៤យុទ្ធសាស្រ្តទីផ្សារដែលជួយឱ្យអាជីវកម្មរបស់លោកអ្នកដំណើរការល្អ

ដោយ ៖ សុធារី

ភ្នំពេញ៖ ការធ្វើទីផ្សារជាស្នូលក្នុងការធ្វើឲ្យអាជីវកម្មឱ្យដំណើរការបានកាន់តែប្រសើរ ដោយសារវាជាយុទ្ធសាស្ត្រមួយដែលធ្វើឡើងដើម្បីទាក់ទាញអតិថិជនឲ្យស្គាល់អំពីអាជីវកម្មរបស់អ្នកច្រើនជាងមុន។ ជាទូទៅ អាជីវកម្មដែលទើបតែបង្កើតថ្មី តែងជួបការលំបាកក្នុងការធ្វើទីផ្សារមួយឲ្យត្រូវទៅកាន់អតិថិជនតាមគោលដៅ។ ប៉ុន្តែអ្នកមិនចាំបាច់ព្រួយបារម្ភពីបញ្ហានេះទៀតទេ ៤យុទ្ធសាស្រ្តទីផ្សារខាងក្រោម នឹងជួយឱ្យអាជីវកម្មរបស់លោកអ្នកដំណើរការល្អ។

១. បង្កើតយីហោសម្រាប់អាជីវកម្ម
ចំណុចដំបូង ដែលអ្នកគួរពិចារណាទាក់ទងពីការធ្វើទីផ្សារគឺការបង្កើតស្លាកយីហោដល់អាជីវកម្មអ្នក។ អ្វីដែលអ្នកគប្បីផ្ដោតលើ គឺការដាក់ឈ្មោះដែលមានភាពប្លែកពីគេ មិនលើសពី ៤ពាក្យ និងចៀសវាងការពិពណ៌នាជ្រុលពេក។ បន្ទាប់មកគឺការជ្រើសរើសនិមិត្តសញ្ញា ឬស្លាកសញ្ញាដែលបង្ហាញពីសារដែលអ្នកចង់ផ្ដល់ឲ្យអតិថិជន ទាក់ទងនឹងអាជីកម្មរបស់អ្នក។ ក្រៅពីនេះ ពណ៌ក៏ជាចំណុចសំខាន់មួយ ដែលអ្នកត្រូវប្រុងប្រយ័ត្នក្នុងការជ្រើសរើសដែរ ដោយវាត្រូវមានភាពស៊ីគ្នាទៅនឹងឈ្មោះ ប្រភេទអាជីវកម្ម ស្លាកសញ្ញា ហើយពេលខ្លះអាចឈានដល់ការគិតពីហ៊ុងស៊ុយថែមទៀតផង។ នេះហាក់ប្រៀបដូចជាការបង្កើតអត្តសញ្ញាណសម្រាប់អាជីវកម្មរបស់អ្នកផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

២. កំណត់អតិថិជនគោលដៅឲ្យបានច្បាស់លាស់
នរណាជាអតិថិជនគោលដៅនៃអាជីវកម្មរបស់អ្នក? ហើយអ្នកទាំងនោះបានស្គាល់ម៉ាកយីហោរបស់អ្នកហើយ ឬនៅ? ធ្វើយ៉ាងណាឲ្យពួកគេទិញផលិតផល ឬសេវាកម្មដែលអ្នកកំពុងលក់? សំណួរទាំងនេះ អ្នកអាចសួរខ្លួនឯង ដើម្បីជាជំនួយក្នុងការកំណត់អតិថិជនឲ្យត្រូវនឹងប្រភេទអាជីវកម្មរបស់អ្នក។ និយាយយ៉ាងសាមញ្ញគឺអតិថិជនដែលអ្នកជឿថានឹងទិញផលិតផល ឬប្រើប្រាស់សេវាកម្មរបស់អ្នក។ ការធ្វើបែបនេះជួយអ្នកឲ្យធ្វើទីផ្សារចំគោលដៅ និងមានប្រសិទ្ធភាព ។

៣. ការធ្វើប្រម៉ូសិន
ដើម្បីទាក់ទាញអតិថិជនឲ្យបានកាន់តែច្រើន អាជីវកម្មថ្មីថ្មោងគួរសាកល្បងយុទ្ធសាស្រ្តធ្វើប្រូម៉ូសិន ដែលវិធីនេះនឹងជួយឲ្យអតិថិជនចាប់អារម្មណ៍ និងចង់ស្គាល់ប្រភេទអាជីវកម្មរបស់អ្នក ជាមួយនឹងការចង់សាកប្រើផលិតផល ឬសេវាកម្មដែលផ្ដល់ដោយអាជីវកម្មរបស់អ្នក។ អ្នកអាចពិចារណានូវចំណុចទាំងនេះមានដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្ម (អនឡាញ ឬដោយផ្ទាល់) ដើម្បីឲ្យពួកគេស្គាល់ពីយីហោ និងផលិតផលអាជីវកម្មរបស់អ្នក ដោយគួរមានការបញ្ចុះតម្លៃជាភាគរយ ផ្ដល់ជាគូប៉ុង ឬប្រភេទប្រម៉ូសិនផ្សេងៗទៀតដូចជា ទិញមួយថែមមួយជាដើម។

៤. ជ្រើសរើសឧបករណ៍ផ្សព្វផ្សាយ
ឧបករណ៍ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាពមួយ ក៏មានចំណែកសំខាន់ក្នុងការជ្រោមជ្រែង ការធ្វើទីផ្សារឲ្យជោគជ័យ និងទទួលបានលទ្ធផលល្អតាមការរំពឹងទុកជាដើម។ មានយុទ្ធសាស្រ្តល្អហើយ តែមិនចេះជ្រើសរើសឧបករណ៍ដែលសក្តិសម អាចជាបញ្ហាមួយបន្ថែមទៀត ដោយសារអតិថិជនអាចស្គាល់ និងចាប់អារម្មណ៍ដល់អាជីវកម្មរបស់អ្នក គឺអាស្រ័យលើឧបរណ៍ផ្សព្វផ្សាយនេះតែម្ដង។ សម័យបច្ចុប្បន្ន ប្រជាជនជាច្រើនកំពុងនិយមប្រើប្រាស់បណ្ដាញសង្គមដូចជា ហ្វេសប៊ុក និងអ៊ីនស្តាក្រាម ដូចនេះអ្នកអាចពិចារណាប្រើប្រាស់វាជាឧបករណ៍ក្នុងការណែនាំអាជីវកម្មដល់អតិថិជនគោលដៅរបស់អ្នកបាន។

ការធ្វើទីផ្សារដ៏ត្រឹមត្រូវ ពិតជាមានសារ:សំខាន់ណាស់ចំពោះអាជីវកម្មទាំងឡាយ ពិសេសអាជីវកម្មថ្មីថ្មោង ដែលមានបទពិសោធន៍នៅក្នុងទីផ្សារតិច ព្រោះវាអាចជួយឲ្យវត្តមាននៃអាជីវកម្មនោះ មានភាពទាក់ទាញ ដោយមានគេស្គាល់កាន់តែច្បាស់ និងទទួលបានអតិថិជនគោលដៅកាន់តែច្រើនឡើងផងដែរ។ ដូចនេះ ការបកស្រាយខាងលើ គឺជាគោលគំនិតខ្លះៗ ដែលអ្នកអាចយកមកវិភាគថាគួរធ្វើតាមហ្នឹងឬអត់នៅក្នុងការអភិវឌ្ឍ និងដឹកនាំអាជីវកម្មរបស់អ្នកឲ្យជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here