សហគ្រិនវ័យក្មេងកម្ពុជាជំរុញការវិនិយោគលើកសិកម្មនិងកសិ-ពាណិជ្ជកម្ម

ដោយៈលក្ខិណា

ភ្នំពេញៈ នៅក្នុងពេលវិស័យកសិកម្មបាន និងកំពុងដើរតួនាទីសំខាន់ នៅក្នុងសេដ្ឋកិច្ចកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា បានជំរុញឱ្យសមាជិករបស់ខ្លួនវិនិយោគទៅលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មដើម្បីឱ្យវិស័យនេះ កាន់តែរួមចំណែកសំខាន់នៅក្នុងដំណើរការសេដ្ឋកិច្ចកម្ពុជា។

ថ្លែងនៅក្នុងកិច្ចពិភាក្សាពិសេសស្ដីពី មគ្គុទេសក៍ស្ដារអាជីវកម្មក្នុងបរិបទកូវីដ១៩កាលពីចុងខែមុននេះលោកស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានឱ្យដឹងថា ប្រទេសកម្ពុជា បានខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីស្ដារអាជីវកម្មឡើងវិញពីវិបត្តិកូវីដ១៩ ហើយស្ថាប័នពាក់ព័ន្ធទាំងអស់ ក៏បានខិតំប្រឹងប្រែង ដើម្បីធ្វើយ៉ាងណាឱ្យអាជីវកម្ម ដែលរងផលប៉ះពាល់មានភាពប្រសើរឡើងវិញ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា “សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំង ទៅលើវិស័យទេសចរណ៍ សំណង់ កាត់ដេរសម្លៀកបំពាក់ និងវិស័យកសិកម្ម ។ នៅក្នុងបរិការណ៍ដែលជំងឺកូវីដ១៩មិនទាន់ថមថយឬផុតរលត់ទៅ គឺមានតែវិស័យកសិកម្មមួយគត់ ដែលជាវិស័យដែលមានភាពធន់រឹងមាំ”។ លោកបន្តថា “វាជាវិស័យមួយ ដែលធានាបាននូវសន្តិសុខស្បៀងអាហារសម្រាប់ជាតិ និងជាវិស័យមួយដែលធ្វើឱ្យប្រទេសជាតិយើង មានសេដ្ឋកិច្ចរឹងនិងកៀរគរចំនូលចូលមកក្នុងស្រុកផងដែរ បើសិនជាយើងអាចប្រើប្រាស់ឱ្យអស់ពីសក្ដានុពល”។

លោកស៊ាង សុបញ្ញាបានបន្ថែមថា សមាជិកនៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានរួមគ្នា ក្នុងការស្វែងរកគន្លឹះដើម្បីឱ្យវិស័យកសិកម្ម កសិ-ពាណិជ្ជកម្មមានភាពរឹង ហើយលោកជឿថា គ្រប់តួអង្គទាំងអស់សុទ្ធតែមានឆន្ទៈក្នុងការជួយគ្នា ដើម្បីឱ្យរឹងមាំ ហើយវិស័យនេះរឹងមាំ វានឹងជួយដោយផ្ទាល់ទៅដល់ប្រជាជនក្រីក្រ និងកសិករ។

ជាមួយគ្នានេះ កញ្ញាថូង ធីតា ស្ថាបនិកនៃសហគ្រាស Thaung Enterprise ដែលជាសហគ្រាសផលិត និងវេចខ្ចប់អំបិលធម្មជាតិខេត្តកំពតបានឱ្យដឹងថា បើនិយាយពីផលប៉ះពាល់ពីវិបត្តិកូវីដ១៩ គឺវាមិនខុសគ្នាប៉ុន្មានទេ ប៉ុន្តែបើប្រៀបធៀបនឹងទៅវិស័យដទៃទៀតក៏ឃើញថាវិស័យកសិកម្ម ឬកសិ-ពាណិជ្ជកម្មនៅមានភាពរឹងមាំមែន ដោយសារតែក្នុងវិបត្តិ ឬមិនមានវិបត្តិ មនុស្សទាំងអស់ត្រូវការញ៉ាំត្រូវការបរិភោគប្រចាំថ្ងៃ ដូច្នេះការដាំដុះការផលិតចំណីអាហារ នៅតែមាននិងនៅតែបង្កបង្កើនផល ។

កញ្ញាបន្តថា “ក្រៅពីអំបិលដែលមានតម្រូវការប្រចាំថ្ងៃហើយ ក៏មានផលិតផលកសិកម្មជាច្រើនទៀត នៅតែមានតម្រូវការនៅក្នុងប្រទេសកម្ពុជា និងនៅលើសកលលោក។ ដូច្នេះការអភិវឌ្ឍកសិកម្ម កសិ-ពាណិជ្ជកម្មគឺមានសារសំខាន់ណាស់ ក្នុងការពង្រឹងខឿនសេដ្ឋកិច្ចកម្ពុជា”។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទដែលបាន​ចេញផ្សាយនៅថ្ងៃទី១ តុលា ២០២១នេះ ឱ្យដឹងថា កម្ពុជាបាននាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិរយៈពេល៦ខែ សម្រេចបានទំហំទឹកប្រាក់ត្រលប់មកវិញប្រមាណ៣,៥ពាន់លានដុល្លារអាមេរិក ដែលជាកំណើនខ្ពស់ធៀបនឹងឆ្នាំ២០២០កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here