ដោយ: សុផារី
ភ្នំពេញ: ការដំណើរការអាជីវកម្មប្រចាំថ្ងៃ មានបញ្ហាប្រឈមកើតឡើងច្រើនរាប់មិនអស់ ដូចជាមើលការខុសត្រូវបុគ្គលិក ណាគិតគូពីការផ្គត់ផ្គង់អតិថិជន ជាពិសេសបញ្ហាហិរញ្ញវត្ថុមួយចំនួន ដែលម្ចាស់អាជីវកម្មខ្នាតតូចមិនអាចមើលរំលងបាន។
ហេតុនេះ យើងមកមើលបញ្ហាហិរញ្ញវត្ថុមួយចំនួន និងដំណោះស្រាយរបស់វាទាំងអស់គ្នា
១. ការទូទាត់វិក្កយប័ត្រ
ត្រង់នេះ គឺយើងចង់និយាយពីការទូរទាត់វិក្កយប័ត្រ ទៅកាន់អ្នកផ្គត់ផ្គង់នានារបស់អ្នក។ អ្នកខ្លះច្រើនតែមើលរំលងចំណុចនេះ ព្រោះនេះជាចំណុចលុយចេញ ដែលគេមិនសូវអើពើ។ តែសូមកុំភ្លេចឲ្យសោះ បើអ្នកភ្លេចបង់វិក្កយប័ត្រតែ៣ ឬ៤ដង អ្នកអាចនឹងបាត់បង់អ្នកផ្គត់ផ្គង់ល្អ ហើយទំនាក់ទំនងអ្នកក៏នឹងល្អក់កករ។ វិក្កយប័ត្រខ្លះទៀត ដូចជាថ្លៃទឹកភ្លើង ភ្លេចបង់តែម្តង ក៏នាំមកនូវបញ្ហាបន្ថែមឲ្យអ្នកដែរ។
បើអ្នកភ្លេចបង់ឬបង់បំណុលធនាគារមិនទាន់ពេល អ្នកប្រឈមនឹងការពិន័យជាលុយ ហើយនិងខូចក្រេឌីតខ្លួនឯងផងដែរ។ ហេតុនេះ បើសិនជាអាច សូមអ្នករៀបចំវិធីបង់ប្រាក់ឲ្យងាយស្រួលបំផុត តាមដែលអាចធ្វើបាន ដូចជា ការបង់ប្រាក់ តាមប្រព័ន្ធធនា គារចល័តជាដើម។ ការបង់វិក្ក័យប័ត្រតាមធនាគារចល័ត ក៏ធ្វើអោយអ្នក អាចត្រលប់ទៅមើលការចំណាយប្រចាំខែ បានយ៉ាងងាយ ព្រោះវាមានកត់ត្រាទុក រាល់ប្រតិបត្តិការនៅក្នុងនោះស្រាប់។
២. លុយសន្សំសម្រាប់គ្រាអាសន្ន
យើងពិតជាមិនអាចនិយាយពីសារៈសំខាន់ របស់លុយសន្សំសម្រាប់គ្រាអាសន្នអស់ក្នុងអត្ថបទដ៏ខ្លីនេះទេ តែយើងសង្ឃឹមថាអ្នកយល់ថា វាសំខាន់យ៉ាងណាសម្រាប់អាជីវកម្មរបស់អ្នក។ ការរកស៊ី យើងមិនដឹងថា ពេលណាលក់ដាច់ ពេលណាលក់មិនដាច់ឲ្យប្រាកដនោះទេ។ ហេតុនេះអ្នកត្រូវមានលុយសន្សំ សម្រាប់គ្រាអាសន្នសម្រាប់អាជីវកម្មរបស់អ្នក ដែលយ៉ាងតិចក៏អាចយកមកចំណាយដំណើរការអាជីវកម្ម បាន៣ទៅ៦ ខែដែរ។
ហេតុនេះ ពេលចំណេញលើសពីការកំណត់ សូមកុំយកវាមកចាយ តែយកវាទៅ សន្សំសម្រាប់គ្រាអាសន្នឲ្យគ្រប់សិន។
៣. ប្រព័ន្ធបង់ប្រាក់សម្រាប់អតិថិជន
ដូចចំណុចទី១ដែរ អតិថិជនរបស់អ្នកក៏ជាមនុស្ស ក៏មានការងាររវល់ច្រើន ហើយក៏អាចនឹងគិតថា ការបង់ប្រាក់បែបបុរាណ ដែលត្រូវលុយដល់ដៃនេះ វារញ៉េរញ៉ៃ។ អ្នកជាម្ចាស់អាជីវកម្ម ត្រូវចេះបត់បែនតាមអតិថិជន និងតម្រូវការរបស់ពួកគាត់។ បើអ្នកមានអាជីវកម្មខ្នាតតូចល្មម អ្នកអាចដាក់គណនីធនាគារពេញនិយម២ ទៅ៣សម្រាប់ឲ្យអតិថិជនបង់ប្រាក់ពេលមកទិញ ដើម្បីថាទោះភ្ញៀវអត់មាន លុយក្រដាសតែម្តង ក៏អាចទិញបាន។
ឥឡូវនេះអ្នកអាចប្រើប្រាស់ប្រព័ន្ធបាគងមួយទៀត ដើម្បីកាន់តែងាយស្រួល។ បើអាជីវកម្មរបស់អ្នកធ្វើឡើង ជាមួយម្ចាស់អាជីវកម្មផ្សេង ដែលតម្រូវការបង់ប្រាក់ប្រចាំ ខែ អ្នកអាចទាក់ទងជាមួយម្ចាស់អាជីវកម្មនោះ និងធនាគារឲ្យធនាគារកាត់លុយស្វ័យប្រវត្តិរាល់ខែ តែម្តងក៏បាន។
៤. ការរៀបចំលំហូរហិរញ្ញវត្ថុ
អ្នកអាចសិក្សា និងតាមដានវាជាប្រចាំថ្ងៃដោយខ្លួនឯង ឬបើអ្នកមានលទ្ធភាព និងទំហំអាជីវកម្មរបស់អ្នកធំគួរសមដែរ អ្នកអាចជួលគណនេយ្យករម្នាក់បាន។ ដើម្បីចង់ឲ្យអាជីវកម្មជោគជ័យ អ្នកត្រូវមានព័ត៌មានហិរញ្ញវត្ថុរបស់អ្នកក្នុងដៃជានិច្ច៕







