ដោយៈ សុផារី
ភ្នំពេញៈ លោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអនុញ្ញាតឲ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ដោយកម្មវត្ថុនៃជំនួបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។
លោកវេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម ស្របពេលដែលវិស័យមួយនេះបាន និងកំពុងត្រូវការអភិវឌ្ឍលើអនុវិស័យសំខាន់ៗ មួយចំនួន ដូចជា ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការងារស្រាវជ្រាវ និងការកែច្នៃកសិផល។ល។ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។
លោកបន្តថា “លើសពីនេះវិស័យកែច្នៃកសិផល នឹងត្រូវបានលើកកម្ពស់ មានតម្លៃផ្នែកសេដ្ឋកិច្ច ប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ជាពិសេសស្រូបយកពលកម្មក្នុងស្រុក និងបង្កើនប្រាក់ចំណូល។ល។”។
ឆ្លៀតយកឱកាសនេះ លោកបានអំពាវនាវឱ្យវិស័យឯកជនចិន ចូលរួមវិនិយោគឲ្យបានពេញលេញលើគ្រប់ខ្សែច្រវាក់ផលិតកម្ម កែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ធ្វើយ៉ាងណាច្បាមយកកាលានុវត្តភាព ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច និងនិរន្តរភាពផលិតកម្មកសិកម្ម ហើយសង្ឃឹមថាកសិផលកម្ពុជា នឹងមានឱកាសបង្ហាញខ្លួននៅលើទីផ្សារអន្តរជាតិកាន់តែច្រើនថែមទៀត ពិសេសទីផ្សារចិន ដោយឈរលើស្តង់ដារគុណភាព សុវត្ថិភាព និងការប្រកួតប្រជែង។
លោកនាយកក្រុមហ៊ុន បានលើកឡើងថាកសិកម្មកម្ពុជា មានសក្តានុពល ប៉ុន្តែបញ្ហានៅត្រង់ថា មិនទាន់បានប្រើបច្ចេកវិទ្យា ដើម្បីបង្កើនផលិតភាពផលិតកម្ម ការងារស្រាវជ្រាវ និងកែច្នៃ ហេតុដូច្នេះហើយក្រុមហ៊ុន បានអញ្ជើញវិទ្យាស្ថានសំខាន់ៗចំនួនបីមកធ្វើការសិក្សាស្រាវជ្រាវទាក់ទង ដំណាំឈើហូបផ្លែតំបន់ត្រូពិច វិទ្យាស្ថានទាំងបីនោះដូចជា ទី១- វិទ្យាស្ថានស្រាវជ្រាវដំណាំអនុតំបន់ត្រូពិចខាងត្បូង ទី២ វិទ្យាស្ថានស្រាវជ្រាវ និងកែច្នៃផលិតផលកសិកម្ម ទី៣- Chinese Academy of Tropical Agricultural Science។
លោកនាយកក្រុមហ៊ុនបានស្នើក្រសួង ជួយពិនិត្យពិចារណាទីតាំងដី សម្រាប់ធ្វើការរៀបចំសាងសង់វិទ្យាស្ថាន ដោយបញ្ជាក់បន្ថែមថា ក្រោយពេលស្ថានភាពជំងឺឆ្លងកូវីដ-១៩បានល្អប្រសើរ ដំណើរការសកម្មភាពវិនិយោគ នឹងចាប់ផ្តើមជាជំហានៗតាមផែនការដែលបានគ្រោងទុក។
លោកវេង សាខុន បានសម្តែងនូវកិច្ចស្វាគមន៍ និងគាំទ្រចំពោះកម្មវត្ថុវិនិយោគលើវិស័យកសិកម្ម របស់ក្រុមហ៊ុននាពេលអនាគតដោយ លោកបានសន្យាថានឹងផ្តល់កិច្ចសហការ ដោយមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ របស់ក្រសួងជាស្ថាប័នអនុវត្តផ្ទាល់ ធ្វើយ៉ាងណាឲ្យគម្រោងវិនិយោគ និងការបង្កើតវិទ្យាស្ថានស្រាវជ្រាវវិស័យកសិកម្មចម្រុះ ដោយឡែកដំណាំត្រូពិច និងការកែច្នៃកសិផលទទួលបានជោគជ័យ។
លោកក៏បានស្នើឲ្យក្រុមហ៊ុន សហការរៀបចំឯកសារពាក់ព័ន្ធ ជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងអគ្គនាយកដ្ឋានកសិកម្ម មុនឈានទៅធ្វើការចុះហត្ថលេខាអនុស្សរណ:នៃការយោគយល់គ្នា៕







