រដ្ឋាភិបាលបាននិងកំពុងគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិលើផ្ទៃដី៧,៣លានហិកតា

ដោយៈសិរី ជេស៊ីកា

ភ្នំពេញៈ រដ្ឋភិបាលតាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងគ្រប់គ្រងតំបន់ការពារធម្មជាតិ ដែលមានផ្ទៃដីទំហំ៧,៣ លានហិកតា ស្មើ៤១% នៃផ្ទៃដីប្រទេស ដែលក្នុងនោះតំបន់ការពារធម្មជាតិមួយចំនួន បានអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ចូលរួមក្នុងការអភិរក្សធនធានធម្មជាតិ និងបង្កើតសេដ្ឋកិច្ចមូលដ្ឋាន សម្រាប់ប្រជាសហគមន៍ដែលរស់នៅក្នុង និងក្បែរតំបន់ទាំងនោះ។

បច្ចុប្បន្ននេះ រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយចំនួន បាននិងកំពុងតែគ្រប់​គ្រងដោយសហគមន៍តំបន់ការពារធម្មជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សហគមន៍មូលដ្ឋាន បានទទួលប្រយោជន៍ពីការកម្សាន្តតាមតំបន់ធម្មជាតិ តាមរយៈចំណូលចាក់ចូលក្នុងសេដ្ឋកិច្ចនេះ បានមកពីសេវាកម្មលក់សំបុត្រ ជួលទូកជិះកម្សាន្ត សេវាកម្មជូនភ្ញៀវ ដឹកជញ្ជូន ការស្នាក់នៅ ការទិញវត្ថុអនុស្សារីយ៍។ នេះ មិនគិតពីការចំណាយរបស់លើអាហារ និងសម្ភារៈផ្សេងទៀតដែលភ្ញៀវទេសចរបានចំណាយ ដូចជាការទិញសម្លៀកបំពាក់ ស្បែកជើង និងសម្ភារប្រើប្រាស់ផ្សេងទៀត សម្រាប់ដំណើរកម្សា​ន្ត និងការស្នាក់នៅក្នុងព្រៃ។

លោកសាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ប្រជាពលរដ្ឋមានជម្រើសថ្មី នៅពេលប្រទេសមានការរីកចម្រើន គឺពីការចូលព្រៃដើម្បីតស៊ូ ប៉ុន្តែនៅសម័យតេជោ សន្តិភាព ចូលព្រៃ គឺជាដំណើរកម្សាន្តបែបធម្មជាតិ ស្វែងយល់ពីធម្មជាតិ និងដោយចិត្តស្រឡាញ់ធម្មជាតិ។ ជាក់ស្តែង ប្រជាពលរដ្ឋនៅតាមតំបន់ទេសចរណ៍ធម្មជាតិនានា ដូចជាខ្នងផ្សារនៅក្នុងខេត្តកំពង់ស្ពឺ តំបន់បេតិកភ័ណធម្មជាតិភ្នំត្បែង ក្នុងខេត្តព្រះវិហារជាដើម ពួកគាត់អាចរកបានប្រាក់យ៉ាងហោច ១០ម៉ឺនរៀល ក្នុងមួយថ្ងៃ ឬច្រើនជាងនេះ ពីការផ្តល់សេវាជូនភ្ញៀវ ជួយយួរអីវ៉ាន់ឡើងលើកំពូលភ្នំ។ នេះគឺជាផ្នែកមួយនៃការទទួលចំណូលរបស់ប្រជាពលរដ្ឋពីទេសចរណ៍ធម្មជាតិ។

លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការចូលរួមទទួ​លខុសត្រូវ ការពារអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស និងកសាងជារបងការពារតំបន់ការពារធម្មជាតិតាមរយៈការបង្កើតមុខ របរថ្មី ផ្តល់ជម្រើសថ្មី និងបង្កើនចំណូលប្រចាំថ្ងៃ បង្កើនជីវភាពរបស់ប្រជាពលរដ្ឋ។

ម្យ៉ាងទៀតទេសចរណ៍ធម្មជាតិ ក៏ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយ អប់រំ និងបង្កើនស្មារតីប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមគ្រប់គ្រងធនធានធម្មជាតិនិងអភិរក្សជីវៈចម្រុះ។ រហូតមកដល់ខែមីនា ឆ្នាំ២០២១នេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៥ កន្លែង ដែលនៅជុំវិញ និងក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា ត្រូវបានបង្កើតឡើង និងទទួលស្គាល់ដោយក្រសួងបរិស្ថាន។

ក្រសួងបរិស្ថាន បានកំពុងខិតខំបន្ថែមទៀតលើកទឹកចិត្ត ឲ្យសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានជម្រើសថ្មីក្ឬៅពីពឹងពាក់លើព្រៃឈើ ដើម្បីបង្កើនចំណូលក្នុងគ្រួសារ តាមរយៈការផ្តល់ការអប់រំ កូនចៅរបស់ប្រជាពលរដ្ឋឲ្យសិក្សាបានខ្ពស់ ការផ្តល់ពូជសត្វចិញ្ចឹម ដូចជាជ្រូក គោ ក្របី ពពែ ចៀម ជាដើម និងបច្ចេកទេសលើការដាំដុះដំណាំបន្លែបង្កាផ្សេងៗនៅតាមសហគមន៍។

នៅថ្ងៃឈប់សម្រាកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល ៣ថ្ងៃ ប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្តតាមទីកន្លែងនានា ទោះបីជាផ្អាករៀបចំពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅតាមវត្តអារាមក៏ដោយ តែប្រជាពលរដ្ឋនឹងអាចស្វែងយល់ពីតម្លៃធម្មជាតិ នៅក្នុងប្រទេសកម្ពុជា តាមរយៈការទៅកម្សាន្តតាមតំបន់រមណីយដ្ឋានធម្មជាតិ ក៏ដូចជានៅតាមតំបន់ការពារធម្មជាតិនាននៅកម្ពុជា ដែលកំពុងបានការពារនឹងអភិរក្សបានយ៉ាងល្អ ពីរាជរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here