ប្រធាន CATA ប្រាប់ប្រតិបត្តិករទេសចរណ៍ត្រៀមនិងហៅអ្នកជំនាញទេសចរណ៍ វិលចូលកន្លែងវិញ

        ដោយៈលក្ខិណា

ភ្នំពេញៈ ប្រធានសមាគមទីភ្នាក់ទេសចរណ៍កម្ពុជា ( CATA ) លោកស្រីឆាយ ស៊ីវលីន បានមានប្រសាសន៍ឱ្យដឹងថា ប្រតិបត្តិករទេសចរណ៍កម្ពុជា គួរដល់ពេលហៅអ្នកជំនាញទសចរណ៍ ដែលបានបាត់បង់ការងារ ដោយសារតែវិបត្តិកូវីដ១៩ តាំងពីដើមឆ្នាំ២០២១ ចូលមកកាន់កន្លែងការងារដើម ខណៈរដ្ឋាភិបាលក៏បានត្រៀមក្នុងការបើកដំណើរការទេសចរណ៍អន្តរជាតិឡើងវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបានមានប្រសាសន៍ ក្នុងសន្និសីទសារព៌តមានកាលពីពេលថ្មីៗនេះថា រយៈពេលជិត២ឆ្នាំមកហើយ ដែលវិស័យទេសចរណ៍កម្ពុជា បានរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាតកូវីដ១៩ និងធ្វើឱ្យមូលដ្ឋានអាជីវកម្មទេសចរណ៍ ចំនួនជាង៣០០០ទីតាំងត្រូវបានបិទ និងផ្អាកដំណើរការ ក្នុងនោះមានសណ្ឋាគារ ផ្ទះភ្ញៀវ ភោជនីយដ្ឋាន ស្ប៉ា ម៉ាហ្សា ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាដិន ហើយក្នុងនោះ អ្នកបម្រើការងារជិត៦ម៉ឺននាក់ស្មើនឹងជាង៤០ភាគរយ ត្រូវបញ្ឈប់ពីការងារ ។

លោកជំទាវបន្តទៀតថា តាមរយៈស្មារតីបុរេសកម្ម និងប្រាកដនិយមរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀនរស់ជាមួយនឹងជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ការដាក់ចេញនូវផែនទីចង្អុលផ្លូវស្ដីពី ផែនការស្ដារនិងលើក ស្ទួយវិស័យទេសចរណ៍នៅកម្ពុជា ក្នុងនិងក្រោយកូវីដ១៩ និងការត្រៀមបើកទទួលភ្ញៀវទេសចរអន្តរជាតិ ដែលមានសុវត្ថិភាព មានន័យថាជាភ្ញៀវ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូសរួចហើយ ក្នុងនាមវិស័យឯកជនសូមសម្ដែងនូវការគោរព និងអរគុណដល់រដ្ឋាភិបាល ក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវ ដើម្បីស្ដារវិស័យទេសចរណ៍ឡើងវិញ ឱ្យទាន់ពេលវេលា។ ដំំណឹងដ៏រំភើបនេះ បានដាស់ស្មារតី អ្នកទទួលទានវិស័យទេសចរណ៍ឱ្យងើបពីសន្លប់ធំ មកត្រៀមរៀបចំខ្លួន ដើម្បីចូលរួមក្នុងយុទ្ធនាការជាមួយរដ្ឋាភិបាលកម្ពុជា។

លោកជំទាវឆាយ ស៊ីវលីនបានបន្ថែមថា ការបើកឡើងវិញនេះលោកជំទាវក៏បានបង្ហាញជូននូវចំណុចពិសេសមួយចំនួន ដូចជាទី១ ការពន្លឿនចាក់វ៉ាក់សាំងសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ដោយឥតគិតថ្លៃគឺជាជោគជ័យមួយ ដែលគួរតែផ្សព្វផ្សាយឱ្យសកលលោកដឹង ទី២ ជាឱកាសពិសេសដែលកម្ពុជាគួររំកិលខ្លួនទៅមុខ ខណៈកម្ពុជារក្សាបានលេខរៀងជួរមុខ ក្នុងការផ្ដល់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ទី៣ ជាឱកាសពិសេសមួយដែលកម្ពុជាធ្វើទីផ្សារផ្សព្វផ្សាយឥតគិតថ្លៃ ។

ទី៤ កម្ពុជាអាចធ្វើខ្លួនឱ្យក្លាយទៅជាគោលដៅទេសចរណ៍មួយ ដែលមិនជាគោលដៅទេសចរណ៍បន្ទាប់បន្សំ ឬគោលដៅទេសចរណ៍បន្ថែម ទី៥ ឧស្សាហកម្មទេសចរណ៍ត្រូវការភាពច្បាស់លាស់និង ពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើផែនការកក់ ហើយអ្នកបម្រើសេវាក៏ត្រូវការពេលវេលា ក្នុងការប្រមូលអ្នកជំនាញត្រលប់មកវិញ បន្ទាប់ពិបានចាកឆ្ងាយអំពីអាជីពវិជ្ជាជីវៈរបស់ខ្លួន និងត្រូវជួសជុលទីតាំង ដែលមិនបានប្រើប្រាស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ ។

លោកជំទាវបញ្ជាក់ថា ត្រីមាសទី៤ជាពេលវេលាវិស្សមកាល ដែលបណ្ដាប្រទេសអឺរ៉ុបគេចចេញពីរដូវរងារ ដូច្នេះយើងត្រូវប្រញ៉ាប់ដាក់កម្ពុជា ជាប្រទសគោលដៅទេសច​រណ៍មួយនៅអាស៊ាន ដែលអ្នកទេសចរទាំងនោះកំពុងរកប្រទេស ដែលមានលក្ខខណ្ឌស្រាលៗដែលអាចធ្វើទេសចរណ៍បាន។ មួយវិញទៀត ត្រូវគោរពតាមគន្លងប្រក្រតីភាពថ្មីសម្រាប់ប្រតិបត្តិករ ទេសចរកំពុងរៀបចំឡើង ដោយក្រសួងទេសចរណ៍ ដើម្បីដាក់ឱ្យប្រើប្រាស់នៅក្នុងប្រតិបត្តិការទទួលភ្ញៀវទេសចរ ដើម្បីបញ្ជៀសហានិភ័យដែលកើតឡើង។

អាកាសយាន្តដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក៏ដូចជា ក្រុមហ៊ុនអាកាសចរណ៍នៅក្នុងប្រទេសកម្ពុជាក៏បានបញ្ជាក់ថា ខ្លួនក៏បានត្រៀមរួចចំជាស្រេច ក្នុងការដាក់ដំណើរការទេសចរណ៍អន្តរជាតិ ហើយទាំងព្រលានយន្តហោះ និងក្រុមហ៊ុនទេសចរណ៍បានរៀបចំនូវប្រព័ន្ធសុវត្ថិភាពថ្មី ដើម្បីការពារអ្នកដំណើរពីការឆ្លងកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here