ការត្រៀមបើកទទួលទេសចរណ៍អន្តរជាតិឡើងវិញ ជាសញ្ញាល្អសំរាប់វិស័យអាកាសចរណ៍ ប៉ុន្តែវាត្រូវការពេលវេលា

ដោយៈគង់ សូរិយា

ភ្នំពេញៈ ការបើកចំហទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញ បាននិងកំពុងធ្វើ ឲ្យអ្នកធ្វើអាជីវកម្មក្នុងផ្នែកបដិសណ្ឋារកិច្ច សប្បាយចិត្ត និងលេចចេញនូវស្នាមញញឹមជាថ្មី។

ប៉ុន្តែយ៉ាងណាក៏ដោយក្នុងវិស័យអាកាសចរណ៍ នៅមិនទាន់មានសញ្ញាវិជ្ជមាននៅឡើយទេ រហូតមកទល់ពេលនេះ ដោយអ្វីៗត្រូវរង់ចាំពេលវេលារៀបចំបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៧ កញ្ញាកន្លងមកថា រហូតមកទល់ពេលនេះ មិនទាន់មានក្រុមហ៊ុនអាកាសចរណ៍ណា ទាក់ទងមកយើងនៅឡើយទេ ព្រោះយើងស្ថិតក្នុងដំណើរការពិភាក្សាផ្ទៃក្នុងនៅឡើយ។

លោកបន្តថា “អ្វីៗស្ថិតនៅលើការវិភាគហានិភ័យ ហើយបើកម្ពុជាមានហានិភ័យទាប គេនៅតែមក(ក្រុមហ៊ុនអាកាសចរណ៍) ប៉ុន្តែរហូតមកទល់ពេលនេះ ស្ថានភាពគឺនៅដដែល មិនទាន់មានភាពល្អប្រសើរនៅឡើយទេសំរាប់អាកាសចរណ៍”។

លោកបន្តថា “ដល់តែយើងបើកទទូលភ្ញៀវអន្តរជាតិសិន និងត្រូវការមួយរយៈពេលធំទៀត ចាំគេដឹង គេលឺសិន ទើបគេមក”។

លោកស៊ិន ចាន់សិរីវុត្ថាបានបន្តថា ទោះជាយ៉ាងណា ការបើកទទួលភ្ញៀវអន្តរជាតិនាពេលខាងមុខ វាជាសញ្ញាវិជ្ជមានសម្រាប់ឧស្សាហកម្មអាកាសចរណ៍នេះ ប៉ុន្តែមិនមែនមានន័យថា យើងប្រកាសបើកភ្លាមគេមកភ្លាមនោះទេ ហើយកម្ពុជាក៏មិនទាន់បើកទទួលភ្ញៀវអន្តរជាតិនៅឡើយដែរ។

លោកបន្តថា ពេលបើកទទួលភ្ញៀវហើយ យើងត្រូវមាននិតិវិធីជាច្រើនទៀត ដែលត្រូវអនុវត្តន៍ ព្រោះយើងមិនកំណត់ទីតាំងតំបន់ណា ជាតំបន់មានសុវត្ថិភាពសម្រាប់ភ្ញៀវ ទេសចរ​ណ៍នៅឡើយទេ។ លោកបន្តថា អ្វីជាពិសេសតំណាងរដ្ឋាភិបាល ត្រូវធ្វើការជា​មួយប្រទេសដៃគូ ដែលត្រូវមានអាកាសចរណ៍ហោះមក ហើយយើងត្រូវទៅផ្សព្វផ្សាយ ទៅជំរាបគេពីការងារនេះថា តើគេចង់បានម៉េច យើងចង់បានម៉េច ពោលគឺត្រូវមាននិតិវិធីជាច្រើនទៀត។

ជាមួយគ្នានេះ លោកហូ វណ្ឌីទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានមា​នប្រសាសន៍ស្រដៀងគ្នាថា វិស័យអាកាសចរណ៍ មិនទាន់មានពន្លឺអ្វីនៅឡើយទេ ដរាបណាឯកសារផ្លូវការយើងមិនទាន់បានចេញ។ លោកបន្តថា ប្រសិនជាមានពេលវេលាជាក់លាក់ គេនឹងរៀបចំគំរោងហោះហើរម្តងម្កាល ទាំងអាកាសចរណ៍ជាតិ អន្តរជាតិ សម្រាប់ភ្ញៀវទេសចរណ៍ ដែលបានកក់។

លោកបន្តថា “ក្រុមហ៊ុនអាកាសចរណ៍នានា ត្រូវធ្វើកិច្ចការជាច្រើនទាំងការផ្សព្វផ្សា​យ ទាំងការធ្វើការជាមួយស្ថាប័នពាក់ព័ន្ឋ ជាមួយក្រុមហ៊ុនទេសចរណ៍ ក៏ដូចជាការីទេសចរណ៍ ដើម្បីប្រមូលភ្ញៀវទាំងចេញ ទាំងចូលមកកម្ពុជា”។លោកបន្តថា “ពួកគាត់ត្រូវ​ការពេលវេលាច្រើនដើម្បីរៀបចំខ្លួន ព្រោះការចាប់ផ្តើមឡើងវិញនេះ ត្រូវតែមានផែនការជាក់លាក់”។

លោកហូ វណ្ឌីបានបន្តថា យើងអាចយកប្រទេសថៃ ជាគោលដៅទាក់ទាញជាងគេ ដែលប្រទេសនេះបានបើកចំហ សម្រាប់តំបន់ប៉ាតាយ៉ា ក្រុងបាងកកជាដើម ពួកគេបានបានធ្វើការកាត់បន្ថយចំនួនថ្ងៃ ធ្ចើចត្តាឡីស័កពាក់កណ្តាល អ្នកខ្លះត្រូវបានលើកលែងវីសារហូតដល់៩០ថ្ងៃ ខ្លះដល់១៨០ថ្ងៃជាដើម។

លោកបន្តថា ប្រទេសថៃបានកំណត់រយៈពេល៧ថ្ងៃ សំរាប់ធ្ចើចត្តាឡីស័ក ហើយបន្ទាប់មកពួកគេអាចដើរទៅទីណាក៏បាន គឺឃើញថាមានសញ្ញាល្អ ទោះបីមានការឆ្លងជំងឺកូវីដក្តី ប៉ុន្តែមានចំនួនទាប និងបានជំរុញឲ្យអ្នកមានអាជីវកម្មនៅតំបន់នោះ អាចចាប់ផ្តើមឡើងវិញ ដោយពួកគេរក្សាគម្លាតល្អ ប៉ុន្តែទោះជាយ៉ាងណា ការបើកចំហនៅប្រទេសថៃបានកំណត់ចំនួនភ្ញៀវទេសចរណ៍ ក្នុងកម្រិតមួយសមស្របផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here