ធនាគារកណ្ដាលរបស់ថៃបន្ធូរបន្ថយវិធានឥណទានគេហដ្ឋានដើម្បីស្ដារវិស័យ អចលនទ្រព្យដែលកំពុងដុនដាប

ដោយៈសុខុម

បាងកក: ធនាគារកណ្តាលថៃ (Bank of Thailand) បានបន្ធូរបន្ថយវិធានស្តីពីឥណទានគេហដ្ឋាន ឬកម្ចីទិញផ្ទះដើម្បីស្ដារ វិស័យអចលនទ្រព្យដ៏សំខាន់ ដែលកំពុងជួបភាពដុនដាបដោយសារវិបត្តិកូវីដ-១៩ ហើយចំណាត់ការនេះ បានធ្វើឱ្យភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហក់ឡើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមមន្រ្តីថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២១ តុលាថា ការកំណត់សមាមាត្រឥណទានធៀបនឹងតម្លៃ (Loan to Value Ratio (LVR)) ត្រូវបានបង្កើនពី៧០-៩០%ដល់១០០ភាគរយ រហូតដល់ដំណាច់ឆ្នាំ២០២២ ដើម្បីជំរុញសកម្មភាពក្នុងវិស័យអចលនទ្រព្យ ដែលទំនងជាត្រូវការពេលច្រើនឆ្នាំ ទម្រាំងើបមកដូចដើមវិញ។ វិធានដែលត្រូវបានកែសម្រួលថ្មីនេះ មានប្រសិទ្ធភាពអនុវត្តចាប់ពីថ្ងៃពុធ ទី២០ តុលា តទៅ។

តើអ្វីទៅជាសមាមាត្រឥណទានធៀបនឹងតម្លៃ ឬ LVR?
សមាមាត្រឥណទានធៀបនឹងតម្លៃ + សមាមាត្រប្រាក់កក់ = ១០០% នៃតម្លៃទ្រព្យ​។ ឧទាហរណ៍តម្លៃផ្ទះមួយគឺ២០០.០០០ដុល្លារ ដោយក្នុងនោះអ្នកខ្ចីចំណាយ៦០.០០០ដុល្លារពីហោប៉ៅ ហើយធនាគារផ្តល់ប្រាក់កម្ចី១៤០.០០០ដុល្លារ។ ដូចនេះ សមាមាត្រឥណទានធៀបនឹងតម្លៃ = ១៤០.០០០ /២០០.០០០ = ៧០% ហើយប្រាក់កក់គឺ៣០%។

លោកស្រី Roong Mallikamas ជំនួយការទេសាភិបាល នៃធនាគារកណ្ដាលរបស់ថៃ បានថ្លែងក្នុងសន្និសីទសារព័ត៌មានថា “ស្ថានភាពមិនប្រាកដប្រជា នៅតែមានខ្ពស់ ហើយវិស័យមួយចំនួននៅតែផុយស្រួយ ដូច្នេះហើយបានជាវិធានការនានា ត្រូវបានដាក់ចេញដើម្បីជំរុញសេដ្ឋកិច្ច និងបង្កើនការងារ”។លោកស្រីបន្ថែមថា “វិធានការទាំងនេះគឺសម្រាប់កិច្ចសន្យា ឥណទានគេហដ្ឋានទាំងអស់ រួមទាំងការបុនហិរញ្ញប្បទាន (Refinancing) ផងដែរ”។

តើអ្វីទៅជាបុនហិរញ្ញប្បទាន ឬ Refinancing?
បុរេហិរញ្ញប្បទាន គឺជាការផ្ទេរបំណុល ពីធនាគារចាស់ទៅកាន់ធនាគារថ្មី ដែលជាធម្មតាមានអត្រាការប្រាក់ទាបជាង និងលក្ខខណ្ឌឥណទានល្អជាង។

ដំណឹងនេះ បានធ្វើឲ្យភាគហ៊ុនរបស់បណ្ដាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យបានហក់ឡើងខ្ពស់។ តួយ៉ាង ភាគហ៊ុនរបស់ក្រុមហ៊ុន Origin Property បានហក់ឡើង៦,៥% ហើយភាគហ៊ុនរបស់ក្រុមហ៊ុន Noble Development បានហក់ឡើង៣%។

លោក Don Nakornthab ប្រធាននាយកដ្ឋានស្ថិរភាពហិរញ្ញវត្ថុនៃធនាគារកណ្ដា​លរបស់ថៃបានបញ្ជាក់ថា វិស័យអចលនទ្រព្យគ្របដណ្ដប់ប្រហែល១០% នៃផលិតផលក្នុងស្រុកសរុប (GDP) ហើយផ្ដល់ការងារដល់មនុស្សចំនួន២,៨លាននាក់។

ធនាគារកណ្ដាលរបស់ថៃ បានព្យាករថា សេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងទទួលបានកំណើន GDP ០,៧%នៅឆ្នាំនេះ និង៣,៩%នៅឆ្នាំ២០២២ បន្ទាប់ពីធ្លាក់ចុះ៦,១%កាលពីឆ្នាំមុន។

លោក Don Nakornthab បានលើកឡើងថា តាមការព្យាករបង្ហាញថា ប្រទេសថៃ ដែលជាសេដ្ឋកិច្ចធំបំផុតទី២ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ នឹងវិលត្រលបមករកកម្រិតមុនពេ​លផ្ទុះវិបត្តិកូវីដ-១៩ វិញនៅដើមឆ្នាំ២០២៣ ប៉ុន្តែវិស័យអចលនទ្រព្យ នឹងត្រូវការពេលយូរជាងនេះច្រើនទម្រាំវិលមកដូចដើមវិញ៕ Bangkok Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here