ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាមកើនដល់៦,០៣ ប៊ីលានដុល្លារអាមេរិក ក្នុងរយៈ ពេល៧ខែក្នុងឆ្នាំ២០២១

ដោយ៖ សុផារី

ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់នយោបាយរវាងកម្ពុជា-វៀតណាម លើកទី៧ តាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់លោកស្រី សឿង រដ្ឋចាវី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោក ង្វៀន គួកហ្ស៊ុង អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កម្ពុជានិងវៀតណាមបានពិភាក្សាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការព្រំដែន ភាគីទាំងពីរបានស្វាគមន៍ពិធីផ្លាស់ប្តូរលិខិតូបករណ៍ នៃការផ្តល់សច្ចាប័នលើឯកសារច្បាប់សំខាន់ចំនួនពីរ ដើម្បីកត់ត្រាការសម្រេចបាន៨៤% នៃការខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរជាផ្លូវការ។ ភាគីទាំងពីរបានឯកភាពធ្វើការពន្លឿនកិច្ចពិភាក្សាក្នុងការស្វែងរកដំណោះស្រាយ ដែលអាចទទួលយកបានទាំងសងខាងចំពោះព្រំដែនគោកចំនួន១៦% ដែលនៅសល់មិនទាន់បានខណ្ឌសីមា។

ភាគីទាំងពីរបានកត់សម្គាល់ដោយពេញចិត្តអំពីនិន្នាការវិជ្ជមាន នៃពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម ទោះបីស្ថិតក្នុងស្ថានភាពសេដ្ឋកិច្ចដ៏លំបាកដែលបានអូសបន្លាយដោយសារជំងឺរីករាលដាលសកលនេះ។ ទំហំពាណិជ្ជកម្មបានកើនឡើងជាលំដាប់ពីចំនួន៥,២៦ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដល់៥,៣៣ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០ និងបានកើនដល់៦,០៣ ប៊ីលានដុល្លារអាមេរិក ត្រឹមរយៈ ពេល៧ខែក្នុងឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ភាគីទាំងពីរបានពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំលើកទី១៩ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែធ្នូ ឆ្នាំ២០២១ នៅកម្ពុជា និងការប្រារព្ធខួបលើកទី ៥៥ នៃការ បង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា- វៀតណាម។ ប្រទេសទាំងពីរបានឯកភាពកំណត់យកឆ្នាំ២០២២ ជា “ឆ្នាំមិត្ត ភាពកម្ពុជា-វៀតណាម”។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់អំពីសកម្មភាពនានា ដើម្បីរួមគ្នាអបអរសាទរនូវសមិទ្ធផលសំខាន់ៗ នៅក្នុងទំនាក់ទំនងកម្ពុជា-វៀត ណាម។

ទន្ទឹមនឹងការសំដែងនូវការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13) ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី២៥-២៦ ខែ វិច្ឆិកា ឆ្នាំ២០២១ និងការទទួលតំណែងជាប្រធានអាស៊ានឆ្នាំ២០២២ វៀតណាម ក៏បានបញ្ជាក់សាជាថ្មីម្ដងទៀតអំពីការគាំទ្រយ៉ាងពេញលេញចំពោះកម្ពុជាផងដែរ។ ភាគីទាំងពីរបានគូសបញ្ជាក់ពីសារសំខាន់នៃការធ្វើការជិតស្និទ្ធជាមួយគ្នា ដើម្បីពង្រឹងឯកភាពអាស៊ាន មជ្ឈភាពអាស៊ាន និងសារសំខាន់របស់អាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ ដែលកំពុងវិវត្តន៍ ដើម្បីថែរក្សាសន្តិភាព សន្តិសុខ និងស្ថេរភាពសម្រាប់ការអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅក្នុងតំបន់ និងពិភព លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here