកិច្ចសហប្រតិបត្តិការវិស័យឌីជីថល សន្តិសុខ និងសន្តិភាព

ដោយ៖ សុផារី

អាស៊ាន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកាសថា អាមេរិកនឹងផ្ដល់ថវិកាបន្ថែមចំនួន ១០២លានដុល្លា ដើម្បីគាំទ្រក្នុងកិច្ចសហប្រតិបត្តិការជាមួយអាស៊ានបន្តទៀត ក្នុងនោះអាមេរិកនឹងបន្តតួនាទីស្នូលរបស់អាស៊ាននៅក្នុងកិច្ចសហការក្នុងតំបន់ ជាពិសេសក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិកនេះ។ ការប្រកាសនេះធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៩ កាលពីនៅរាត្រីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២១។

សហរដ្ឋអាមេរិក និងអាស៊ានក៏បានជំរុញនូវកិច្ចសហប្រតិបត្តិការទៅលើវិស័យឌីជីថល និងធ្វើយ៉ាងណាឱ្យអាស៊ានមានសន្តិសុខ និងសន្តិភាព។ នៅឆ្នាំក្រោយអាស៊ាន និងសហរដ្ឋអាមេរិកនឹងប្រារព្ធខួប ៤៥ឆ្នាំ នៃទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ នេះបើតាមការប្រកាសតាមរយៈបណ្តាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប្រជាធិបតីសហរដ្ឋអាមេរិកក៏បានលើកអំពីអ្វី ដែលអាមេរិកមានជាមួយនឹងអាស៊ានថាជាទំនាក់ទំនងរឹងមាំ ជាពិសេសសហរដ្ឋអាមេរិកប្ដេជ្ញាខ្ពស់បន្តការគាំទ្រដល់អាស៊ាននឹងបន្តកិច្ចសហប្រតិបត្តិការទៅលើវិស័យជាច្រើន។ ជាមួយគ្នានេះលោកប្រធានាធិបតីសហរដ្ឋអាមេរិកក៏បានប្រកាសជាគោលដៅសហរដ្ឋអាមេរិកនឹងបែងចែកវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន១ពាន់លានដូសនាពេលខាងមុខ។

នៅក្នុងកិច្ចប្រជុំនេះប្រមុខថ្នាក់ដឹកនាំអាស៊ាន និងអាមេរិក បានវាយតម្លៃខ្ពស់អំពីការរីកចម្រើន នូវសមិទ្ធិផល នៃភាពជាដៃគូយុទ្ធសាស្ត្ររវាងអាស៊ាន និងសហរដ្ឋអាមេរិក ដែលមានកិច្ចសហប្រតិបត្តិការជាច្រើនវិស័យ ដូចជាទី១ ពាក់ព័ន្ធទៅនឹងកូវីដ១៩ ដែលសហរដ្ឋអាមេរិកបានផ្ដល់ការគាំទ្រជាច្រើនរួមទាំងមានការជួយសមាជិកអាស៊ាននីមួយៗផងដែរ។

ប្រមុខថ្នាក់ដឹកនាំអាស៊ានបានវាយតម្លៃខ្ពស់អំពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ជាពិសេសការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ។ ក្នុងនោះប្រមុខថ្នាក់ដឹកនាំអាស៊ានក៏បានវាយតម្លៃខ្ពស់អំពីការជម្រុញការបង្កើនពាណិជ្ជកម្ម និងវិនិយោគ។
នៅក្នុងកិច្ចប្រជុំ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ក៏បានលើកឡើងអំពីតួនាទីរបស់អាស៊ានក្នុងការសម្របសម្រួល ជាពិសេសទៅលើកិច្ចសហការសន្តិសុខ។
នេះជាលើកដំបូងហើយដែលប្រធានាធិបតី ចូ បៃដិន បានចូលរួមកិច្ចប្រជុំអាស៊ានសហរដ្ឋអាមេរិកលើកទី៩នេះ ហើយមេដឹកនាំអាស៊ានក៏ដូចជាសម្ដេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការចូលរួមរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here