ដោយៈលក្ខិណា
ភ្នំពេញៈ ប្រជាផលិតករអំបិលនៅក្នុងខេត្តកំពត ចាប់ផ្ដើមកែប្រែដីស្រែអំបិលរបស់ខ្លួនមួយអន្លើ ទៅជាអាជីវកម្មទេសចរណ៍ ដូចជាហាងកាហ្វេ ភោជនីយដ្ឋាន អាហារដ្ឋានដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅក្នុងទឹកដីកំពត ដែលធ្វើឱ្យដីស្រែសម្រាប់ផលិតអំបិលត្រូវបានបាត់បង់។
តែតំណាងសហគមន៍ផលិតអំបិល ក្នុងខេត្តនេះបញ្ជាក់ថា ទោះបីជាមានការកែប្រែដីស្រែអំបិល ទៅជាអាជីវកម្មទេសចរណ៍ក្ដី ក៏មិនប៉ះពាល់ដល់ការផលិតអំបិលក្នុងខេត្តមួយនេះដែរ។
លោកប៊ុន បារាំង តំណាងសហគមន៍ផលិតអំបិល នៅក្នុងខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២០ តុលានេះថា ទោះបីជាមានការកែប្រែដីស្រែអំបិលទៅជាអាជីវកម្មផ្សេងៗ តែវាមិនធ្វើឱ្យប៉ះពាល់ដល់ការផលិតអំបិលនោះទេ ពីព្រោះកសិករដែលផលិតអំបិលនៅតែបន្តផលិត ជាក់ស្ដែងក្រុមគ្រួសារលោកជាដើម ក៏នៅតែបន្តផលិតជាមួយនឹងកសិករផ្សេងៗជាច្រើនទៀត។
លោកបន្តថា “ទិន្នផលអំបិលនៅក្នុងខេត្តកំពត មានឡើងមានចុះ ដោយអាស្រ័យទៅលើអាកាសធាតុ និងមិនពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម នៅក្នុងស្រែអំបិលឡើយ”។លោកបន្តថា “នៅពេលអាកាសធាតុក្ដៅខ្លាំង ហើយរដូវប្រាំងអូសបន្លាយយូរ ទិន្នផលអំបិលក៏បានច្រើន តែបើសិនជានៅក្នុងរដូវផលិតអំបិលមានភ្លៀងកក់ខែញឹកញាប់ពេក វានឹងធ្វើឱ្យទិន្នផលធ្លាក់ចុះទៅតាមហ្នឹង”។
លោបន្ថែមថា សម្រាប់ការយកដីស្រែអំបិល ទៅធ្វើអាជីវកម្មផ្សេងលោកមើលឃើញថា ម្ចាស់ទីតាំងគឺយកតែឃ្លាំងអំបិលទុកចោល កែច្នៃជាហាងកាហ្វេឬភោជនីយ ដ្ឋានប៉ុណ្ណោះ តែសម្រាប់ការចាក់ដីលុបស្រែអំបិលតែម្ដង ដូចជា មិនទាន់មាននៅឡើយទេ ។
លោកសុខ គែន ភ្នាក់ងារអចលនទ្រព្យមួយរូបនៅក្នុងខេត្តកំពត ក៏បានឱ្យដឹងផងដែរថា ស្រែអំបិលជាប្រភេទដី មិនអាចកែប្រែទៅជាអជីវកម្មអ្វីបានទេ ដូច្នេះការទិញលក់ស្រែអំបិលគឺដូរតែម្ចាស់ប៉ុណ្ណោះ តែដីស្រែនោះនៅតែបន្តផលិតអំបិល ប៉ុន្តែច្បាប់ថ្មីក៏បានអនុគ្រោះ ឱ្យម្ចាស់ដីស្រែអាចកែប្រែ២០ភាគរយ ទៅអាជីវកម្មផ្សេងដូចជាចាក់លុបដើម្បីសាងសង់ផ្ទះ ឬក៏ធ្វើអ្វីក្នុងបរិមាណ២០ភាគរយនៃដីដែលមាន។
បើតាមលោកសុខ គែនក៏ចង់ឱ្យពលរដ្ឋបន្តផលិតអំបិល និងរក្សាដីស្រែអំបិលដែលមាននេះ សម្រាប់ផលិតអំបិល ពីព្រោះថាស្រែអំបិលក៏ជាកន្លែង ទេសចរណ៍ដ៏សំខាន់មួយសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដោយសារតែនៅក្នុងប្រទេសកម្ពុជា មិនមានទីតាំងផលិតអំបិលច្រើននោះទេ ដូច្នេះពេលគេមកកំពតគេនឹងនឹកឃើញ ដល់ស្រែអំបិល និងមកទស្សនានៅកំពតកាន់តែច្រើនផងដែរ៕







