រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់និងការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្ត ៤ចំណុច

ដោយ៖ សុធារី

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ មានវត្តមានសមាជិក សមាជិការដ្ឋសភាចំនួន ១១១រូប ក្រោមអធិបតីភាពសម្ដេច ហេង សំរិន ប្រធានរដ្ឋសភា និងវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិករាជរដ្ឋាភិបាលមួយចំនួនទៀតផងដែរ ដោយបានលើកយករបៀបវារៈមួយចំនួនមកពិភាក្សា និងអនុម័ត។

លទ្ធផលសម័យប្រជុំរដ្ឋសភាលើកទី៦ និតិកាលទី៦ មានដូចខាងក្រោម៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

១. អង្គសភាបានធ្វើការបោះឆ្នោតផ្តល់ សេចក្តីទុកចិត្តលើការបំពេញបន្ថែមសម្រាប់សុខភាពសមាជិកនៃរាជរដ្ឋាភិបាល លោក ប៉ា សុជាតិវង្ស ជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ដោយទទួលបានសម្លេងព្រម មានចំនួន ១១១ សំឡេង។

២. ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា ៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។
– សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះមាន៣ មាត្រា។
– លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
– លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ មានចំនួន២ រូប គឺ លោក សេរី កុសល និង លោក ទី សុគន្ធ។
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន១១១ សំឡេង។

៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និង អង្គការសហប្រជាជាតិ ទាក់ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងនៅក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យស្តីពីការរៀបចំក្នុងពេលអន្តរកាលនិងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ។
– សេចក្តីព្រាងច្បាប់នេះមាន៣ មាត្រា។
– លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
– លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
– សមាជិករដ្ឋសភាដែលឡើងមានមតិ ក្នុងការពិភាក្សាសេចក្តីព្រាងច្បាប់នេះ គឺ លោក ឈាង វុន។
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន១១១ សំឡេង។

៤. ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ភាពជាដៃគូរវាងរដ្ឋ និងឯកជន
– សេចក្តីព្រាងច្បាប់នេះមាន១៤ ជំពូក និង ៤៩ មាត្រា។
– លោក ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភាពីលទ្ធផលនៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។
– លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។
– អង្គសភាបានអនុម័តយល់ព្រម លើសេចក្តីព្រាងច្បាប់ទាំងមូល មានចំនួន១០៧ សំឡេង៕

LEAVE A REPLY

Please enter your comment!
Please enter your name here